លោក អម សុភា ជំរុញដល់មន្ត្រីក្រោមឱវាទត្រូវខិតខំពង្រឹងការងារភូមិឃុំមានសុវត្ថិភាព និងជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ថ្ងៃពុធ ទី ១៩ មករា ២០២២​
7

កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ និងឆ្នាំ២០២១ និងលើកទិសដៅសម្រាប់អនុវត្តបន្ត ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក អម សុភា អភិបាលរងខេត្ត តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីថ្នាក់ដឹកនាំកងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត និងអភិបាលក្រុង ស្រុកទាំង៨ចូលរួមផងដែរ។

ក្នុងឱកាសនោះដែរ លោក អម សុភា បានក្រើនរំលឹក និងជម្រុញបន្ថែមដល់អាជ្ញាធរក្រុង ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវបន្តពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណ: អនាម័យ បរិស្ថាន បន្តពង្រឹងផ្សព្វផ្សាយការងារ ភូមិ ឃុំមានសុវត្ថិភាពនៅក្នុងដែនសមត្ថកិច្ចការទទួលខុសត្រូវរបស់ខ្លួន ពិនិត្យ និងជម្រុញការងារចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ឬប្អូនៗ ក្មួយៗដែលមិនទាន់បានទៅទទួលវ៉ាក់សាំងការពារមេរោគកូវីដ-១៩ នៅតាមមូលដ្ឋានរបស់ខ្លួនដើម្បីបន្ស៊ាំសហគមន៍ និងរស់នៅតាមបែបគន្លងថ្មី ពង្រឹង និងពន្លឿនការផ្ដល់សេវាធារណ:ជូនប្រជាពលរដ្ឋ ពិសេសការផ្ដល់សេវារដ្ឋបាលឱ្យបានទាន់ពេលវេលា និងបន្តដោះស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋ។

លោក អភិបាលរងខេត្ត ក៏បានជម្រុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាព ពាក់ព័ន្ធក្នុងខេត្ត ត្រូវអនុវត្តតាមគោលការការណែនាំរបស់រាជរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តិនានា ច្បាប់ និងនីតិវិធីជាធរមាន។ លោក បានបញ្ជាក់ថា ធ្វើអ្វីគឺត្រូវផ្អែកលើសេចក្ដីណែនាំ លិខិតបទដ្ឋានគតិយុត្តិ នីតិវិធីដើម្បីពង្រឹងការចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា៕

ចែករំលែក

បញ្ចេញយោបល់