អ្នកវិភាគចៅចាក់ស្មុក៖ សម្តេចតេជោសែនបានកសាងកិត្យានុភាពជាតិដ៏ល្បីរន្ទឺនៅលើសកលលោក បង្កើតមោទកភាពសម្រាប់ជាតិ និងប្រជាជនកម្ពុជាក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក

ថ្ងៃចន្ទ ទី ១៦ ឧសភា ២០២២​
8

(ភ្នំពេញ)៖ កម្ពុជាក្នុងសម័យតេជោសន្តិភាពបានបង្កើតនូវកំណត់ត្រាស្នាដៃជាប្រវត្តិសាស្ត្រថ្មីៗជាច្រើនបន្ថែមទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាស្ថាបនិកសន្តិភាពកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកការទូតប្រកបដោយទេពកោស្យ បាននាំមកនូវភាពជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្រថ្មីបន្ថែមទៀត សម្រាប់កម្ពុជានៅអំឡុងពេលនៃដំណើរទស្សនកិច្ចនៅលើទឹកដីសហរដ្ឋអាមេរិកពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នេះ នោះគឺ ភាពជោគជ័យនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកនាថ្ងៃទី១២ និងទី១៣ ខែឧសភា និងការទទួលបានការស្វាគមន៍ ការគោរពស្រឡាញ់និងគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីរបស់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាដែលខំស្កាត់មកពីគ្រប់ទិសទីដើម្បីស្វាគមន៍ និងបង្ហាញការគាំទ្រចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។

កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ត្រូវបានទទួលនូវការកោតសរសើរពីល្បឿនលឿននៃការអភិវឌ្ឍជាតិចេញពីគំនរផេះផង់ ឈាម និងទឹកភ្នែក និងសង្គ្រាមស៊ីវិលមកជាប្រទេសមានសុខសន្តិភាពពេញលេញ ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងការទូត សន្តិសុខ ស្ថិរភាព សេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក ហើយជាពិសេសភាពជោគជ័យរបស់កម្ពុជាក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋពីការឆ្លង និងការ ស្លាប់ដោយជំងឺឆ្លងកូវីដ១៩ ព្រមទាំងការដាក់ចុះអនុវត្តនយោបាយវ៉ាក់សាំងដើម្បីបង្កើតខឿនសុខុមាល ភាពជូនពលរដ្ឋដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានពលរដ្ឋចាក់វ៉ាក់សាំងច្រើន ជាងគេ និងមានភាពស៊ាំសហគមន៍ខ្ពស់ ការឆ្លងតិចជំងឺមានតិច និងជាងនេះទៅទៀត បានចូលរួមជាមួយសហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិលើបេសកកម្មថែរក្សាសន្តិភាពនៅតាមបណ្តាប្រទេសមួយចំនួននៅលើពិភពលោក។

ភាពជោគជ័យជាប្រវត្តិសាស្ត្រនេះគឺ កើតចេញពីភាពប៉ិនប្រសព្វនិងសមត្ថភាពដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទ្ទេសក៍ឯកនយោបាយឈ្នះ-ឈ្នះ និងអ្នកការទូតដ៏មានបទពិសោធ និងប្រកបដោយទេពកោសល្យខ្ពស់។ ក្នុងនាមប្រធានអាស៊ាន សម្តេចតេជោបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងបញ្ញាដើម្បីសម្របសម្រួលជាមួយដៃគូដើម្បីធ្វើឱ្យកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក កើតឡើងក្នុងនោះអ្វីដែលជាការបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ អាស៊ានគឺ កិច្ចប្រជុំរបៀបនេះ ទើបតែមានក្នុងឆ្នាំ២០២២នេះ ប៉ុណ្ណោះដែលសហរដ្ឋអាមេរិកបានស្វាគមន៍ប្រមុខដឹកនាំនៃបណ្តាប្រទេសសមាជិកអាស៊ាននៅសេតវិមាន និងជាកិច្ចប្រជុំលើកទី១ មិនធ្លាប់មានពីមុនមកត្រូវបានរៀបចំនៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី។ លើសពីនេះ សម្រាប់មេដឹកនាំកម្ពុជា គឺមានតែសម្តេចតេជោម្នាក់គត់ដែលមានវត្តមាននៅក្នុងសេតវិមានក្នុងនាមនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិក។ អាមេរិក និងអាស៊ានដែលបានប្រកាសពីការប្តេជ្ញាចិត្តដើម្បីបង្កើតភាពជាដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក បានបង្ហាញពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ និងបានគិតគូរខ្ពស់លើផល ប្រយោជន៍រួមលើបញ្ហាសំខាន់ៗនានាដូចជាការរក្សាសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ពិភពលោកនិងទំនុកចិត្ត ការអភិវឌ្ឍសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩ ការប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជនជាដើម។ ជាមួយគ្នានេះ តួនាទីកម្ពុជាក្នុងការសម្របសម្រួលដោះស្រាយលើបញ្ហាមីយ៉ាន់ម៉ាក៏ត្រូវបានលើកឡើង និងបានលើកទឹកចិត្តកម្ពុជាបន្តបេសកកម្មដ៏មានសារៈសំខាន់នេះដលម្បីបុព្វហេតុសុខសន្តិភាពសម្រាប់ប្រជាជនមីយ៉ាន់ម៉ា និងសម្រាប់តំបន់ទាំងមូល។ លទ្ធផលជាវិជ្ជមានទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីភាពជាអ្នកដឹកនាំរបស់កម្ពុជាប្រកបដោយការទទួលខុសត្រូវ វិជ្ជាជីវៈ សមត្ថភាព នៅលើឆាកជាតិនិងអន្តរជាតិ។

អ្វីដែលមជ្ឈដ្ឋានទូទៅបានវាយតម្លៃខ្ពស់ គឺដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នៅសហរដ្ឋអាមេរិកពេលនេះធ្វើឱ្យកម្ពុជាខ្ពស់មុខខ្ពស់មាត់ខ្ពស់មុខខ្ពស់មាត់នៅលើឆាកអន្តរជាតិ។ សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យជាតិកម្ពុជាមានកិត្យានុភាពល្បីរន្ទឺរ និងស្គាល់កម្ពុជាកាន់តែច្បាស់ថែមទៀត ជាពិសេសសមត្ថភាពដឹកនាំប្រទេស និងភាពរីកចម្រើនរបស់កម្ពុជា និងតួនាទីកម្ពុជា។ ទង់ជាតិកម្ពុជាត្រូវបានបង្ហូតនៅលើទឹកដីសហរដ្ឋអាមេរិក និងរូបភាពនៃភាពស្និទ្ធស្នាលរាក់ទាក់រវាងមេដឹកនាំកម្ពុជា និងសហរដ្ឋអាម៉េរិកក៏បង្ហាញពីភាពល្អូកល្អិននៃសហប្រធាននៃកិច្ចប្រជុំកំពូលទាំងលក្ខណៈបុគ្គល និងក្នុងតួនាទីតំណាងជាតិ ដែលជាលទ្ធផលនៃការសម្របសម្រួលទទួលបានលទ្ធផលល្អប្រសើរ ធ្វើឱ្យទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសសមាជិកអាស៊ាននិងសហរដ្ឋអាមេរិកកាន់តែមានភាពល្អប្រសើរខ្លាំង។

សម្តេចតេជោបានធ្វើឱ្យកម្ពុជាដែលជាប្រទេសតូចមែនពិត ប៉ុន្តែខ្លឹម។ ខ្លឹមក៏ព្រោះតែកម្ពុជាមានភាពជាអ្នកដឹកនាំនៃអាស៊ាន មានសម្តេចតេជោដែលជានាយករដ្ឋមន្ត្រីមានបទពិសោធខ្ពស់ក្នុងកិច្ចការការទូត បានធ្វើឱ្យកម្ពុជាស្មើភាពនិងស្មើសិទ្ធិជាមួយបណ្តាប្រទេសទាំងឡាយក្នុងក្របខណ្ឌទំនាក់ទំនងការទូត និងក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី និងបានដើរតួនាទីដ៏ប៉ិនប្រសព្វក្នុងការសម្របសម្រួលការងារក្នុងតំបន់។ ជាមួយគ្នានេះ សម្តេចតេជោក៏ជាមជ្ឈមណ្ឌលសាមគ្គី ភាពយ៉ាងសំខាន់នៃប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស។ ពលរដ្ឋខ្មែរសូមថ្លែងអំណរសាទរប្រ្បដោយក្តីមោទនៈចំពោះលទ្ធផលជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្រនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅសហរដ្ឋអាម៉េរិក ហើយបានលើកមុខមាតកម្ពុជាលើឆាកអន្តរជាតិ៕

ដោយ៖ ចៅចាក់ស្មុក

ចែករំលែក

បញ្ចេញយោបល់