វិភាគអន្តរជាតិ៖ ទណ្ឌកម្មអាមេរិក និងការងើបឡើងនៃប្រាក់យ័នចិន

ថ្ងៃព្រហស្បតិ៍ ទី ១៦ មិថុនា ២០២២​
11

(វ៉ាស៊ីនតោន)៖ ការដាក់ទណ្ឌកម្មលើរុស្ស៉ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ក្រោមប្រព័ន្ធប្រាក់ដុល្លារអាមេរិក បាន និងកំពុងជំរុញឱ្យប្រទេសកាន់តែច្រើនឡើងចាប់ផ្ដើម សម្លឹងមើលប្រាក់យ័នចិន ជា «រូបិយប័ណ្ណជំនួស» ដែលនេះបានជួយដល់ទីក្រុងប៉េកាំងដោយប្រយោល ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យប្រាក់យ័នចិនក្លាយជា រូបិយប័ណ្ណអន្តរជាតិ។ ចាប់តាំងពីខែមករា ឆ្នាំ២០២២មក ប្រាក់យ័នរបស់ចិនកាន់តែត្រូវបានគេប្រើសម្រាប់ការទូទាត់យ៉ាងទូលំលាយ ជុំវិញពិភពលោកដែលនេះកំពុង បង្កការព្រួយបារម្ភដល់សហរដ្ឋអាមេរិក ដ្បិតការកើនឡើងឥទ្ធិពលប្រាក់យ័ន ច្បាស់ណាស់វានឹងគំរាមកំហែងដល់ការគ្រប់គ្រងហិរញ្ញវត្ថុសកលលោករបស់អាមេរិក ក្រោមប្រព័ន្ធប្រាក់ដុល្លារ។

មែនទែនទៅ មានតែបណ្ដាប្រទេសដែលកំពុងជាប់ក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលគាំទ្រឱ្យប្រាក់យ័នចិនកា្លយជារូបិយប័ណ្ណអន្តរជាតិ។ តួយ៉ាងដូចជា កូរ៉េខាងជើងបានប្រើប្រាក់យ័នសម្រាប់ការទូទាត់ និងការជួញដូរនៅក្នុងស្រុក រីឯអ៉ីរ៉ង់ និងមីយ៉ាន់ម៉ា ក៏បានយល់ព្រមទូទាត់ប្រាក់យ័នក្នុងការធ្វើពាណិជ្ជកម្មជាមួយចិន ផងដែរ ខណៈរុស្ស៊ីបន្ទាប់ពីត្រូវបានហាមឃាត់ពីប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច បច្ចុប្បន្នបានទូទាត់បំណុលបរទេសជាប្រាក់យ័ន។ ក្នុងន័យនេះអំណាចប្រាក់ដុល្លារ ដែលសហរដ្ឋអាមេរិក ប្រើប្រាស់ក្នុងការដាក់ទណ្ឌកម្មលើប្រទេសដទៃ វាបានជំរុញឱ្យប្រទេសកាន់តែច្រើនឡើង ងាកទៅរកលុយយ័នជារូបិយប័ណ្ណជំនួស។

សូម្បីតែប្រទេសខ្លះដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដូចជាអារ៉ាប៊ីសាអូឌីត ដែលជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំដល់សហរដ្ឋអាមេរិក និងចិនក៏កំពុង ពិចារណាឡើងវិញដែរលើប្រាក់ដុល្លារ ចំពោះមុខការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយចិនកំពុងកើនឡើង។ ពោលគឺទីក្រុងរីយ៉ាដ កំពុងពិចារណាប្រើប្រាក់យ័នចិន ក្នុងការជួញដូរប្រេងជាមួយទីក្រុងប៉េកាំង។ លើសពីនេះទៅទៀត កាលពីឆ្នាំ២០១៨ ក្រុមមន្ត្រីមកពីប្រទេសក្នុងតំបន់អាហ្វ្រិកចំនួន ១៤ បានពិភាក្សាពីការប្រើប្រាក់យ័ន ជារូបិយប័ណ្ណបម្រុងនៅក្នុងតំបន់ ហើយហេតុផលនៅពីក្រោយសម្រេចចិត្តនេះគឺដោយសារតែប្រទេសអាហ្វ្រិកទាំងនោះបានចូលរួមក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ របស់ចិន។

នៅឯប្រទេសស៊ីមបាវ៉េ ប្រាក់យ័នចិនបានក្លាយជារូបិយប័ណ្ណដែលត្រូវបានប្រើយ៉ាងទូលំទូលាយ ក្រោយចិនសម្រេចចិត្តលុបចោលបំណុល។ ដោយឡែក អាស៊ានក៏បាន អនុម័តលើការជួញដូររូបិយប័ណ្ណជាមួយចិនដែរ ហើយក្នុងនោះទៀតសោត ឥណ្ឌូណេស៊ីបានចុះកិច្ចព្រមព្រៀងទ្វេភាគីមួយ ដើម្បីលើកកម្ពស់ការប្រើប្រាស់បា្រក់យ័នចិន ដែលនេះត្រូវបានអ្នកជំនាញសេដ្ឋកិច្ចមកពី World Financial Review លោក កាលីម ស៊ីដឌីគី (Kalim Siddiqui) យល់ថាជាការចាប់ផ្ដើមនៃការធ្លាក់ចុះឥទ្ធិពល ប្រាក់ដុល្លារអាមេរិក។ ប៉ុន្តែ បើតាមលោក បៃហ្សូ ឈិន (Baizhu Chen) ជាសាស្ត្រាចារ្យសេដ្ឋកិច្ចម្នាក់ពីសាកលវិទ្យាល័យ University of Southern California បណ្ដាប្រទេសដែលងាកទៅរកប្រាក់យ័ន គឺដោយសារតែពួកគេមានអារម្មណ៍ថា សព្វថ្ងៃសេដ្ឋកិច្ចរបស់ខ្លួនកំពុងក្លាយជាចំណាប់ខ្មាំងនៃគោលនយោបាយអាមេរិក និងចង់ប្រើយ័នជារូបិយប័ណ្ណជំនួស ពីព្រោះពួកគេខ្លួនឯងក៏មិនដឹងដូចគ្នាដែរថាតើពួកគេអាចរួចខ្លួនពីទណ្ឌកម្មអាមេរិក ដែរឬក៏យ៉ាងណានៅពេលអនាគត នៅក្នុងបរិបទនៃការប្រជែងឥទ្ធិពលរវាងអាមេរិក និងចិន។

តែទោះជាបែបនេះក្ដី ខណៈសហរដ្ឋអាមេរិកនៅតែជាមហាអំណាចសេដ្ឋកិច្ចលេខ១ នៅលើពិភពលោក គួបផ្សំការចាក់ឬសយ៉ាងជ្រៅ នៃប្រាក់ដុល្លារអាមេរិកក្នុងប្រព័ន្ធ ហិរញ្ញវត្ថុសកល អំណាចប្រាក់យ័នចិន នៅមិនទាន់អាចគំរាមកំហែងអ្វីធំដុំដល់ប្រាក់ដុល្លារអាមេរិកនោះទេ។ មួយវិញទៀត ខណៈប្រពៃណីដាក់ទណ្ឌកម្មរបស់អាមេរិក បានបង្ខំបណ្ដាប្រទេសកាន់តែច្រើនពិចារណាលើប្រាក់យ័នចិន ជារូបិយប័ណ្ណជំនួសក៏ដោយ ក៏ពួកគេនៅតែបន្តអនុវត្តការរក្សាតុល្យភាពរវាងប្រាក់យ័នចិន និងប្រាក់ដុល្លារ អាមេរិក ដោយផ្អែកលើផលប្រយោជន៍ និងយុទ្ធសាស្ត្ររបស់ពួកគេ។

ជាឧទាហរណ៍ ជប៉ុន នៅតែកាន់កាប់ទុនបម្រុងបរទេសជាប្រាក់ដុល្លារអាមេរិកដដែល បើទោះជាខ្លួន គឺជាដៃគូពាណិជ្ជកម្មដ៏ធំរបស់ចិនក៏ដោយ រីឯនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ថ្វីបើកម្ពុជាទទួលបានការវិនិយោគយ៉ាងសម្បើមពីចិន និងបង្ហាញពីចំណាប់អារម្មណ៍ចំពោះ ប្រាក់យ័នក៏ពិតមែន តែកម្ពុជានៅតែប្រើប្រាស់យ៉ាងទូលំទូលាយនូវការជួញដូររូបិយប័ណ្ណជាតិ ជាមួយប្រាក់ដុល្លារ៕

ប្រភព៖ AIER (ថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២)
ដោយ៖ Fresh News

ចែករំលែក

បញ្ចេញយោបល់