វិភាគអន្តរជាតិ៖ ហេតុអ្វីការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន អាចជាជោគជ័យសម្រាប់ចិន?

ថ្ងៃសៅរ៍ ទី ៧ ឧសភា ២០២២​
5

(ម៉ានីល)៖ ប្រជាជនហ្វីលីពីន នឹងត្រូវបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅថ្ងៃទី៩ ខែឧសភានេះ ដោយមានបេក្ខជនប្រធានាធិបតី ៤រូប ក្នុងចំណោម ១០រូបកំពុងនាំមុខគេ ក្នុងនោះរួមមានទាំងកូនប្រុសច្បងនៃអតីតមេដឹកនាំផ្ដាច់ការហ្វីលីពីន គឺលោក Ferdinand Marcos Jr ដែល កំពុងប្រជែងគ្នា ស្នងតំណែងប្រធានាធិបតីផុតអាណត្តិ លោក រ៉ូឌ្រីហ្គោ ឌូតើតេ។

ហ្វីលីពីន តែងតែរៀបចំការបោះឆ្នោតប្រធានាធិបតីដោយផ្ទាល់ ជារៀងរាល់ ៦ឆ្នាំម្ដង ហើយរដ្ឋធម្មនុញ្ញនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានកំណត់ ថាប្រធានាធិបតីម្នាក់អាចកាន់តំណែងបានតែមួយអាណត្តិ មានរយៈពេល ៦ឆ្នាំ។ ការស្ទង់មតិចុងក្រោយបំផុតធ្វើឡើងវិទ្យាស្ថាន Pulse Asia Research ចេញផ្សាយកាលពីខែមីនាកន្លងទៅ បានឱ្យដឹងថា លោក Ferdinand Marcos Jr ទទួលបានអត្រាគាំទ្រពីប្រជាជនហ្វីលីពីន ៥៦ភាគរយ តាមពីក្រោយដោយអនុប្រធានាធិបតី លោកស្រី Leni Robredo ដែលទទួលបានការគំាទ្រ ២៤ភាគរយ ខណៈចៅហ្វាយក្រុងម៉ានីល លោក Isko Moreno ទទួលបាន ៨ភាគរយ និងអតីតស្ដេចប្រដាល់អាស៊ី លោក Manny Pacquiao ទទួលបាន ៦ភាគរយ។

បើតាមក្រុមអ្នកជំនាញ, ការសម្រេចចិត្តរបស់ប្រជាជនហ្វីលីពីន មិនត្រឹមតែជាការជ្រើសរើសមេដឹកនាំថ្មីម្នាក់របស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែ ការសម្រេចចិត្តរបស់ពួកគេក៏នឹងជះឥទ្ធិពលដល់តំបន់ទាំងមូលផងដែរ។ សម្រាប់សហរដ្ឋអាមេរិក, ការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយហ្វីលីពីន ក្នុងនោះរួមមានទាំង កិច្ច ព្រមព្រៀង ទស្សនកិច្ច រវាង កង កម្លាំង ហ្វីលីពីន និង សហរដ្ឋ អាមេរិក (VFA) គឺជាយុទ្ធសាស្ត្រដ៏សំខាន់របស់ខ្លួនក្នុងតំបន់ជាទី ដែលវ៉ាស៊ីនតោនកំពុងព្យាយាមទប់ស្កាត់កើនឡើងឥទ្ធិពលចិន។

* ការរក្សាតុល្យភាពទំនាក់ទំនងជាមួយមហាអំណាច
ហ្វីលីពីនបានព្យាយាមរក្សាតុល្យភាពទំនាក់ទំនងជាមួយមហាអំណាច ដូចជាសហរដ្ឋអាមេរិក និងចិន តាំងតែពីយូរមកហើយ។ តួយ៉ាង នៅក្រោម អាណត្តិរបស់លោក ឌូតើតេ ថ្វីបើហ្វីលីពីនងាកទៅរកចិនក៏ពិតមែន តែចុងក្រោយទីក្រុងម៉ានីល នៅតែត្រូវបោះដៃរកសហរដ្ឋអាមេរិកដដែល ហើយ នេះអាចនឹងនៅតែបន្តជានយោបាយការបរទេស សម្រាប់អនាគតប្រធានាធិបតីថ្មីរបស់ហ្វីលីពីន មិនថាគេនោះជានរណានោះទេ។

លោក Ferdinand Marcos Jr ដែលមានដៃគូឈរឈ្មោះជាអនុប្រធានាធិបតី គឺលោកស្រី សារ៉ា (Sara) ជាកូនស្រីរបស់លោក ឌូតើតេ បាន អំពាវនាវជាច្រើនឆ្នាំមកនេះ ឱ្យទីក្រុងម៉ានីលដោះស្រាយជាមួយទីក្រុងប៉េកាំង ជាលក្ខណៈទ្វេភាគីពាក់ព័ន្ធនឹងជម្លោះទឹកដី។ កាលពីពេលថ្មីៗនេះ លោក Marcos បានជួបពិភាក្សាការងារជាមួយអគ្គរដ្ឋទូតចិន លោក ហួង ហ្ស៉ីលាន (Huang Xilian) ដែលបានលើកឡើងថាលោកពិតជាមាន កិត្តិយសខ្លាំងណាស់ដែលបានជួបជាមួយលោក Marcos ជាមនុស្សម្នាក់គាំទ្រដល់ទំនាក់ទំនងចិន-ហ្វីលីពីន។

ដោយឡែក នៅពេលនិយាយដល់សហរដ្ឋអាមេរិក, បញ្ហាដែលត្រូវលើកឡើងមុនគេ នោះគឺបណ្ដឹងសិទ្ធិមនុស្សនៅក្នុងសហរដ្ឋអាមេរិកដែលទាមទារ សំណងសម្រាប់ជនរងគ្រោះ នៅក្រោមការដឹកនាំរបស់ឪពុកលោក Marcos។ បើតាមក្រុមអ្នកជំនាញ បណ្ដឹងទាំងនេះអាចនឹងបង្កភាពស្មុគស្មាញ ដល់ការបំពេញដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ប្រសិនបើលោក Marcos ជាប់ឆ្នោតជាប្រធានាធីបតីហ្វីលីពីនថ្មី។

ម្យ៉ាងវិញទៀត ខណៈលោក Marcos ផ្ទាល់ចាត់ទុកថាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកជា «ទំនាក់ទំនងពិសេស» ការយល់ឃើញពីបញ្ហា សិទ្ធិមនុស្សរបស់សេតវិមាន អាចនឹងរុញឱ្យលោក Marcos ងាកទៅរកចិន។ ប៉ុន្តែ ថាតើលោកអាចនឹងងាកទៅរកចិនបានដល់កម្រិតណា គឺវាក៏ អាស្រ័យផងដែរលើប្រជាជនហ្វីលីពីន ដែលចង់ឃើញសកម្មភាពប្រាកដប្រជា និងមានខ្សែបន្ទាត់ច្បាស់លាស់ជាមួយចិន ច្រើនជាងកាលពីសម័យ លោក ឌូតើតេ ដឹកនាំា។ នេះបើតាមសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយម្នាក់មកពីសាកលវិទ្យាល័យពហុបច្ចេកទេសហ្វីលីពីន (Polytechnic University of the Philippines) លោក រីឆាដ ហ៊ីដារៀន (Richard Heydarian)។

* អនាគតស្រពិចស្រពិល
មកទល់នឹងពេលនេះ, គេមិនទាន់អាចដឹងបានថាតើលោក Marcos អាចនឹងដើរតាមនយោបាយស្និទ្ធជាមួយចិន ដូចលោក ឌូតើតេ ដែរឬក៏យ៉ាង ណានោះទេ នៅក្នុងករណីដែលលោកជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់ហ្វីលីពីន។ នោះគឺដោយសារតែមិនទាន់មានព័ត៌មានលម្អិតពីនយោបាយ ការបទេស ឬក៏ព័ត៌មានថាតើនរណានឹងក្លាយជារដ្ឋមន្ត្រីការបរទេសរបស់លោកនោះទេ។ ក៏ប៉ុន្តែ មានសញ្ញាមួយចំនួនបានបង្ហាញថាលោក Marcos អាចនឹងដើរតាមនយោបាយមួយចំនួនធំរបស់លោក ឌូតើតេ នៅពេលត្រូវដោះស្រាយបញ្ហាជម្លោះនៅឯសមុទ្រចិនខាងត្បូង។

មែនទែនទៅ, លោក Marcos នៅក្នុងវេទិកាជជែកដេញដោលកន្លងមក ក៏ធ្លាប់ប្រកាន់ជំហរតឹងរ៉ឹងចំពោះចិនដែរ ដោយលោកនិយាយថានឹងបញ្ជូន នាវាចម្បាំងទៅកាន់តំបន់សមុទ្រចិនខាងត្បូង ដើម្បីការពារដែនទឹកហ្វីលីពីន។ នៅត្រង់ចំណុចនេះដែរ, លោក អារីស អារូហ្កាយ (Aries Arugay) ជាអ្នកជំនាញម្នាក់មកពីវិទ្យាស្ថាន អាយអេសអ៉ីអេស -យូសូហ្វ អ៉ីសហាក (ISEAS-Yusof Ishak) មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី បានកត់សម្គាល់ដូច្នេះថា «លោក Marcos តែងតែទទូចថាលោកនឹងដោះស្រាយជាមួយចិន តាមមធ្យោបាយទ្វេភាគី ហើយនេះជាអ្វីដែល ទីក្រុងប៉េកាំងចង់បាន…តែវានឹងធ្វើឱ្យហ្វីលីពីនស្ថិតនៅលើជំហរមួយទន់ខ្សោយ»។

តែទោះជាបែបនេះក្ដី, លោក អារូហ្កាយ នៅតែយល់ថាទោះបីជាលោក Marcos ជាប់ឆ្នោត ហើយចង់បន្តរក្សាទំនាក់ទំនងស៊ីជម្រៅជាមួយចិន ក៏ដោយ តែហ្វីលីពីនក៏នឹងមិនចាំបាច់បំផ្លាញដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនោះដែរ។ «ដូចគ្នាទៅនឹងប្រធានាធិបតីហ្វីលីពីនដទៃ ក្នុងករណី ដែលលោក (លោក Marcos) ជាប់ឆ្នោត នោះលោកក៏នឹងព្យាយាមងាកទៅរកសហរដ្ឋអាមេរិកផងដែរ ពីព្រោះទោះជាមានរឿងអ្វីកើតឡើង ក៏ដោយ ប្រធានាធិបតីថ្មីនៅតែមានឱកាសចាប់ផ្ដើមសារឡើងវិញ»។ នេះជាការបញ្ជាក់របស់លោក អារូហ្កាយ។

គួរបញ្ជាក់ថា ប្រជាជនហ្វីលីពីន ៦៧.៥លាននាក់ដែលមានសិទ្ធិបោះឆ្នោត នៃប្រជាជនសរុប ១១០លាននាក់ នឹងត្រូវទម្លាក់សន្លឹកឆ្នោតរបស់ពួកគេ នៅឯការិយាល័យបោះឆ្នោត ដែលនឹងបើកទ្វារចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៧យប់ (ម៉ោងក្នុងទីក្រុងម៉ានីល) នៅថ្ងៃទី៩ ខែឧសភានេះ។ នៅក្នុង ការបោះឆ្នោតនេះ ប្រជាជនហ្វីលីពីននឹងត្រូវបោះឆ្នោតជ្រើសប្រធានាធិបតី, អនុប្រធានាធិបតី, សមាជិកព្រឹទ្ធសភា ១២រូប, សមាជិករដ្ឋសភា ៣០០រូប និងមន្ត្រីចំនួន ១៨,០០០នាក់ នៅទូទាំងកោះចំនួន ៧,៦០០កោះ ក្នុងនោះរួមមានទាំងចៅហ្វាក្រុង និងអភិបាលតំបន់ផងដែរ៕

ប្រភព៖ CNN (ថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២)
ដោយៈ Fresh News

ចែករំលែក

បញ្ចេញយោបល់