សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, អភិសេករូបសំណាកព្រះថោងនាងនាគ ក្រុងព្រះសីហនុ

ថ្ងៃអាទិត្យ ទី ១៧ មេសា ២០២២​
11

CNV: 16 ខែ​មេសា, 2022

រូបបដិមាព្រះថោងនាងនាគនិងសិង្ហ ជាការយកចិត្តទុក​ដាក់ដល់ការកើតឡើងទឹកដី ក៏ដូចខេត្តព្រះសីហនុ

ខ្ញុំព្រះករុណាខ្ញុំ​ ​សូមក្រាបថ្វាយបង្គំ សម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គជាទីសក្ការៈ។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ​ជាទីគោរពស្រលាញ់។​

ថ្ងៃនេះ ត្រូវនឹងថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២២ ហើយក៏ត្រូវជាថ្ងៃទី ៣ នៃថ្ងៃចូលឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ហើយក៏ជាថ្ងៃវារៈឡើងស័ក នៃពិធីចូលឆ្នាំ​ផងដែរ។ ថ្ងៃនេះ យើងធ្វើពិធីអភិសេករូបបដិមាព្រះថោងនាងនាគ ឬហៅថា រូបសំណាក ឬហៅថា ព្រះបរមរូបព្រះថោងនាងនាគ នៅទីនេះ។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងក្រុមការងារ ក៏ដូចជាវិស្វករ និងអ្នកបច្ចេកទេសរបស់យើង ដែលបានគិតគូរយ៉ាងល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ដើម្បីរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ រូបសំណាកនានា ដែលតំណាងឱ្យទឹកដីនៃខេត្តព្រះសីហនុផង ក៏ដូចជាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

វាមិនមែនជាការគាប់ជួន និងជាការចៃដន្យទេ អ្វីដែលបានកើតឡើងក្នុងការការអភិវឌ្ឍតំបន់ឆ្នេរនៅទីនេះគឺសុទ្ធតែកើតចេញពីការគិតគូរយ៉ាងហ្មត់ចត់ពីថ្នាក់ដឹកនាំ ក្រុមការងារដែលបានធ្វើនៅទីនេះ ហើយដែលទីក្រុងនេះជាទីក្រុងដែលផ្សារភ្ជាប់ដោយអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ហើយមានព្រះបរមរូប ឬរូបសំ​ណាក​ ឬរូបបដិមាសិង្ហ ដែលជាតំណាងឱ្យព្រះអង្គផងដែរ។ ចំណុចទាំងអស់នេះ ក៏បានបង្ហាញអំពីការយកចិត្តទុក​ដាក់​របស់យើងចំពោះការកើតឡើងនូវទឹកដី ក៏ដូចជាការកកើតឡើងនូវខេត្តព្រះសីហនុរបស់យើង ដែលបច្ចុប្បន្ននេះ គឺជាខេត្តដែលអភិវឌ្ឍន៍តាមរបៀបពហុបំណង។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការកោតសរសើរ និងស្ញប់ស្ញែងចំពោះស្នាដៃកូនខ្មែរ ហើយកាន់តែធ្វើឱ្យពាក្យដែលនៅខាងក្រោយខ្នងយើង គឺខ្មែរធ្វើបាន កាន់តែមានតម្លៃថែមទៀត។

រចនាបថដែលយើងបានធ្វើនៅទីនេះ គឺស័ក្ដិសម ហើយគឺជាការកោតសរសើរយ៉ាងជ្រាលជ្រៅពីខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាភរិយារបស់ខ្ញុំព្រះករុណាខ្ញុំ។ កាលពីពេលមកដល់ គឺនៅទីនេះ ខ្ញុំព្រះករុណាខ្ញុំ បានឆ្លៀតថតរូប ហើយក៏បានបញ្ជាក់ថា កាលដែលខ្ញុំរៀបការ គឺមិនបានតោងស្បៃនោះទេ។ ថ្ងៃនេះ គឺថតរូប​ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយមើល។​ រូបភាពនៅទីនេះល្អឥតខ្ចោះ។ ជានិច្ចកាល ភរិយារបស់ខ្ញុំព្រះករុណាខ្ញុំ ប្រសិនបើធ្វើរូបភាពណាមួយជូនទៅគាត់ក្នុង ១០ រូប មាន ០៥ ហើយដែលគាត់ត្រូវកែ ក៏ប៉ុន្តែគាត់បែរជាមកពេញចិត្តជាមួយនឹងរូបភាព​ដ៏ស្អាត(នៃបដិមាព្រះថោងនាងនាគ) ជាស្នាដៃកូនខ្មែរសុទ្ធសាធ ដើម្បីដាក់តាំងនៅទីនេះ។

៤ អត្ថន័យអំពីព្រះថោងនាងនាគ ក្នុងអាពាហ៍ពិពាហ៍ខ្មែរ

យើងបានដឹងហើយថាមានការផ្សារភ្ជាប់ពីផ្លូវមួយទៅកាន់ផ្លូវមួយនៅទីនេះ។ ចំណុចដែលយើងដាក់រូបសំ​ណាកព្រះថោងនាងនាគ ឬបដិមាព្រះថោងនាងនាគ ឬព្រះបរមរូបព្រះថោងនាងនាគ ពិតមែនតែប្រវត្តិសាស្រ្តបានបក​ស្រាយពីនេះពីនោះអំពីអ្វីដែលបានកើតឡើងនៅក្នុងអតីតកាល ក៏ប៉ុន្តែយ៉ាងហោចណាស់ក្នុងពេលនេះ និងទៅអនាគតកាល គឺបានផ្សារភ្ជាប់យ៉ាងជ្រៅជាមួយនឹងអាពាហ៍ពិពាហ៍របស់ខ្មែរយើង។ សូមក្រឡេកមើល និងពិនិត្យឱ្យបានច្បាស់នៅក្នុងពេលរៀបអាពាហ៍ពិពាហ៍ យ៉ាងហោចណាស់មានចំណុចដែលទាញយកពីរឿង ទាក់ទិននឹងព្រះថោងនាងនាគនេះ មួយចំនួន។

ទី ១ គឺបុរសតែងចូលដណ្ដឹងខាងស្រី។ បើទោះបីជាមានការបង្ហាញកាលពីពេលមុនថា បុរសទៅដណ្ដឹងស្រីដោយសារតែការ(ពូន)ភ្នំប្រុសភ្នំស្រី (ហើយបុរសពូនភ្នំបានទាបជាងខាងស្រី) ទើបធ្វើឱ្យបុរសចូលទៅដណ្ដឹងស្រី ប៉ុន្តែអត្ថន័យពិតប្រាកដ (រូបបដិមានេះ)បានផ្សារភ្ជាប់ជាមួយនឹងរឿងព្រេងខ្មែរ ឬអាពាហ៍ពិពាហ៍របស់ខ្មែរយើង គឺនៅត្រង់បុរសចូលទៅដណ្ដឹងស្រី។

តាមប្រវត្តិនៅទីនេះ ក៏បញ្ជាក់ច្បាស់នៅក្នុងអាពាហ៍ពិពាហ៍របស់យើង នៅមុនពេលបុរសចូលទៅដណ្ដឹងស្រី ក៏នៅមាន ពិធីអាពាហ៍ពិពាហ៍មុននឹងពេលឡើងផ្ទឹម គឺខាងស្រ្ដីតែងតែទៅដឹកដៃបុរសចូលមកដើម្បី(ចូល)ផ្ទឹម នេះជាចំណុចទី ២។

ចំណុចទី ៣ បន្ទាប់ពីបញ្ចប់នូវពិធីរួចរាល់ហើយនោះ គឺបុរសតែងតោងស្បៃខាងស្រ្តី ដែលហៅថា ព្រះថោងនាងនាគ។ រឿងនេះ អាចារ្យ គុណ បានដឹងអំពីការរៀបចំអាពាហ៍ពិពាហ៍ ដែលម្ដងមានដាវម្ដងអត់ដាវ ម្ដងកាន់ដាវខាងស្ដាំ ម្ដងកាន់ដាវខាងឆ្វេង​។ ខ្ញុំបានកែសម្រួលតែម្ដងនៅក្នុងពេលអាពាហ៍ពិពាហ៍នោះ។ ពេលខ្លះ បុរសកាន់ដាវមិនសមរម្យ។ ខ្ញុំព្រះករុណាខ្ញុំ ក៏បានកែសម្រួលនៅទីនោះ។

រឿងមួយទៀត ដែលជាចំណុចទី ៤ នោះនៅត្រង់ថា ពិធីអាពាហ៍ពិពាហ៍របស់កម្ពុជាបច្ចុប្បន្ននេះ គឺត្រូវធ្វើបុកល័ក្ដ។ អាចារ្យ គុណ បាន​ពន្យល់អំពីពិធីបុកល័ក្ដនេះថា ដើម្បីបន្សាបនូវពិសទាំងឡាយរបស់នាងនាគ។ ការបុកល័ក្ដនេះ មិនបានយកល័ក្ដដើម្បីលាងធ្មេញរបស់បុរសទេ ក៏ប៉ុន្តែលាងធ្មេញខាងស្រ្ដី ដែលតំណាងឱ្យការបន្សាបពិសនៃនាគរាជ។

ទី ១ រូបសំណាកផ្សេងៗ ក្នុងខេត្តព្រះសីហនុ ជាផលិតផលវិស័យទេសចរណ៍

ការកើតឡើងនូវរូបសំណាកផ្សេងៗនៅក្នុងខេត្តព្រះសីហនុ គឺជានិមិត្តរូបនៃការកកើតទឹកដី ក៏ដូចជាការកកើតនូវខេត្តព្រះសីហនុ ក៏ប៉ុន្តែវាក៏បានក្លាយទៅជាផលិតផលនៃវិស័យទេសចរណ៍ដ៏ទាក់ទាញ។ ខ្ញុំបានឃើញគេបង្ហោះរូបភាពចេញពីទីនេះ គ្រាន់តែយក(ព្រះថោងនាងនាគ)មកដាក់ប៉ុន្មានថ្ងៃ។ ម្សិលមិញនេះ មនុស្សយ៉ាងច្រើន(មកថតរូបលេង)។ សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងដែលចង់ដឹង និងមកថតរូបភាពចេញពីទីនេះ និង រូបសំណាកនៅទីតាំងមួយចំនួនផ្សេងទៀត រាប់ទាំងរូបសំណាកសិង្ហ ដែលតំណាងឱ្យព្រះបរមរូប ព្រះនាម អតីតព្រះមហាក្សត្រ សម្ដេច ព្រះនរោត្តម សីហនុ ដែលស័ក្ដិសមនឹងខេត្តព្រះសីហនុ ឬក្រុងព្រះសីហនុរបស់យើង។ នេះគឺជាចំណុចមួយ។

ទី ២ សន្ដិភាពនិងការស្រោចវ៉ាក់សាំង ធ្វើអោយឆ្នាំនេះ អាចរៀបចំសង្រ្កាន្តគ្រប់កន្លែង

ចំណុចទី ២ ចូលឆ្នាំលើកនេះ ប្រជាជនសប្បាយរីករាយ។ ថ្ងៃនេះ គឺជាថ្ងៃទី ៣ គឺជាថ្ងៃវារៈឡើងស័ក។ ខ្ញុំបានទទួលរបាយការណ៍របស់ឯកឧត្តម ថោង ខុន ថា ពីថ្ងៃទី ១ យើងមានមនុស្សត្រឹមតែ ៨៦ ម៉ឺននាក់តែប៉ុណ្ណោះ ដែលបានចេញដើរលេង។ ប៉ុន្តែ ម្សិលមិញនេះ ប្រជាជនកម្ពុជាឡើងដល់ជាង ១ លាន ៥ សែននាក់ បានដើរទស្សនកិច្ចនៅតាមទីកន្លែងផ្សេងៗ។ ប៉ុន្តែយើងក៏មិនភ្លេចថាមានការសប្បាយរីករាយរបស់ប្រជាពលរដ្ឋនៅតាមភូមិ តាមឃុំ តាមវត្តអារាម កន្លែងណាក៏រៀបចំសង្រ្កាន្តទាំងអស់។ (យើងមាន)សង្រ្កាន្តតាមភូមិ សង្រ្កាន្តតាមឃុំ សង្រ្កាន្តតាមស្រុក សង្រ្កាន្តតាមខេត្ត និងសង្រ្កាន្តតាមវិទ្យាល័យ ឬសាកលវិទ្យាល័យ។

ចំណុចនេះ កាលពីឆ្នាំទៅ គឺជាឆ្នាំដែលលំបាក។ អ្វីដែលជាការខិតខំរបស់យើងកាលពីឆ្នាំទៅគឺដើម្បីថ្ងៃនេះឯង ឆ្នាំនេះឯង។ អ្វីដែលជាការខិតខំកាលពីប៉ុន្មានខែមុន គឺដើម្បីថ្ងៃនេះឯង។ ខ្ញុំព្រះករុណាខ្ញុំ បានប្រកាសជាសាធារណៈថា ឆ្នាំនេះប្ដូរផ្ដាច់ដើម្បីនឹងរៀបចំឱ្យមានការចូលឆ្នាំ។ ប្រជាពលរដ្ឋរបស់យើងបានខកខានការចូលឆ្នាំ ០២ ឆ្នាំរួចមកហើយ។ ការខកខាន ០២ ឆ្នាំនោះ (គឺដោយសារ)យើងមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់។ បន្ទាប់ពី(មាន)វ៉ាក់សាំង និងបានចាក់ជោគជាំ មិនមែនជាការចាក់វ៉ាក់សាំងទេ និយាយឱ្យត្រូវតាមន័យរបស់វា គឺស្រោចវ៉ាក់សាំង (យើងឈានមក)ធានាបានភាពស៊ាំសហគមន៍របស់ប្រជាជនយើង។

ប្រជាជនដើរកំសាន្ត ដោយមានសន្តិភាព វ៉ាក់សាំងបន្ស៊ាំហគមន៍ មធ្យោបាយ សំលៀកបំពាក់ ផ្លូវថ្នល់

ដោយសារតែយើងគ្រប់គ្រងបានល្អ ជាមួយនឹងកូវីដ-១៩ ហើយជាមួយនឹងសន្ដិភាពដែលយើងរកបានក្នុងរយៈពេលកាល ២៤ ឆ្នាំកន្លងទៅ ធ្វើឱ្យប្រជាពលរដ្ឋអាចដើរលេងគ្រប់កន្លែងទាំងអស់ ជាមួយនឹងមធ្យោបាយ សំលៀកបំពាក់ ក៏ដូចជាផ្លូវថ្នល់ដែលធ្វើដំណើរបានច្រើន។ ចំណុចនេះ ខ្ញុំព្រះករុណាខ្ញុំ សប្បាយរីករាយជាមួយនឹងប្រជាជន ប៉ុន្តែក្នុងនោះ ខ្ញុំព្រះករុណាខ្ញុំ កំពុងតែគិតថា តើបន្ទាប់ពីនេះទៅ នឹងមានអ្វីកើតឡើង។ ខ្ញុំព្រះករុណាខ្ញុំ នៅតែតាំងចិត្ត និងមានជំនឿជាក់ទៅលើបងប្អូនប្រជាពលរដ្ឋរបស់យើង។

ម្សិលមិញ ថ្ងៃទី ២(នៃថ្ងៃចូលឆ្នាំ) គឺចំនួនអ្នកឆ្លង(កូវីដ-១៩) មានត្រឹមតែ ១៩ នាក់តែប៉ុណ្ណោះ ហើយតួលេខពីថ្ងៃម្សិល ដែលយកមកផ្សាយនៅថ្ងៃនេះ ថ្ងៃទី ៣(នៃថ្ងៃចូលឆ្នាំ)នេះ ចំនួនអ្នកឆ្លង(កូវីដ-១៩) គឺមានត្រឹមតែ ១២ នាក់តែប៉ុណ្ណោះ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានដាក់ខេត្តចំនួន ០៤ គឺខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ ទៅជាខេត្តដែលមិនតម្រូវឱ្យមានការចាំបាច់ត្រូវតែពាក់ម៉ាសនោះទេ គឺទុកលទ្ធភាពឱ្យប្រជាជនជ្រើសរើសខ្លួនឯង ពាក់ម៉ាស ឬមិនពាក់ម៉ាស។

ជាមោទនភាពកម្ពុជា ទទួលវ៉ាក់សាំង និងប្រជាជនសប្បាយចូលឆ្នាំថ្មី ដោយគ្មានការរើសអើង

ខ្ញុំព្រះករុណាខ្ញុំ ពិតជាឃើញថា មានការសប្បាយរីករាយ ហើយមានសាមគ្គីភាពនៅក្នុងចំណោមប្រជាជននៅតាមភូមិ តាមឃុំ និងទីកន្លែងកម្សាន្តនានា បើទោះបីជាប្រទេសជាតិរបស់យើងមាន ១៧ គណបក្ស ដែលត្រៀមប្រកួតប្រជែងនៅពេលខាងមុខនេះក៏ដោយចុះ។ យើងមិនបានឃើញសញ្ញានៃការបែងចែង រើសអើងណាមួយនៅក្នុងចំណោមប្រជាជនរបស់យើង នៅពេលវេលាដែលមកដល់សម្រាប់ការបោះឆ្នោតនោះទេ។ គេចូលរាំសប្បាយរីករាយ​ ចូលលេងជាមួយគ្នាដោយមិនគិតថា នរណានៅខាងគណបក្សណានោះទេ។ ការទទួលបានវ៉ាក់សាំងក៏ដូចគ្នា កម្ពុជាគ្មានការជ្រើសរើស ឬរើសអើងណាមួយ នៅក្នុងចំណោមប្រជាពលរដ្ឋរបស់ខ្លួនឡើយ។ ទោះបីជឿលើបក្សណាក៏ដោយ សុទ្ធតែទទួលបាននូវវ៉ាក់សាំងទាំងអស់។

នេះហើយជាមោទនភាពរបស់កម្ពុជារបស់ខ្មែរយើង ដែលចូលឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ដែលមកដល់ថ្ងៃស្អែកនេះ។ ថ្ងៃនេះ ជាថ្ងៃពាក់កណ្ដាល ស្អែកនឹងចូលមកដល់(ពុទ្ធសករាជ ២៥៦៦)។ ឆ្នាំនេះគឺជាឆ្នាំដ៏ល្អ ហើយសង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងនឹងបន្តការលេងកំសាន្ត ដែលខ្ញុំគិតថា ថ្ងៃនេះជាថ្ងៃទី ១៦ ចុងក្រោយ ប៉ុន្តែប្រជាពលរដ្ឋរបស់យើងក៏នឹងលេងបន្ត ដោយសារថ្ងៃនេះទើបនឹងថ្ងៃសៅរ៍ គាត់លេងដល់ថ្ងៃអាទិត្យ ហើយខ្លះអាចរំលងទៅហ្នឹងទៀត ព្រោះតាមទម្លាប់ធម្មតារបស់ប្រជាពលរដ្ឋរបស់យើង គឺលេងមុនមួយអាទិត្យ និងលេងក្រោយកន្លះខែទៅទៀត។

មិនអនុវត្តច្បាប់ពីការគ្រប់គ្រង កូវីដ-១៩ ជំងឺឆ្លង ខ្មែរមកពីបរទេស មិនតម្រូវឲ្យធ្វើតេស្ត PCR

ខ្ញុំគ្មានបំណងដាក់បម្រាមណាមួយលើការលេង(ចូលឆ្នាំ)នោះទេ ហើយក៏សុំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កុំអនុវត្តនូវច្បាប់ទាក់ទងនឹងការគ្រប់គ្រង កូវីដ-១៩ និងជំងឺឆ្លងដទៃទៀត។ គឺសូមមិនអនុវត្តនៅក្នុងដំណាក់កាលនៃការចូលឆ្នាំ លើកលែងតែមានស្ថានភាពឆ្លងធ្ងន់ធ្ងរ យើងនឹងអាចប្រកាសជូនប្រជាពលរដ្ឋ ដើម្បីផ្អាកការលេងឬកាត់បន្ថយការលេង។ អញ្ចឹង នៅតាមភូមិ ឃុំ នៅតាមតំបន់ទេសចរណ៍នានា នៅតែបន្តដំណើរការធម្មតា។

ពិតមែនតែខ្ញុំព្រះករុណាខ្ញុំ នៅមានការកង្វល់នៅឡើយ តែខ្ញុំព្រះករុណាខ្ញុំ លើកទឹកចិត្តទុកលទ្ធភាពឲ្យប្រជាពលរដ្ឋរបស់យើងធ្វើដំណើរ លេងកំសាន្ត នៅក្នុងក្របខណ្ឌទូទាំងព្រះរាជាណាចក្រកម្ពុជា។ សូមស្វាគមន៍បងប្អូនខ្មែរដែលរស់នៅឯបរទេស អញ្ជើញម​កលេងនៅកម្ពុជា ដោយនៅទីនេះ មិនតម្រូវឲ្យមានការបញ្ជាក់នៃការធ្វើតេស្ត PCR សម្រាប់រយៈពេល ៧២ ម៉ោងនោះទេ ហើយមកដល់ទីនេះ ក៏មិនមានតម្រូវការណាមួយ ដើម្បីនឹងធ្វើតេស្តនោះដែរ។ យើងទុកភារកិច្ចទាំងអស់នេះ ជូនប្រជាពលរដ្ឋរបស់យើង។ បើមានការមិនស្រួល ត្រូវស្វះស្វែងរកការធ្វើតេស្ត ហើយបើឃើញថាវិជ្ជមាន ត្រូវព្យាបាលភ្លាម។

កុំរង់ចាំដល់សង្គ្រាមកើតឡើង ទើបស្វែងរកនិងស្រែកថាសន្តិភាពមានតម្លៃ

ចំណុចមួយទៀត ដែលខ្ញុំព្រះករុណាខ្ញុំ ចង់ទូលប្រគេន និងជម្រាបជូនបងប្អូនជនរួមជាតិ កាលពី ៤៧ ឆ្នាំមុន គឺនៅថ្ងៃ ១៦ មេសា ឆ្នាំ ១៩៧៥ ថ្ងៃនេះហើយគឺជាថ្ងៃចុងក្រោយ ដែលខ្ញុំព្រះករុណាខ្ញុំ ប្រែខ្លួនពីជនដែលមិនពិការទៅជាជនពិការភ្នែក។ នៅវេលាពេលនោះ ម៉ោងនេះគឺខ្ញុំព្រះករុណាខ្ញុំ បានសន្លប់ មិនបានដឹងថា តើមានអ្វីកើតឡើងក្រោយពេលដែលខ្ញុំសន្លប់នោះ។ ពិតណាស់ នោះហើយជា(ផលវិបាក)សង្គ្រាម។ ប្រទេសយើងខ្វះនូវសន្តិភាព ដោយសារតែសង្គ្រាមបានឆាបឆេះ តាំងពីក្រោយរដ្ឋប្រហារ ១៨ មីនា បានទម្លាក់សម្តេចព្រះនរោត្តម សីហនុ។

ដូច្នេះ បានជាក្នុងឱកាសដែលខ្ញុំព្រះករុណាខ្ញុំ មានលទ្ធភាពដើម្បីនឹងដឹកនាំប្រទេស ខ្ញុំព្រះករុណាខ្ញុំ ប្តូរផ្តាច់ដឹកនាំប្រទេសមួយនេះតាមផ្លូវសន្តិភាព ស្វែងរកសន្តិភាពឲ្យប្រជាជនឲ្យខាងតែបាន។ ខ្ញុំមិនចង់ឲ្យយុវជន និងកុមារ មានវាសនាអភ័ព្វដូចខ្ញុំព្រះករុណាខ្ញុំ ដែលក្លាយខ្លួនទៅជាជនរងគ្រោះនៃសង្គ្រាម។ យើងមិនចង់ឲ្យអ្នកណាមួយបំផ្លាញសន្តិភាពនៃប្រទេសនោះទេ។ ដោយសារតែ(យើងមាន)សន្តិភាព(នេះហើយ) បានជាយើងអាចមានឱកាសធ្វើពិធីចូលឆ្នាំ ឬធ្វើពិធីគ្រប់យ៉ាង ជាតម្រូវការនៃគ្រប់ជាតិសាសន៍ដែលរស់នៅក្នុងប្រទេសកម្ពុជារបស់យើង។

… នោះក៏បានចង្អុលបង្ហាញថា សន្តិភាពមានតម្លៃខ្លាំងណាស់ កុំរង់ចាំសង្គ្រាមកើតឡើង ទើបស្រែករកសន្តិភាព។ កុំចាំដល់មានសង្គ្រាមកើតឡើង ទើបគិតថាសន្តិភាពមានតម្លៃ។ យើងត្រូវមើលឲ្យឃើញថា សន្តិភាពមានតម្លៃសម្រាប់យើងនៅពេលនេះ និងពេលកន្លងទៅ។ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមការការពារ បើទោះបីជាអ្នកនោះនៅក្នុងគណបក្សណាក៏ដោយ សុទ្ធតែមានតម្រូវការនៃការរក្សាសន្តិភាពទាំងអស់គ្នា។

សេចក្តីអំពាវនាវ ៤ ចំណុច ដើម្បីបន្តរីករាយទទួលឆ្នាំថ្មី និងការពារការឆ្លង កូវីដ-១៩

ចំណុចបន្ត ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ អំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងថា៖

ទី ១ បន្តអនុវត្តវិធានការសុខាភិបាលសម្រាប់ការពារការឆ្លង Covid-19 ប្រសិនមានការសង្ស័យ ត្រូវធ្វើតេស្តភ្លាម បើឃើញថាវិជ្ជមានត្រូវដាក់ខ្លួនដោយឡែក និងព្យាបាលបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាល។ បើទោះបីថា យើងបានអនុញ្ញាតឲ្យ ៤ ខេត្តប៉ុណ្ណោះ ដែលអាចឲ្យប្រជាជនធ្វើការជ្រើសរើសពាក់ម៉ាស ឬមិនពាក់ម៉ាស ក៏ប៉ុន្តែក្នុងរយៈកាល ៣ ថ្ងៃកន្លងទៅនេះ យើងមិនបានឃើញប្រជាពលរដ្ឋរបស់យើងពាក់ម៉ាសច្រើននោះទេ លើកលែងតែក្នុងពិធីនេះប៉ុណ្ណោះ។

យប់មិញនេះ ខ្ញុំព្រះករុណាខ្ញុំ បានមើលការផ្សាយបន្តផ្ទាល់នៅក្នុងពិធីប្រគុំតន្ត្រីរបស់ BTV របស់ហង្សមាស របស់ PNN ឃើញថា ពុំមានការពាក់ម៉ាសគ្រប់គ្រាន់នោះទេ។ ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវចំពោះប្រជាពលរដ្ឋបន្តអនុវត្តនូវវិធានការសុខាភិបាល។ ខ្ញុំព្រះករុណាខ្ញុំ អំពាវនាវឲ្យអាជ្ញាធរគ្រប់លំ​ដាប់ថ្នាក់ មិនអនុវត្តនូវច្បាប់ទាក់ទងជាមួយនឹងការគ្រប់គ្រង កូវីដ-១៩ នោះក៏ដោយ តែខ្ញុំព្រះករុណាខ្ញុំ អំពាវនាវឲ្យប្រជាពលរដ្ឋរបស់យើង យកចិត្តទុកដាក់(អនុវត្តវិធានការសុខាភិបាល ដើម្បី)កុំឲ្យមានការឆ្លងរីករាលដាល ក្រោយពេលរដូវចូលឆ្នាំ។

ទី ២ សុំទទួលយកវ៉ាក់សាំងដូសជម្រុញ ជាដូសទី ៣ ឬដូសទី ៤ ឲ្យបានគ្រប់ៗគ្នា។ ខ្ញុំព្រះករុណាខ្ញុំ ដឹងថា ការចេញដំណើរដើមដំបូងនោះ ប្រជាពលរដ្ឋរបស់យើងដឹង/យល់ថា កាលណាចាក់វ៉ាក់សាំង គេហាមងូតទឹកមួយថ្ងៃ ឬប៉ុន្មានម៉ោងនោះ។ អញ្ចឹងទេ ទោះ​បីយើងរៀបចំកន្លែងចាក់វ៉ាក់សាំងយ៉ាងច្រើន ប៉ុន្តែដោយសារប្រជាពលរដ្ឋគាត់ត្រូវការងូតទឹក គាត់ត្រូវការលេងទឹក អញ្ចឹងទេ គាត់មិនបានចាក់វ៉ាក់សាំងទេ។ សង្ឃឹមថា នៅថ្ងៃនេះ ថ្ងៃទី ១៦ ស្អែកថ្ងៃទី ១៧ មុនចូលត្រឡប់ទៅផ្ទះវិញ សុំទទួលយកវ៉ាក់សាំងនៅទីកន្លែងដែលបានរៀបចំជូននៅតាមបណ្តាខេត្ត នៅតាមវត្តអារាម និងនៅតាមទីកន្លែងខ្លះទៀត ដោយមានការរៀបចំរបស់អាជ្ញាធរខេត្តទាំងឡាយ។

យើងនឹងធ្វើកិច្ចការងារនេះ ដើម្បីធានាថាកម្ពុជាមានសុវត្ថិភាពគ្រប់គ្រាន់។ ទោះបីចូលឆ្នាំមនុស្សរាប់លាននាក់ ហើយទីកន្លែងខ្លះពពាក់ពពូនយ៉ាងខ្លាំងក៏ដោយ ក៏ប៉ុន្តែស្ថានភាពឆ្លងមិនទាន់ត្រូវបានមើលឃើញ(ថាមានសន្ទុះកើនឡើងទេ) ប៉ុន្តែយើងត្រូវរង់ចាំមើល ក្រោយចូលឆ្នាំខ្មែរ រយៈពេល១ សប្តាហ៍ទៅ ២ សប្តាហ៍ យើងអាចដឹងបាន តើកម្រិតនៃការឆ្លងមានរហូតដល់ណា? ពេលនោះ យើងនឹងបន្តចាត់វិធានការចាំបាច់នានា ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍កើតឡើង។

ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថា ប្រជាពលរដ្ឋនឹងទទួលយកនូវសំ​ណូមពរនេះ តាមរយៈការខិតខំទទួលយកវ៉ាក់សាំងដូសជម្រុញ ដើម្បីធានាថា ប្រទេសរបស់យើងមានសុវត្ថិភាពគ្រប់គ្រាន់។

ចំណុចទី ៣ សូមអំពាវនាវ គឺសុំគោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា កុំឲ្យការសប្បាយក្លាយទៅជាទុក្ខ។ ក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះ កូវីដ-១៩ គ្មានស្លាប់ទេ កូវីដ-១៩ មានឆ្លងក្រោម ២០ នាក់ ប៉ុន្តែអ្នកគ្រោះថ្នាក់ចរាចរណ៍មានស្លាប់រាល់ថ្ងៃ និងរបួសរាល់ថ្ងៃ។ នោះហើយជាចំណុចដែលយើងត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា។

ចំណុចទី ៤ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បន្តការខិតខំរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមដើម្បីភាពសុខសាន្តរបស់ប្រជាជន។ នៅគ្រប់ទីកន្លែងទាំងអស់ សុទ្ធតែមានការៀបចំកម្លាំង ដែលសុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅគ្រប់ទីកន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ធ្វើឲ្យប្រជាពលរដ្ឋរបស់យើងធ្វើដំណើរទាំងយប់ ទាំងថ្ងៃ ដោយគ្មានការភ័យខ្លាចពីចម្បាំងរាំងជល់ និងពីសត្រូវយាយី ចោរលួច ចោរប្លន់ជាដើម។ សូមបន្តការខិតខំតទៅទៀត។

ក្រសួងទេសចរណ៍៖ អ្នកដើរកំសាន្តទទួលឆ្នាំថ្មី កើនលើសពីចំនួនកាលពីចូលឆ្នាំ មុន កូវីដ-១៩

តាមការយល់ដឹងរបស់ខ្ញុំ មិនមែនត្រឹមតែថ្ងៃនេះទេ គឺថ្ងៃស្អែក ថ្ងៃខានស្អែក ឬប៉ុន្មានថ្ងៃក្រោយទៀត គេហៅថាចំហាយនៃការចូលឆ្នាំនៅតែបន្ត នៅតាមភូមិ ឃុំ ឬនៅតាមទីកន្លែងនានា ដែលទាក់ទាញប្រជាពលរដ្ឋពីកន្លែងមួយទៅកាន់កន្លែងមួយទៀត ធ្វើដំណើរទៅកំសាន្ត។ បើទោះបីឆ្នាំនេះ ឥទ្ធិពលនៃ កូវីដ-១៩ ក៏ដូចជាឥទ្ធិពលពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ធ្វើឲ្យសាំងឡើងថ្លៃ ក៏ប៉ុន្តែប្រជាពលរដ្ឋ​នៅ​តែប្តូរផ្តាច់ដើរលេងកំសាន្ត។

ពិតមែនហើយ ក៏មានមនុស្សមួយចំនួនក៏មិនអាចដើរលេងកំសាន្តបានដែរ។ ពិនិត្យមើលចំនួនអ្នកដែលបានចូលរួមក្នុងដំណើរលេងកំសាន្តនេះ (ឃើញថា)មានចំនួនច្រើន ដែល ឯកឧត្តម ថោង ខុន (បានធ្វើ)ប្រៀបធៀបអំពីចំនួនអ្នកដើរលេងចូលឆ្នាំ និងចាត់ទុកថាកើនលើសកាលពីចូលឆ្នាំមុនសម័យ កូវីដ-១៩ ទៅទៀត។

ថ្ងៃនេះ ប្រហែលជាថ្ងៃដែលមានមនុស្សច្រើនក្នុងការធ្វើដំណើរកំសាន្ត ខណៈពីម្សិលមានជាង ១ លាន ៥ សែននាក់ បូក ២ ថ្ងៃ គឺ(ថ្ងៃម្សិលផង មាន)ជាង ២ លាននាក់ (បាន)ដើរលេង។ ប្រជាពលរដ្ឋរបស់យើងមានលទ្ធភាពទៅសម្រាកនៅសណ្ឋាគារផ្កាយ ៤​ ផ្កាយ ៥ និងសណ្ឋាគារដទៃទៀត។ នោះហើយជាចំណុចដែលបង្ហាញពីសន្តិភាពនិងការអភិវឌ្ឍរបស់ប្រទេសក្នុងរយៈពេលកន្លងទៅ។

សូមប្រជាពលរដ្ឋទទួលយកដូសជំរុញទី ៣ និង ទី ៤ ដោយឥតគិតថ្លៃនិងគ្រប់ទីកន្លែង

តាមកម្មវិធីដើម ពុំមានការថ្លែងនូវសុន្ទរកថានេះទេ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ ចង់បញ្ជូនសារចេញពីទីនេះ ទៅកាន់ប្រជាជននៅទូទាំងប្រទេស តាមរយៈការផ្សាយបន្តផ្ទាល់នៃវិទ្យុ ក៏ដូចជាទូរទស្សន៍ និងតាមរយៈអនឡាញរបស់ហ្វេសប៊ុកនានា អោយបន្តការរីករាយ ជាមួយនឹងការយកចិត្តទុកដាក់ប្រុងប្រយ័ត្នជាមួយនឹងការឆ្លងរាលដាលនៃ កូវីដ-១៩។ សូមបញ្ជាក់ថា អាជ្ញាធរត្រូវទទួលមើលការខុសត្រូវអំពីសន្តិសុខសណ្តាប់ធ្នាប់ ហើយក៏មិនអនុវត្តនូវច្បាប់ ផាកពិន័យណាមួយ ទាក់ទងនឹងការគ្រប់គ្រង កូវីដ-១៩ នៅក្នុងរយៈពេលចូលឆ្នាំនេះ។

ខ្ញុំព្រះករុណាខ្ញុំ នឹងបន្តតាមដាននូវកិច្ចការងារនេះ បន្តទៀត។ ផុតពីអាទិត្យក្រោយ យើងនឹងអាចវាយតម្លៃបានថា តើភាពសុាំសហគមន៍របស់យើងដល់កម្រិតណា។ ប៉ុន្តែ បើទោះបីថាមានឆ្លង ឬមិនមានឆ្លង ក៏ខ្ញុំព្រះករុណាខ្ញុំ នៅតែបន្តការអំពាវនាវឲ្យប្រជាពលរដ្ឋរបស់យើងទទួលវ៉ាក់សាំងដូសជម្រុញ ជាដូសទី ៣ ដែលមកដល់ពេលនេះ យើងទើបនឹងចាក់បានចំនួនជាង ៨ លាននាក់។ ដូច្នេះនៅសល់មនុស្ស ៦ លាននាក់ទៀត ដែលមិនទាន់បានចាក់ ឯដូសទី ៤ គឺចាក់បានជាង ១ លាននាក់ប៉ុណ្ណោះ។

ដូច្នេះសូមប្រជាពលរដ្ឋរបស់យើងកុំគិតថា ២ ម្ជុលដែលជាដូសមូលដ្ឋានគ្រប់គ្រាន់ឲ្យសោះ។ ត្រូវស្វះស្វែងរកដូសទី ៣ ហើយអ្នកដែលមានដូសទី ៣ ហើយ ស្វះស្វែងរកដូសទី ៤។ យើងមានលទ្ធភាពផ្គត់ផ្គង់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ហើយនៅគ្រប់ទីកន្លែងទាំងអស់។ យើងមិនចាំបាច់សួរថា តើមកពីភូមិណា ឃុំណានោះទេ ឲ្យតែចូលរួមទៅចាក់ គឺគ្រូពេទ្យនឹងចាក់ជូន អំពាវនាវយ៉ាងដូច្នេះ។

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សុំប្រគេនពរចំពោះសម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ បងប្អូនជនរួមជាតិ ដែលនៅទីនេះ ក៏ដូចជានៅទូទាំងប្រទេស រួមទាំងបងប្អូនជនជាតិខ្មែរយើង ដែលរស់នៅតាមបណ្តាប្រទេសនានា និងកងក​ម្លាំងប្រដាប់អាវុធរបស់យើង ដែលកំពុងឈរជើងនៅអាហ្វ្រិកកណ្តាល នៅម៉ាលី នៅសូដង់ខាងត្បូង នៅលីបង់ ដែលកំពុងមើលការផ្សាយបន្តផ្ទាល់ ឬអាចមើលការផ្សាយបន្តផ្ទាល់នៅពេលក្រោយ សុំឲ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ជាមួយនឹងពុទ្ធពរ និងពរ ៥ ប្រការ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ដែលបានចូលមករយៈ ៣ ថ្ងៃ ថ្ងៃនេះ។ សូមប្រកប​ដោយពុទ្ធពរនិងពរ ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាត៕

ចែករំលែក

បញ្ចេញយោបល់