លោក សុខ សុទ្ធី ចុះពិនិត្យទីតាំងដីមានការទន្ទ្រានកាន់កាប់ខុសច្បាប់ ស្ថិតនៅស្រុកមណ្ឌលសីមា

ថ្ងៃពុធ ទី ២២ មិថុនា ២០២២​
2

កោះកុង÷ លោក សុខ សុទ្ធី អភិបាលរងខេត្ត ដោយមានការអនុញ្ញាតពីលោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំរដ្ឋបាលស្រុកមណ្ឌលសីមា មន្ទីរបរិស្ថាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មេឃុំ មេភូមិ និងមានការសហការចូលរួមពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តកោះកុង និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចុះពិនិត្យទីតាំងដី ដែលមានការទន្ទ្រានកាន់កាប់ ស្ថិតនៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

បន្ទាប់ពីចុះពិនិត្យទីតាំងដីជាក់ស្តែងរួចមក លោក សុខ សុទ្ធី បានណែនាំឱ្យមន្ទីរជំនាញ និងរដ្ឋបាលស្រុក ចុចយកនិយាមការដីដែលមានការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ បញ្ជូនមកសាលាខេត្ត ដើម្បីរដ្ឋបាលខេត្តកោះកុង ជូនដំណឹងឱ្យអ្នកទន្ទ្រានដីរដ្ឋមករុះរើការ្យទាំងពួង ដែលសង់ខុសច្បាប់នៅលើដីរដ្ឋចេញវិញ បើមិនដូច្នោះទេ រដ្ឋបាលខេត្តនឹងចាត់វិធានរដ្ឋបាល។

ចំពោះទីតាំងដីដែលទន្ទ្រានកាន់កាប់នេះ រដ្ឋបាលខេត្តនឹងបន្តនីតិវិធីដើម្បីដកហូតទីតាំងដីនេះ ទុកជាសម្បត្តិឯកជនរបស់រដ្ឋគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុង៕

ចែករំលែក

បញ្ចេញយោបល់