អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយនូវវីដេអូថ្មីក្រោមចំណងជើងថា៖ «ក្តីសប្បាយរីករាយរបស់យុវជនខ្មែរដែលរៀមច្បងរបស់ខ្លួនមិនធ្លាប់ជួបប្រទះក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំចុងក្រោយ»

ថ្ងៃព្រហស្បតិ៍ ទី ២១ មេសា ២០២២​
19

បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីរយៈពេល ៣ថ្ងៃ ទើបតែបានបិទបញ្ចប់ទៅប្រកបដោយបរិយាកាសសប្បាយរីករាយនិងគគ្រឹកគ្រេង ហើយដែលប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី ជាពិសេសយុវជនយុវនារីបានប្រារព្ធពិធីចូលឆ្នាំតាមប្រពៃណីជាតិរបស់ខ្លួនយ៉ាងអឹកអធឹកជាទីបំផុត។ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានផលិតនូវវីដេអូផ្លូវការថ្មីមួយទៀត ក្រោមចំណងជើងថា «ក្តីសប្បាយរីករាយរបស់យុវជនខ្មែរដែលរៀមច្បងរបស់ខ្លួនមិនធ្លាប់ជួបប្រទះក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំចុងក្រោយ» ដើម្បីផ្សព្វផ្សាយជូនសាធារណជន។

វីដេអូថ្មីនេះ ផលិតឡើង ដើម្បីរំលេចឱ្យឃើញនូវបរិយាកាសដ៏សប្បាយរីករាយ ដែលព្រះរាជាណាចក្រកម្ពុជាយើង បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប្រកបដោយជោគជ័យ ដែលពលរដ្ឋបានចូលរួមដើរកម្សាន្ត ជួបជុំក្រុមគ្រួសារស្ទើរតែគ្រប់ទីកន្លែងរមណីដ្ឋានទេសចរណ៍ និងកន្លែងទីប្រជុំជន និងវត្តអារាម ដោយមិនព្រួយបារម្ភខ្លាំងពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយសារតែការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន លើនយោបាយវ៉ាក់សាំង។ ភាពសប្បាយរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មី ក៏ជាការផ្សារភ្ជាប់រវាងយុវជននិងប្រវត្តិសាស្ត្រ ហើយ ដែលនឹងបង្កបរិយាកាសល្អដល់ដំណើរការឆ្ពោះទៅរកការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ នាពេលខាងមុខនេះផងដែរ។
លើសពីឆ្នាំណាៗទាំងអស់ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦នេះ អាចចាត់ទុកជាពិធីបុណ្យចូលឆ្នាំដែលមានបរិយាកាសសប្បាយរីករាយបំផុតមួយ បន្ទាប់ពីបានអាក់ខានអស់រយៈពេលពីរឆ្នាំដោយសារតែវិបត្តិនៃជំងឺរាតត្បាតសាកលកូវីដ-១៩ ជាពិសេសបរិយាកាសសប្បាយរីករាយឆ្នាំនេះ មានសភាពគគ្រឹកគគ្រេងលើសពីបណ្តាឆ្នាំកាលពីមុនពេលកើតមានកូវីដ-១៩ ទៅទៀត។ ភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋនិងយុវជនខ្មែរបានកើតឡើងខណៈពេលដែល ពិភពលោកកំពុងបន្តញាំញីដោយជំងឺឆ្លងសាកលកូវីដ-១៩ នៅមិនទាន់ចប់នៅឡើយ។ ប៉ុន្តែផ្ទុយទៅវិញ ប្រជាពលរដ្ឋនិងយុវជនខ្មែរបែរជាអាចប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរបស់ខ្លួនបានយ៉ាងសប្បាយរីករាយបំផុត។
មានមូលហេតុចម្បងចំនួន៤ដែលប្រជាពលរដ្ឋ និងយុវជនខ្មែរស្គាល់ភាពសប្បាយរីករាយបែបនេះ ក្នុងនោះ គឺសន្តិភាពដែលជាកត្តាកំណត់ចាំបាច់និងចម្បងបំផុតដើម្បីធានាឲ្យប្រជាពលរដ្ឋនិងយុវជនខ្មែរអាចស្គាល់ភាពសប្បាយរីករាយដោយគ្មានការព្រួយបារម្ភពីសង្គ្រាម ឬអសន្តិសុខផ្ទាល់ខ្លួនឡើយ។ ខុសពីយុវជនជំនាន់មុនៗដែល កុមារភាពនិងយុវវ័យរបស់ពួកគេត្រូវបានបំផ្លាញដោយសង្គ្រាមនិងរបបប្រល័យពូជសាសន៍ ធ្វើឲ្យជីវិតពួកគេរស់ក្នុងភាពភ័យខ្លាច អត់ឃ្លាននិងប្រឈមមុខនឹងសេចក្តីស្លាប់គ្រប់ពេលវេលាដោយគ្រាប់ផ្លោង ដោយការកាប់សម្លាប់ ដោយពលកម្មបាក់កម្លាំង ឬដោយដាច់ពោះព្រោះអត់អាហារ។ ប៉ុន្តែ យុវជនសម័យនេះមិនដែលខ្វល់ខ្វាយអំពីបញ្ហាទាំងអស់នោះទៀតឡើយ។ ពួកគេគិតតែពីរៀនសូត្រយកសញ្ញាបត្រខ្ពស់ រស់ក្នុងជីវភាពសមរម្យ និងថ្លៃថ្នូរក្នុងសង្គមដ៏សម្បូរបែបទាំងចំណីអាហារនិងបច្ចេកវិទ្យាទំនើបៗដែលរៀមច្បងរបស់ពួកគេមិនដែលបានស្គាល់នោះឡើយនៅក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំចុងក្រោយនេះ។
ភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋនិងយុវជនខ្មែរក្នុងឆ្នាំនេះបានកើតឡើងដោយសារតែកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេងក្នុងការគ្រប់គ្រងជំងឺកូវីដ -១៩។ ជោគជ័យនេះបានមកពីការគិតត្រូវ សម្រេចចិត្តត្រូវ និងការដាក់ចេញវិធានការប្រកបដោយប្រសិទ្ធភាព ដោយមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋនិងយុវជនគ្រប់មជ្ឈដ្ឋាន។
វាមិនមែនជារឿងប្រឌិត ប៉ុន្តែគឺជាសច្ចធម៌ប្រវត្តិសាស្ត្រដែលគ្មានអ្នកណាអាចបដិសេធបានឡើយ។ ប្រកែកមិនបានពីព្រោះនៅក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំចុងក្រោយនេះ គ្មានពេលវេលាណាមួយដែលកម្ពុជាមានសន្តិភាពពេញលេញនិងយូរអង្វែងដូចសម័យបច្ចុប្បន្នឡើយ។ ក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំចុងក្រោយនេះ គ្មានពេលវេលាណាមួយដែលប្រទេសកម្ពុជាបានស្គាល់នូវការអភិវឌ្ឍន៍ខ្លាំងដូចសម័យបច្ចុប្បន្ននេះដែរ។ ក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំចុងក្រោយនេះ គ្មានពេលវេលាណាមួយដែលប្រទេសកម្ពុជាបានស្គាល់ការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងទេសចរណ៍ដូចសម័យបច្ចុប្បន្ននេះឡើយ ហើយក៏គ្មានសម័យកាលណាមួយដែលប្រជាពលរដ្ឋនិងយុវជនខ្មែរស្គាល់ភាពសម្បូរសប្បាយដូចសម័យបច្ចុប្បន្ននោះដែរ។
សមិទ្ធផលទាំងអស់នេះមិនមែនកើតឡើងដោយចៃដន្យនោះឡើយ ប៉ុន្តែវាពិតជាបានកើតចេញពីពលីកម្ម និងកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ ស្នាដៃជាប្រវត្តិសាស្ត្រនេះគឺជាសមិទ្ធផលប្រវត្តិសាស្ត្រដែលយុវជននិងយុវនារីក្នុងជំនាន់ថ្មីមិនត្រឹមតែត្រូវចងចាំទុកក្នុងចិត្តប៉ុណ្ណោះទេ ប៉ុន្តែត្រូវរួមគ្នាថែរក្សាការពារអោយបានគង់វង្សជារៀងរហូត ពីព្រោះវាគឺជាសមិទ្ធផលដែលមិនធ្លាប់កើតមានឡើយនៅក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំរបស់ជាតិយើង៕

សូមអញ្ជើញទស្សនាវីដេអូ៖

ចែករំលែក

បញ្ចេញយោបល់