ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការ របស់អគ្គលេខាធិការអាស៊ាននៅកម្ពុជា រយៈពេល ៥ថ្ងៃ

ថ្ងៃពុធ ទី ១៩ មករា ២០២២​
5

(ភ្នំពេញ)៖ លោក លឹម ចុក ហ៊ុយ (LIM Jock Hoi) អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ទី១៩ ខែមករា ឆ្នាំ២០២២។ ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។


ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក លឹម ចុក ហ៊ុយ បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ប្រាក់ សុខុន ផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបញ្ជាក់ថា នៅក្នុងជំនួបសម្តែងការគួរសម សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ បានសង្កត់ធ្ងន់អំពីការបេ្តជ្ញាចិត្តដ៏រឹងមាំរបស់កម្ពុជា ក្នុងការជំរុញដំណើរការកសាងសហគមន៍ អាស៊ាន តាមរយៈការពង្រឹងមជ្ឈភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរបស់អាស៊ាន។ ជាកិច្ចឆ្លើយតប លោក លឹម ចុក ហ៊ុយ បានបញ្ជាក់ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី អំពីការត្រៀមលក្ខណៈ រួចរាល់របស់លេខាធិការដ្ឋានអាស៊ានក្នុងការគាំទ្រកម្ពុជា ធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ ដើម្បីជំរុញអាទិភាពរបស់កម្ពុជា ក៏ដូចជាសម្រេចបាននូវសមិទ្ធផលរំពឹងទុកនានារបស់ខ្លួន សម្រាប់ផលប្រយោជន៍អាស៊ាន និងប្រជាជនរបស់ខ្លួន។
ក្នុងជំនួបទ្វេភាគីរវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោក លឹម ចុក ហ៊ុយ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ថា តើត្រូវធ្វើយ៉ាងណាដើម្បីជំរុញកិច្ចប្រឹងប្រែងកសាងសហគមន៍អាស៊ាន ក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីបញ្ហាប្រឈមចម្បងៗ ដែលអាស៊ានកំពុងជួបប្រទះ ដូចជា ការស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ ការប្រកួតប្រជែងរវាងមហាអំណាចធំៗ បញ្ហាសន្តិសុខជាប្រពៃណី និងមិនមែនជាប្រពៃណីផ្សេងៗទៀត និងបញ្ហាប្រឈមផ្នែកស្ថាប័នរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាស្មុគ្រស្មាញនានា។
ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» កម្ពុជានឹងពុះពារដឹកនាំកិច្ចប្រឹងប្រែងសកម្មភាពតម្រង់ទិសអាស៊ាន (action-oriented efforts) ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ ដើម្បីផលប្រយោជន៍នៃសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។
លោក លឹម ចុក ហ៊ុយ បានចែករំលែកនូវទស្សនៈ អំពីវិធីធ្វើយ៉ាងណាពន្លឿនភារកិច្ចរបស់អាស៊ានដែលមានស្រាប់ និងតម្រូវការក្នុងការបន្សាបនយោបាយ (depoliticize) លើវិស័យកិច្ចសហប្រតិបត្តិការមួយចំនួន ដែលមិនរារាំងដល់កិច្ចប្រឹងប្រែងការធ្វើសមាហរណកម្មតំបន់ និងការ កសាងសហគមន៍អាស៊ាន។
ភាគីទាំងពីរ ក៏បានពិភាក្សាជាច្រើនលើអាទិភាព និងសមិទ្ធផលរំពឹងទុករបស់កម្ពុជាក្នុងឆ្នាំ២០២២ និងបានពិភាក្សាផងដែរលើការវិវត្តក្នុងតំបន់ និងអន្តរជាតិ រួមមានសភាពការណ៍នៅមីយ៉ាន់ម៉ា និងវិធីធ្វើយ៉ាងណាជំរុញការផ្តល់ជំនួយមនុស្សធម៌ ដល់ប្រជាជនដែលត្រូវការជំនួយជាចាំបាច់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក លឹម ចុក ហ៊ុយ ក៏មានជំនួបដាច់ដោយឡែកពីគ្នាផងដែរជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៕

ចែករំលែក

បញ្ចេញយោបល់