បទវិភាគអន្តរជាតិ៖ «កំណើនសេដ្ឋកិច្ចរបស់ចិនកំពុងជួយសេដ្ឋកិច្ចសកល ឱ្យសម្រេចបាននូវការងើបឡើងវិញជាបន្តបន្ទាប់»

ថ្ងៃអង្គារ ទី ១៨ មករា ២០២២​
20

(ប៉េកាំង)៖ មួយឆ្នាំមុនខណៈពេលដែលប្រទេសចិន ក្លាយជាតួអង្គសេដ្ឋកិច្ចដ៏សំខាន់តែមួយគត់ នៅលើពិភពលោក ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ច ទីភ្នាក់ងារសារព័ត៌មាន Bloomberg ធ្លាប់ចេញផ្សាយអត្ថបទដោយបានអះអាងថា កំណើនសេដ្ឋកិច្ចរបស់ចិនកំពុងជួយសេដ្ឋកិច្ចសកល ឱ្យសម្រេចបាននូវការងើបឡើងវិញជាបន្តបន្ទាប់។ មួយឆ្នាំក្រោយ ទន្ទឹមនឹងទិន្នន័យសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២១ ត្រូវបានប្រកាស ដំណើរការសេដ្ឋកិច្ចរបស់ចិន មិនបានធ្វើឱ្យពិភពលោកអស់សង្ឃឹមទេ ហើយបានក្លាយជាកម្លាំងដ៏សំខាន់ ក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។

យោងតាម «តារាងពិន្ទុ» ប្រចាំឆ្នាំ ដែលរដ្ឋបាលជាតិស្ថិតិចិនបានប្រកាសនៅថ្ងៃទី ១៧ ខែមករាបានឱ្យដឹងថា សេដ្ឋកិច្ចចិនសម្រេចបាននូវការងើបឡើងវិញ ប្រកបដោយស្ថិរភាពជាបន្តបន្ទាប់នៅឆ្នាំ ២០២១ ហើយគោលដៅសំខាន់ៗតាមការប៉ាន់ប្រមាណទុកជាមុន ត្រូវបានសម្រេចដោយគ្រប់ជ្រុងជ្រោយ ពោលគឺ ទំហំសេដ្ឋកិច្ចសរុបរបស់ចិនមានចំនួនលើសពី ១១០ ទ្រីលានយាន់ប្រាក់ចិន គឺដល់ទៅ ១១៤.៤ ទ្រីលានយាន់ប្រាក់ចិន បានឈរនៅលំដាប់ទី ២ នៅលើពិភពលោកដែលបានកើនឡើង ៨.១ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០២០។ ល្បឿនកំណើននេះ គឺស្របទៅតាមការប៉ាន់ប្រមាណជាទូទៅ របស់សេដ្ឋវិទូទាំងឡាយ ហើយបន្តឈរនៅលំដាប់ជួរមុខ ក្នុងចំណោមតួអង្គសេដ្ឋកិច្ចដ៏សំខាន់នៅលើពិភពលោក ដែលបានបង្ហាញទៅកាន់ពិភពលោកឱ្យឃើញម្តងទៀត នូវភាពធន់ និងកម្លាំងរស់រវើកយ៉ាងខ្លាំងក្លានៃសេដ្ឋកិច្ចចិន។

សូមបញ្ជាក់ថា សេដ្ឋកិច្ចចិនសម្រេចបាននូវការងើបឡើងវិញ ប្រកបដោយស្ថិរភាពជាបន្តបន្ទាប់ គឺអាស្រ័យលើការបន្តពង្រីកតម្រូវការក្នុងស្រុក។ នៅឆ្នាំ ២០២១ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមមានចំនួនលើសពី ៤០ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ១២.៥ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២០ ទំហំវិនិយោគខាងអចលនាទ្រព្យនៅទូទាំងប្រទេស មានចំនួនលើសពី ៥០ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ៤.៩ ភាគរយ។ អត្រារួមចំណែករបស់តម្រូវការក្នុងស្រុក ចំពោះកំណើនសេដ្ឋកិច្ចបានឡើងដល់ ៧៩.១ ភាគរយ។ ដូចនេះ ឧត្តមភាពនៃទីផ្សារដ៏ធំធេងរបស់ប្រទេសចិន ត្រូវបានបង្ហាញយ៉ាងពេញលេញ តម្រូវការក្នុងស្រុកបានក្លាយជាកម្លាំងអូសទាញដ៏សំខាន់បំផុត នៃកំណើនសេដ្ឋកិច្ចរបស់ចិន ហើយមានតួនាទីយ៉ាងសំខាន់ ចំពោះដំណើរវិលជុំក្នុងស្រុក ឱ្យមានភាពកាន់តែខ្លាំងឡើងៗជាបន្តបន្ទាប់។

ព្រមពេលជាមួយគ្នានេះ និម្មាបនកម្មអភិវឌ្ឍន៍ថ្មីដែលដំណើរវិលជុំទាំងជាតិ និងអន្តរជាតិជំរុញគ្នាទៅវិញទៅមក ក៏មានអំណោយផលដល់ការងើបឡើងវិញជាបន្តបន្ទាប់ នៃសេដ្ឋកិច្ចចិនផងដែរ។ មួយផ្នែក ការពង្រីកតម្រូវការក្នុងស្រុកបានជំរុញដល់ការនាំចូលឱ្យកើនឡើង មួយផ្នែកទៀត ការពង្រីកតម្រូវការមកពីខាងក្រៅ ក៏បានជំរុញដល់ការនាំចេញឱ្យកើនឡើងផងដែរ។ នៅឆ្នាំ ២០២១ ទំហំសរុបនៃការនាំចេញនាំចូលទំនិញរបស់ប្រទេសចិន បានបំបែកកំណត់ត្រាខ្ពស់បំផុតម្តងទៀតក្នុងប្រវត្តិសាស្រ្ត ក្នុងនោះ ការនាំចូលនិងនាំចេញបានកើនឡើង ២១.៥ ភាគរយ និង ២១.២ ភាគរយ ដោយឡែកពីគ្នាបើប្រៀបធៀបនឹងឆ្នាំ ២០២០។

ក្នុងបរិបទដែលវិស័យពាណិជ្ជកម្ម និងវិនិយោគនៅទូទាំងពិភពលោក មានភាពថមថយចុះពីមួយថ្ងៃទៅមួយថ្ងៃ តម្រូវការដ៏ខ្លាំងក្លានៃទីផ្សារចិនបានផ្តល់ការបញ្ជាទិញ និងឱកាសវិនិយោគកាន់តែច្រើន ដែលមានកម្លាំងទាក់ទាញយ៉ាងខ្លាំង សម្រាប់សហគ្រាសទូទាំងពិភពលោក។ លើសពីនេះទៅទៀត ក្នុងនាមជា «រោងច្រកសកលលោក» ដែលមានប្រព័ន្ធឧស្សាហកម្មដ៏ល្អពេញលេញ និងផលិតភាពប្រកបដោយស្ថិរភាព ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ប្រទេសចិនបានបំពេញតាមតម្រូវការដែលបាន និងកំពុងកើនឡើងឥតឈប់ឈររបស់បណ្តាប្រទេសនានានៅលើពិភពលោក ចំពោះផលិតផលចិន ដែលបានលំនឹងដល់ខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល។

នាពេលបច្ចុប្បន្ននេះ បរិយាកាសសេដ្ឋកិច្ចដែលប្រទេសចិនកំពុងប្រឈមមុខ នៅតែមានភាពស្មុគ្រស្មាញនិងតឹងរ៉ឹង ប៉ុន្តែនិន្នាការល្អប្រសើរជាមូលដ្ឋានរបស់សេដ្ឋកិច្ចចិន ដែលមានស្ថិរភាពក្នុងរយៈពេលយូរនឹងមិនកែប្រែនោះទេ។ ទន្ទឹមនឹងពេលវេលារំកិលទៅមុខ សមិទ្ធផលនៃគោលនយោបាយពាក់ព័ន្ធរបស់ប្រទេសចិន កំពុងលេចចេញជាបន្តបន្ទាប់។ ប្រការនេះក៏ធ្វើឱ្យប្រទេសចិនមានជំនឿចិត្ត ទីបង្អែកនិងសមត្ថភាពក្នុងការសម្រេចបាននូវ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងភាពរឹងមាំ ខណៈពេលកំពុងប្រឈមនឹងបរិយាកាសអន្តរជាតិ ដែលពោរពេញទៅដោយភាពមិនប្រាកដប្រជា៕ (#CCFRComment#)

ដោយ៖ Fresh News

ចែករំលែក

បញ្ចេញយោបល់