វិភាគអន្តរជាតិ៖ តើលោក ពូទីន នឹងប្រកាស «សង្រ្គាមផ្លូវការ» លើអ៊ុយក្រែន នៅថ្ងៃទី៩ ខែឧសភា ឬ?

ថ្ងៃព្រហស្បតិ៍ ទី ៥ ឧសភា ២០២២​
7

 

(វ៉ាស៊ីនតោន)៖ បណ្ដាប្រទេសលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក បានចាត់ទុកសកម្មភាពរបស់រុស្ស៉ី នៅក្នុងប្រទេសអ៊ុយក្រែនគឺជាទង្វើ ឈ្លានពាន។ ប៉ុន្តែ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានហៅវាថាជា «ប្រតិបត្តិការយោធាពិសេស» ជំនួសឱ្យការប្រកាសសង្រ្គាមជាផ្លូវការលើ អ៊ុយក្រែន។ យ៉ាងណាក៏ដោយ ក្រុមមន្ត្រីលោកខាងលិច និងក្រុមអ្នកវិភាគជឿថាវិមានក្រឹមឡាំង អាចនឹងយកថ្ងៃទី៩ ខែឧសភានេះប្រកាសសង្រ្គាម ជាផ្លូវការ ដើម្បីបើកផ្លូវឱ្យលោក ពូទីនបង្កើនយុទ្ធនាការរបស់លោកនៅអ៊ុយក្រែន។

* ហេតុអ្វីថ្ងៃទី៩ ខែឧសភា ជាថ្ងៃពិសេសសម្រាប់រុស្ស៉ី?
ថ្ងៃទី៩ ខែឧសភា ត្រូវបានគេស្គាល់ជាទូទៅថាជា «ទិវាជ័យជម្នះ» (Victory Day) នៅក្នុងប្រទេសរុស្ស៉ីដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បី រំឮកដល់ជ័យជម្នះរបស់កងទ័ពក្រហមនៃអតីតសហភាពសូវៀត លើកងទ័ពណាហ្ស៉ីហ៊ីត្លែរអំឡុងសង្រ្គាមលោកលើកទី២ នៅឆ្នាំ១៩៤៥ ជាមួយ ការធ្វើព្យុហយាត្រាយោធានៅឯទីលានក្រហមក្នុងទីក្រុងមូស្គូ ក្រោមអធិបតីភាពមេដឹកនាំរុស្ស៉ី តួយ៉ាងដូចជាលោក ពូទីន។ ក្រុមមន្ត្រីលោកខាងលិច ជឿថាលោក ពូទីន អាចនឹងយកថ្ងៃជានិមិត្តរូបសម្រាប់ប្រជាជនរុស្ស៉ីមួយនេះ ដើម្បីប្រកាសពីជោគជ័យនៅអ៊ុយក្រែន ឬប្រកាសង្រ្គាមជាផ្លូវការ ឬក៏ប្រកាសទាំង២ ក្នុងពេលតែមួយម្ដង។ បើគេចាំមិនភ្លេចទេ, លោក ពូទីន បានបញ្ជាឱ្យកងទ័ពរុស្ស៉ីវាយលុកចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅ ពោលមួយថ្ងៃប៉ុណ្ណោះក្រោយរុស្ស៉ីប្រារព្ធទិវាអ្នកការពារមាតុភូមិ (Defender of the Fatherland Day) ដែលជាទិវាយោធាដ៏សំខាន់មួយ ទៀតនៅរុស្ស៉ី។

* កែនកងទ័ពបន្ថែម?
លោក អូឡិច អ៉ីញ៉ាតូវ (Oleg Ignatov) ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់ពីរុស្ស៉ី មកពីវិទ្យាសា្ថន Crisis Group បាននិយាយថាលោក ពូទីន មានជម្រើស ជាច្រើនដាក់នៅលើតុរួចជាស្រេច ហើយក្នុងនោះ «ការប្រកាសសង្រ្គាមជាផ្លូវការ» អាចជាសេណារីយ៉ូប្រាកដប្រជាមួយជាងគេ។ ប្រធានាធិបតី អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មិនបានប្រកាសសង្រ្គាមផ្លូវការលើរុស្ស៉ីនោះទេ ប៉ុន្តែលោកបានដាក់ចេញច្បាប់អាជ្ញាសឹកនៅទូទាំងប្រទេស នៅពេលរុស្ស៉ីចាប់ផ្ដើមការឈ្លានពានកាលពីថ្ងៃទី២៤ ខែកុម្ភៈ។

ជម្រើសផ្សេងទៀតសម្រាប់លោក ពូទីន នោះគឺប្រកាសដាក់ចេញច្បាប់កែនកងទ័ពរុស្ស៉ី ដែលអាចត្រូវបានប្រើប្រាស់ក្នុងការកែនកងទ័ពទាំងស្រុង ឬមួយផ្នែក នៅក្នុងករណីមានការឈ្លានពានប្រឆាំងសហព័ន្ធរុស្ស៉ី ឬការគំរាមឈ្លានពានដោយផ្ទាល់ ឬក៏ជម្លោះប្រដាប់អាវុធដែលគំរាមកំហែង ដោយផ្ទាល់ដល់សហព័ន្ធរុស្ស៉ី។ តាមរយៈការដាក់ចេញច្បាប់នេះ , វានឹងផ្ដល់ឱ្យរដ្ឋាភិបាលលោក ពូទីន មិនត្រឹមតែអំណាចកែនកងទ័ពប៉ុណ្ណោះ តែវា ក៏អាចបង្វែរធនធានសេដ្ឋកិច្ចនានា យកមកធ្វើសង្រ្គាមផងដែរ។

ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងមក, កងទ័ពរុស្ស៉ីយ៉ាងហោច ១៥,០០០នាក់ត្រូវបានគេរាយការណ៍ថាបានពលីជីវិត។ ដូច្នេះការកែន ឬប្រមូលកងទ័ពបន្ថែមគឺជារឿងចំាបាច់បំផុត ប្រសិនបើមូស្គូចង់សម្រេចគោលដៅណាមួយរបស់ខ្លួននៅអ៊ុយក្រែន។ លោក អ៉ីញ៉ាតូវបានបន្ថែមថា ការកែនកងទ័ពមានន័យថារុស្ស៉ីអាចនឹងកោះហៅទាំងកងទ័ពកំពុងបំពេញតួនាទី, កងទ័ពបម្រុង រួមទាំងប្រជាជនរុស្ស៉ីឆ្លងកាត់កាតព្វកិច្ចយោធា និងដែលបានទទួលការបណ្ដុះបណ្ដាលយោធា ឱ្យចូលរួមប្រយុទ្ធ។ ប៉ុន្តែ បើតាមអ្នកជំនាញរូបនេះ ការធ្វើបែបនេះក៏អាចនឹងបង្កហានិភ័យធំដល់ រដ្ឋាភិបាលលោក ពូទីនដូចគ្នាដែរ។ ពោលគឺវាអាចមានន័យស្មើថាលោក ពូទីនទទួលស្គាល់ថាផែនការយោធាពីដំបូងរបស់លោកនៅអ៊ុយក្រែន មិនបានដំណើរការតាមផែនការ ហើយអាចនឹងបង្កការខូចខាតយ៉ាងធំសម្បើមដល់សេដ្ឋកិច្ចរុស្ស៉ីដែលកំពុងយ៉ាប់យឺនស្រាប់ ព្រមទាំងអាចធ្វើឱ្យ លោក ពូទីនបាត់បង់ការគំាទ្រនៅក្នុងស្រុក ខណៈប្រជាជនរុស្ស៉ីមួយចំនួនដែលគាំទ្រការឈ្លានពានអ៊ុយក្រែន ពួកគេមិនចង់ទៅប្រយុទ្ធដោយផ្ទាល់ នៅអ៊ុយក្រែននោះទេ។ បានន័យថា ប្រសិនជាលោក ពូទីន ប្រកាសកែងកងទ័ពទាំងស្រុងមែន នោះអាចនឹងធ្វើឱ្យប្រជាជនរុស្ស៉ីខ្លះមិនពេញចិត្ត។

តែទោះបែបនេះក្ដី, បើតាមលោក អ៉ីញ៉ាតូវ, វានៅតែមានលទ្ធភាពអាចទៅរួចថាលោក ពូទីនអាចនឹងដាក់ចេញ «ច្បាប់កែនកងទ័ព» ដោយមិនចាំបាច់ ប្រកាសសង្រ្គាមផ្លូវការលើអ៊ុយក្រែន តាមរយៈការដាក់ចេញច្បាប់អាជ្ញាសឹកនៅក្នុងប្រទេស, ពន្យារពេលការបោះឆ្នោត និងពង្រឹងអំណាចពេញដៃ បន្ថែម។

* តើអាចនឹងមានរឿងអ្វីផ្សេងកើតឡើង?
ប្រសិនបើ លោក ពូទីន មិនប្រកាសសង្រ្គាមផ្លូវការលើអ៊ុយក្រែនទេ នោះលោកអាចនឹងប្រកាសពីជោគជ័យ ដែលលោកជប់ឡើងនៅក្នុង សេចក្ដីថ្លែងការណ៍ នាឱកាសប្រារព្ធទិវាជ័យជម្នះថ្ងៃទី៩ ខែឧសភា។ ជម្រើសទាំងនោះរួមមានការក្រសោបយកតំបន់ផ្ដាច់ខ្លួនពីរ នៅភាគខាងកើត អ៊ុយក្រែន ដូចជាលូហាន់ និងដូណេត ដោយដាក់តំបន់ទាំង២នេះក្រោមឧបសម្ព័ន្ធរបស់ខ្លួន, សម្រេចឱ្យបានគោលដៅធំណាមួយក្នុងទីក្រុងអូដេសា (Odesa) ឬក៏ប្រកាសពីការគ្រប់គ្រងទីក្រុងម៉ារីយូប៉ូល (Mariupol) នៃភាគខាងត្បូងអ៊ុយក្រែន ទាំងស្រុង។

បន្ថែមពីលើនេះ វាក៏អាចទៅរួចដែលថារុស្ស៉ីមានផែនការប្រកាសបង្កើតសាធារណរដ្ឋមួយក្នុងទីក្រុង ខឺសុន (Kherson) នៃភាគអាគ្នេយ៍ប្រទេស អ៊ុយក្រែនតាមរយៈការបោះឆ្នោតប្រជាមតិ។ នៅត្រង់ចំណុចនេះដែរ លោក អូឡិច អ៉ីញ៉ាតូវ បានសង្កត់ធ្ងន់ថាលោក ពូទីនអាចនឹងប្រកាសថាកងទ័ព រុស្ស៉ីសម្រេចបានជោគជ័យមួយចំនួននៅអ៊ុយក្រែន ហើយលោកអាចនឹងប្រើថ្ងៃទី៩ ខែឧសភា ដើម្បីពង្រឹងប្រជាប្រិយភាពរបស់លោក។ ប៉ុន្តែ លោក អ៉ីញ៉ាតូវ បានទទួលស្គាល់ថាគេពិតជាបាកស្មានណាស់ថាតើលោក ពូទីន នឹងធ្វើអ្វីចេញមកក្រៅ ពីព្រោះថារាល់ការសម្រេចចិត្តទាំងឡាយនៅរុស្ស៉ី ត្រូវបានគេជឿជាក់ថាធ្វើឡើងដោយលោក ពូទីនតែម្នាក់ និងទីប្រឹក្សាមួយចំនួនតូចរបស់លោក។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ទី២ ខែឧសភានេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានលើកឡើងថាវាមានហេតុផលដែល អាចទៅរួចថារុស្ស៉ីអាចនឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីយកថ្ងៃទី៩ ខែឧសភា ក្នុងការឃោសនាតាមដែលលោកពូទីនចង់បាន និង ជាការបិទបាំងពីបរាជ័យយុទ្ធសាស្ត្រនៅក្នុងសង្រ្គាមអ៊ុយក្រែន៕

ប្រភព៖ CNN (ថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២)
ដោយៈ Fresh News

ចែករំលែក

បញ្ចេញយោបល់