លោក ស្រេង ហុង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាឃុំថ្មដូនពៅ អាណត្តិទី៥

ថ្ងៃពុធ ទី ៦ កក្កដា ២០២២​
6

កោះកុង÷ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាឃុំថ្មដូនពៅ អាណត្តិទី៥។ ក្នុងនោះ លោកបានថ្លែងនូវការកោតសរសើរ និងចូលរួមអបអរសាទរចំពោះលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ដែលបានទទួលនូវការស្រឡាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតនាពេលកន្លងមកនេះ ដើម្បីបន្តដឹកនាំរដ្ឋបាលឃុំឲ្យបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្ថែមទៀត។

ជាមួយគ្នានោះ នៅក្នុងអាណត្តិការងារ០៥ឆ្នាំនេះ លោកអភិបាលរងខេត្តសូមឲ្យលោក លោកស្រីជាសមាជិកក្រុមប្រឹក្សា ត្រូវខិតខំបំពេញតួនាទី ភារកិច្ចក្នុងការគ្រប់គ្រងចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។

ការបោះឆ្នោតដើម្បីបង្កើតឡើងនូវក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់មានអត្ថន័យយ៉ាងជ្រាលជ្រៅមកលើប្រព័ន្ធនយោបាយ និងរដ្ឋបាលនៅកម្ពុជា គឺ (១)ការពង្រឹង ពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឱ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន (២)ការនាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅកម្ពុជាតាមបែបផែននៃវិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការផ្ទេរមុខងារ អំណាច ធនធាន សិទ្ធិស្វ័យសម្រេចពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ និង(៣)ការលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋ។
ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានជាប់ឆ្នោតនៅក្នុងអាណត្តិទី៥នេះ ត្រូវបន្តនិរន្តរភាព នៃការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍នៅមូលដ្ឋានក្នុងអាណត្តិ៥ឆ្នាំបន្តទៀត។

លោកបានបន្តថា ក្រុមប្រឹក្សាអាណត្តិថ្មីក៏ពិតមែន ប៉ុន្តែមិនមែនបានសេចក្តីថាការងារគ្រប់គ្រង និងការងារអភិវឌ្ឍន៍មូលដ្ឋានដែលក្រុមប្រឹក្សា បានអនុវត្តកន្លងមកត្រូវបានបញ្ចប់នោះទេ ពោលគឺក្រុមប្រឹក្សាអាណត្តិថ្មី ត្រូវបន្តគ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋានពីក្រុមប្រឹក្សា អាណត្តិចាស់ សំដៅធានាឱ្យមាននិរន្តរភាពក្នុងកិច្ចការរដ្ឋបាល និងការផ្តល់សេវា ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋានជាបន្តទៀត។ ដើម្បីជាមូលដ្ឋានក្នុងការចាប់ផ្តើមអនុវត្តការងាររបស់ក្រុមប្រឹក្សាសង្កាត់នាអាណត្តិទី៥នេះ លោកសូមគូសបញ្ជាក់នូវចំណុចជាគន្លឹះមួយចំនួនដែលក្រុមប្រឹក្សាអាណត្តិថ្មីត្រូវ យកចិត្តទុកដាក់ដូចខាងក្រោម៖
ទី១.ទោះបីក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបានបោះឆ្នោតជ្រើសរើសឡើងដោយការបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋក្នុងសង្កាត់របស់ខ្លួនក៏ដោយ ក៏ក្រុមប្រឹក្សាសង្កាត់ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាដែលមានជាធរមាន។
ទី២.បន្ទាប់ពីថ្ងៃកិច្ចប្រជុំប្រកាសសុពលភាពនេះតទៅ កិច្ចការអាទិភាពទី១របស់ក្រុមប្រឹក្សា សង្កាត់អាណត្តិ គឺត្រូវពិនិត្យរៀបចំ និងអនុម័តដីកាស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនដែលជាវិធាន កំណត់អំពីកិច្ចប្រជុំ និងរបៀបរបបធ្វើការងាររបស់ក្រុមប្រឹក្សាសង្កាត់ និងគណៈកម្មាធិការនានា។
ទី៣.កិច្ចការបន្តគឺក្រុមប្រឹក្សាសង្កាត់អាណត្តិថ្មី ត្រូវជួបប្រជុំគ្នាដើម្បីពិនិត្យមើលគម្រោងអភិវឌ្ឍន៍ និងគម្រោងសេវាកម្មនានាដែលនៅសេសសល់ពីអាណត្តិមុន។
ទី៤.ក្រុមប្រឹក្សាអាណត្តិទី៥ ត្រូវបន្តអនុវត្តថវិកា និងគម្រោងអភិវឌ្ឍន៍នានារបស់ ក្រុមប្រឹក្សាសង្កាត់អាណត្តិមុន។ ដូច្នេះក្រុមប្រឹក្សាថ្មីត្រូវរៀបចំបែបបទស្នើសុំតម្កល់គំរូហត្ថលេខា ឡើងវិញនៅរតនាគារ និងធនាគារដែលមានគណនី។
ទី៥.ពិនិត្យឡើងវិញអំពីសមាសភាពគណៈកម្មាធិការ ឬគណៈកម្មការនានារបស់ក្រុមប្រឹក្សា សង្កាត់អាណត្តិទី៤ ដើម្បីធ្វើការកែសម្រួលទៅតាមសមាសភាព និងតម្រូវការនៃក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥។
ទី៦.ក្រុមប្រឹក្សាអាណត្តិទី៥នេះ ត្រូវបន្តអនុវត្តដីកា សេចក្តីសម្រេច និងលិខិត បទដ្ឋាននានារបស់ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៤ ដែលបានសម្រេចកន្លងមក ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ប្រសិនបើពុំមានដីកា សេចក្តីសម្រេច និងលិខិតបទដ្ឋានថ្មីណាមកជំនួសនោះ។
ទី៧.ដោយផ្អែកលើផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ក្រុមប្រឹក្សាអាណត្តិទី៤ ក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ត្រូវត្រៀមរៀបចំកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ខ្លួន ស្របតាមគោលការណ៍ និងនីតិវិធី នៃដំណើរការកសាងផែនការអភិវឌ្ឍដែលបានកំណត់។
ទី៨.លើសពីនេះទៀត ក្រុមប្រឹក្សាក៏ត្រូវយកចិត្តទុកដាក់ និងលើកកម្ពស់ គណនេយ្យភាព និងតម្លាភាពនៅក្នុងការអនុវត្តការងាររបស់ខ្លួនជាប្រចាំ។
ទី៩.ត្រូវសហការ និងប្រមូលរាល់កម្លាំងមហាជន ប្រជាជន ដើម្បីអនុវត្តឱ្យសម្រេចបានជោគជ័យនូវរាល់គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសជំរុញការចូលរួមអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។

ទី១០.ការផ្តល់សេវាសាធារណ:លើគ្រប់វិស័យជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួលខុសត្រូវ ដ៏សំខាន់មួយក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានារបស់រដ្ឋបាលនីមួយៗ ដើម្បីឆ្លើយតប និងដោះស្រាយនូវសំណើ សំណូមពរ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ។
ទី១១,ក្នុងរយៈពេលជាងពីរឆ្នាំមកនេះ វិបត្តិនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាយើង។
ទី១២.ផ្អែកតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ សមាជិកក្រុមប្រឹក្សាទាំងអស់មានកាតព្វកិច្ចត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល។
ទី១៣.ចំណុចចុងក្រោយ លោក ស្រេង ហុង បានគូសបញ្ជាក់អំពីចំណុចដ៏សំខាន់នៃដំណើរការប្រជាធិបតេយ្យ សេរីពហុបក្ស ការបោះឆ្នោត និងការអភិវឌ្ឍសង្គម ការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គឺជាដំណើរការប្រកួតប្រជែងខាងនយោបាយដ៏ស្រួចស្រាល់ រវាងគណបក្សនយោបាយ និងបេក្ខជននៃគណបក្សនយោបាយ ដើម្បីកាន់កាប់អំណាចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ នៅថ្នាក់ឃុំ សង្កាត់ បន្ទាប់ពីការប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោត បេក្ខជនជាប់ឆ្នោតមកពីគណបក្សនយោបាយនានា ដែលបាន ប្រកួតប្រជែងក្នុងពេលបោះឆ្នោត នឹងក្លាយជាក្រុមប្រឹក្សាឃុំ សង្កាត់ ជាអាជ្ញាធរសាធារណៈ ដែលមានកាតព្វកិច្ចតាមផ្លូវច្បាប់ធ្វើជាតំណាងឱ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំ សង្កាត់របស់ខ្លួន ដែលត្រូវការពារ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់ៗរូប គឺមិនតំណាងឱ្យតែប្រជាពលរដ្ឋដែលគាំទ្រគណបក្សខ្លួននោះឡើយ។ ក្រោយការបោះឆ្នោត ប្រជាពលរដ្ឋដែលមកពីគ្រប់និន្នាការ នយោបាយ ត្រូវរួមសាមគ្គីសហការគ្នា ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកឱ្យបានល្អនៅតាមសហគមន៍ មូលដ្ឋាននានា និងត្រូវសហការចូលរួមជាមួយក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោត ដើម្បីអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែមានការរីកចម្រើនបន្តទៀត៕

ចែករំលែក

បញ្ចេញយោបល់