ទស្សនៈ៖ បើនិយាយពីសិទ្ធិមនុស្ស ត្រូវមើលសិទ្ធិរស់រានមានជីវិតជាមុន

ថ្ងៃពុធ ទី ៦ កក្កដា ២០២២​
11

បើទោះបីមនុស្សជាតិ កំពុងរស់នៅក្នុងសម័យកាលទំនើបនាសតវត្សទី២១នេះហើយក៏ដោយ បញ្ហាជី​វិត​មនុស្សរស់នៅលើភពផែនដីនេះ វាមិនដូចគ្នាទេពីប្រទេសមួយទៅប្រទេសមួយ ពីតំបន់មួយទៅតំបន់មួយ និងពីទ្វីបមួយទៅទ្វីបមួយ។ តំបន់ខ្លះ ប្រទេសខ្លះ និងនៅឧបទ្វីបខ្លះ កុំថាឡើយសិទ្ធិបញ្ចេញមតិ សិទ្ធិដើរហើរ ឬសិទ្ធិដទៃទៀត សូម្បីតែសិទ្ធិរស់រានមានជីវិតក៏មិនមានផង។

ជាក់ស្តែងប្រទេសមួយចំនួន កំពុងជួបប្រទះគ្រោះទុរភិក្ស គ្រោះទឹកជំនន់ គ្រោះភ្លើងឆេះព្រៃ គ្រោះ​ដួល​​រលំ​សេដ្ឋ​កិច្ច សង្គ្រាម​ ទាំងសង្គ្រាមស៊ីវិល និងសង្គ្រាមរវាងប្រទេសនិងប្រទេស គ្មាន​ទេ​សិទ្ធិ​រស់​រាន​មាន​ជីវិត មាន​តែ​សិទ្ធិរត់លូន រត់គេច និងសិទ្ធិបាញ់គ្នាមិនចេះឈប់ឈរ។ ករណីនេះ កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​អ៊ីតាលី ប្រទេសអូស្ត្រាលី ប្រទេសស្រីលង្កា ប្រទេស​មីយ៉ាន​ម៉ា ប្រទេសអ៊ុយក្រែន និង​ប្រទេស​ដទៃ​ទៀត។

ពិភពលោកមានរឿងរាប់មិនអស់ ដែលគួរតែឆ្លុះបញ្ចាំង វាយតម្លៃប្រៀបធៀប និង​ផ្តល់​យុត្តិធម៌​ចំពោះ​ប្រទេសជាតិដែលបានខិតខំប្រឹងប្រែងបង្កើត រក្សាការពារសុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​មាន​ការ​រីកចម្រើន ប្រជាពលរដ្ឋរស់ក្នុងសេចក្តីថ្លៃថ្នូរថ្កុំថ្កើងរុងរឿង ពីដំណាក់កាលមួយទៅដំណាក់កាលមួយ តួយ៉ាង​ដូច​ជា​ប្រទេសកម្ពុជា។

ជាក់ស្តែងប្រទេសកម្ពុជា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី បានខិតខំប្រឹងប្រែងរំដោះប្រទេសជាតិឱ្យរួចរស់ជីវិតពីរបបប្រល័យពូជសាសន៍ បញ្ចប់​សង្គ្រាម​ស៊ីវិល​ដែល​​អូសបន្លាយរាប់ទសវត្ស កសាងសន្តិភាពពេញបរិបូណ៍ និង​អភិវឌ្ឍ​ប្រទេស​ឱ្យ​មាន​ការ​រីក​ចម្រើន​ប្រែ​ក្លាយ​ពី​ប្រទេសក្រីក្របំផុតមួយ ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយ​កំពុង​ឈាន​ឆ្ពោះ​ទៅសម្រេចបានជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងពេលឆាប់ៗខាងមុខនេះ ក៏ប៉ុន្តែ​អ្នកវិភាគដែលតាំងខ្លួនឯករាជ្យ មិនដែលមើលឃើញ មិនយកចិត្តទុកដាក់ ហើយ​ផ្តោត​តែ​ការ​បម្រើ​ប្រយោជន៍​ប្រទេសដទៃដើម្បីតែប្រាក់ខែនិងប្រាក់ជំនួយរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះវ៉ៃប្រហារប្រទេសជាតិ​ខ្លួនឯង ជ្រុង​ណាក៏ខ្មៅងងឹត និងផ្កាប់មុខជានិច្ច នៅពេលដែលពួកគេនិងក្រុមគ្រួសារពួកគេកំពុងរស់ដោយ​សុខ​សុវត្ថិ​ភាព​បំផុត និងរីករាយបំផុតនៅទីនេះ។

ក៏ប៉ុន្តែបញ្ហាដែលកើតមាននៅក្នុងប្រទេសដែលជាចៅហ្វាយនាយរបស់ខ្លួន ឬជាប្រទេសដែលផ្តល់​លុយ​ឱ្យ​ក្រុមខ្លួនវិញ ដូចជាករណីការបាញ់ប្រហារសម្លាប់រង្គាលនៅចំថ្ងៃបុណ្យឯករាជ្យនៅសហរដ្ឋអាមេរិក គ្រោះរាំង​ស្ងួតនៅអ៊ីតាលី និងគ្រោះទឹកជំនន់នៅអូស្តា្រលី អ្នកវិភាគឯករាជ្យ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យទាំង​នោះ គ្មានក្អកអ្វីសូម្បីមួយម៉ាត់។ នេះហើយឬដែលគេថា អ្នកវិភាគនិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ខាងប្រឆាំង​ផ្កាប់មុខ ជ្រុលនិយម?

នៅសហរដ្ឋអាមេរិក ប្រជាជនមានកាំភ្លើង ច្រើនជាងចំនួនមនុស្សទៅទៀត នេះ​បើ​តាម​តួលេខ​ចុះ​ផ្សាយ​ដោយវិទ្យុបារាំងអន្តរជាតិផ្សាយជាភាសាខ្មែរ ហើយកើតមានករណីបាញ់ប្រហារមិនឈប់ឈរ ស្លាប់​រង្គាល អស់លោកទាំងនោះមានដែលគិតពីសិទ្ធិរបស់អ្នកស្លាប់ អ្នកដែលត្រូវបានគេបាញ់ទេ ឬក៏មិន​ហ៊ាន​និយាយ ខ្លាចគេផ្តាច់ប្រាក់ខែ ចុះនៅស្រុកខ្មែរអីក៏ខំបំប៉ោងខ្លាំងម្ល៉េះ? ម៉េចខ្លាចគេមកលេងស្រុកខ្មែរច្រើន គេមករកស៊ីស្រុកខ្មែរច្រើន ខ្លាចស្រុកខ្លួនឯងអភិវឌ្ឍរីកចម្រើនមែនទេ?

បើបរទេសខ្លះគេមិនស្រឡាញ់ខ្មែរ គេមិនចង់ឱ្យខ្មែររីកចម្រើន គេបន្ទុចបង្អាក់ខ្មែរ វា​ជា​រឿង​ធម្មតា​របស់​គេទេ តែយើងដែលមានឈាមជ័រជាខ្មែរ រស់នៅក្នុងទឹកដីខ្មែរ ហើយកំពុងប្រើប្រាស់សមិទ្ធផលដែលកើត​ចេញពីបាតដៃខ្មែរ គួរណាស់ចេះឱ្យតម្លៃខ្មែរ និងកិត្តិយសជាតិខ្មែរ។

ជាចុងក្រោយ សូមផ្តាំទៅក្រុមប្រឆាំងផ្កាប់មុខ ទោះជាតាំងខ្លួនជាអ្វីក៏ដោយ ត្រូវគិតប្រយោជន៍ជាតិ​ជាធំ កុំមប្រើបរទេសព្រោះតែលុយ អំណាច និងលាភសក្ការៈផ្សេង។

 ដោយ៖ ឡុង បូរិតា

 

ចែករំលែក

បញ្ចេញយោបល់