ទិវាយោគៈអន្តរជាតិលើកទី៨ ប្រារព្ធឡើងលើទឹកអង្គរ ខេត្តសៀមរាប

ថ្ងៃពុធ ទី ២២ មិថុនា ២០២២​
7

ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា ប្រារព្ធទិវាយោគៈអន្តរជាតិលើកទី៨ ក្រោមប្រធានបទ យោគៈសម្រាប់មនុស្សជាតិ នៅមុខព្រះលានជល់ដំរី ក្រុងអង្គរធំ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។

ថ្លែងក្នុងទិវាយោគៈអន្តរជាតិលោកទី៨ លោកបណ្ឌិត Rajkkunmar Ranjan Singh អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា មានប្រសាសន៍លើកឡើងថា ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ និងមានមោទកភាពជាខ្លាំងដែលបានចូលរួមការអបអរទិវាយោគៈអន្តរជាតិលើកទី៨នៅខេត្តសៀមរាប ប្រទេសកម្ពុជា នាឱកាសនេះ។

លោកបន្តថា ដូចដែលយើងទាំងអស់គ្នាបានជ្រាបហើយថា យោគៈគឺជាការហ្វឹកហាត់ផ្នែកផ្លូវកាយ និងផ្លូវចិត្តតាមបែបបុរាណ វាមានដើមកំណើតនៅប្រទេសឥណ្ឌា។ ពាក្យថា យោគៈ នេះមកពីសំស្ក្រឹត និងមានន័យថាចូលរួមឬរួបរួម។

វាតំណាងឱ្យការសំយោគគ្នារវាងចិត្ត និងកាយ គំនិត និងសកម្មភាព ការអត់ធ្មត់ និងការពេញចិត្ត ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ និងវិធីសាស្ត្រដ៏បរិសុទ្ធចំពោះសុខភាព និងសុខុមាលភាព។

សំខាន់ជាងនេះទៅទៀត យោគៈគឺលើកស្ទួយនូវសារសន្តិភាពក្នុងពិភពលោកដែលស្របតាមគោលការណ៍របស់ឥណ្ឌា Vasudhaiva Kutumbakam ដែលមានន័យថា ពីភពលោកគឺជាគ្រួសារតែមួយ។

សូមជម្រាបថា ប្រតិភូអញ្ចើញចូលរួមជាអធិបតីក្នុងទិវាយោគៈអន្តរជាតិលោកទី៨ នាឱកាសនេះ មានលោកបណ្ឌិត Rajkkunmar Ranjan Singh អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក ម៉ុល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាក្រសួងអប់រំ យុវជននិងកីឡា រួមទាំងភ្ញៀវជាតិនិងអន្តរជាតិ សិស្សានុសិស្សប្រមាណ៦០០រយនាក់៕

ចែករំលែក

បញ្ចេញយោបល់