កូនឈើចម្រុះជាច្រើនដើម ត្រូវបានដាក់ដាំស្ដារឡើងវិញ នៅលើផ្ទៃដីព្រៃលិចទឹកនៅក្នុងតំបន់៣ ក្នុងភូមិសាស្រ្ត ស្រុកកំពង់លែង

ថ្ងៃសៅរ៍ ទី ១៥ មករា ២០២២​
2

កំពង់ឆ្នាំង៖ កូនឈើចម្រុះ មានដូចជា កូនម្ដេញ សណ្ដាន់ រាំងទឹក ឬស្សីផ្អែម និងពីងពង់ ចំនួន ៦ ៧៣៥ដើម ត្រូវបានក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរ និងមន្ទីរជំនាញជុំវិញខេត្ត បានដាំស្ដារឡើងវិញនៅលើផ្ទៃដីព្រៃលិចទឹកដែលបានដកហូត ក្នុងតំបន់៣ ស្ថិតនៅភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។

លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នេះជាលើកទី៥ ហើយ ដែលអាជ្ញាធរខេត្ត បានសហការជាមួយក្រសួង និងមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត នាំយកកូនឈើចំរុះគ្រប់ប្រភេទមកដាំស្ដារឡើងវិញ នៅលើផ្ទៃដីព្រៃលិចទឹកក្នុងតំបន់៣ នៃភូមិសាស្រ្តស្រុកកំពង់លែង បន្ទាប់ពីអាជ្ញាធរបានដកហូតដីនៅតំបន់នេះ មករក្សាទុកជាសម្បត្តិរដ្ឋវិញ។

លោក សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានស្នើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយពន្យល់ណែនាំដល់ប្រជាពលរដ្ឋឱ្យពួកគាត់យល់កាន់តែច្បាស់អំពីសារ:សំខាន់ និងសារ:ប្រយោជន៍នៃព្រៃលិចទឹក ឱ្យពួកគាត់ចូលរួមថែរក្សា និងការពារឱ្យបានគង់វង្ស៕

ចែករំលែក

បញ្ចេញយោបល់