សម្ដេចតេជោ  ហ៊ុន សែន៖ ក្រសួងសុខាភិបាល ត្រូវជំរុញការសាងសង់រោងចក្រផលិតវ៉ាក់សាំង​នៅកម្ពុជា

ថ្ងៃអង្គារ ទី ១៧ ឧសភា ២០២២​
14

សម្ដេចតេជោ  ហ៊ុន សែន បានថ្លែងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ត្រូវពិនិត្យមើលក្រុមហ៊ុនដែលទទួលអាជ្ញាប័ណ្ណ (License) ក្នុងការសាងសង់រោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជារួចហើ​យ ហេតុអ្វីមិនធ្វើ បើសិនមិនធ្វើ ត្រូវឱ្យក្រុមហ៊ុនផ្សេងដែលមានសមត្ថភាពធ្វើ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជួ​បសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ ដែលពិធីសំ​ណេះសំណាលនេះ ធ្វើឡើងនៅសាលពិព័រណ៍ជ្រោយចង្វា រាជធានីភ្នំពេញ។

សម្ដេចតេជោ  ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនបើថាពិបាកណាស់ក្នុងការសាងសង់ សូមយកមកធ្វើដោយក្រសួងសុខាភិបាលផ្ទាល់តែម្ដង ព្រោះកិច្ចការនេះចាំបាច់ណាស់។ សម្តេច បានបន្តថា ក្រសួងត្រូវធ្វើវឌ្ឍនភាពស្ដីពីការបង្កើតរោងចក្រផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅកម្ពុជា ក្នុងមួយសប្ដាហ៍ម្ដង។

សម្ដេចតេជោ  ហ៊ុន សែន ក៏បានបញ្ជាក់ថា ការសាងសង់រោងចក្រផលិតវ៉ាក់សាំងនេះចាំបាច់ណាស់ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រោះយើងមិនដឹងថា​ ជំងឺកូវីដនឹងត្រូវបញ្ចប់នៅពេលណាទេ។ សម្តេច បន្តថា បើទោះចប់ជំងឺកូវីដក៏ដោយ ក៏រោងចក្រនេះ អាចបម្រើការជាការផលិតវ៉ាក់សាំងដទៃផ្សេងទៀតផងដែរ៕

 

ចែករំលែក

បញ្ចេញយោបល់