ពិធីបិទការប្រកួតកីឡាមិត្តភាពខួបលើកទី៤៣ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា មានសន្ដិភាព និងសាមគ្គីភាពដូចបច្ចុប្បន្ន

ថ្ងៃសុក្រ ទី ១៤ មករា ២០២២​
3

ក្រចេះ ៖ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ពិធីបិទការប្រកួតកីឡាមិត្តភាព ខួបលើកទី៤៣ នៃទិវាជ័យជម្នះ ៧មករា បានប្រារព្ធក្រោមអធិបតីភាពលោក វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ប្រកបដោយសេចក្តីរីករាយក្រៃលែង និងមានការចូលរួមពីអភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទីរ កីឡាករកីឡាការិនី និងមន្ត្រីរាជការជាច្រើនរូបផងដែរ នៅពហុកីឡដ្ឋានខេត្ត។

ថ្លែងនៅក្នុងកម្មវិធីនេះ លោក វ៉ា ថន បានមានប្រសាសន៍ ពីការបិទការប្រកួតកីឡាមិត្តភាព ដើម្បីចូលរួមអបអរសាទរខួបលើកទី៤៣ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២២) ដោយសារមានថ្ងៃជ័យជម្នះ ៧មករា និងមានសន្ដិភាព ទើបធ្វើឲ្យយុវជន មានឱកាសជួបជុំគ្នាលេងកីឡា ដើម្បីសុខភាពមិត្តភាព និងសាមគ្គីភាពដូចបច្ចុប្បន្ន។

លោកបានបន្តទៀតថា ការប្រកួតនេះ ក៏ជាឱកាសជ្រើសរើសកីឡាករ-កីឡាការិនីមានសមត្ថភាព និងទេពកោសល្យល្អ ក៏ដូចជាជំរុញយុវជន និងប្រជាពលរដ្ឋ ក្នុងខេត្ត ឲ្យលេងកីឡាស្របតាមយុទ្ធនាការជាតិ ដែលដាក់ចេញដោយ សម្ដេចតេជោ ហ៊ុន សែន «ប្រជាជនម្នាក់ លេងកីឡាមួយមុខ» ផងដែរ។

គួរបញ្ជាក់ផងដែរថា ការប្រកួតកីឡាមិត្តភាព ដណ្តើមពានរង្វាន់ ៧មករា ខេត្តក្រចេះ ឆ្នាំ២០២២ ឆ្លងកាត់ការប្រកួតរយៈពេល៨ថ្ងៃពេញ ក្រុមទទួលបានជ័យលាភីមានដូចខាងក្រោម៖ ក្រុមបាល់ទាត់ យុវជនអាយុ១៥ឆ្នាំ ចំណាត់ថ្នាក់លេខ៣ ក្រុមសេះស សនិ្តភាពវត្តថ្មគ្រែ ចំណាត់ថ្នាក់លេខ២ ក្រុមយុវជនបរិស្ថាន ចំណាត់ថ្នាក់លេខ១ ក្រុមរកាកណ្ដាលស្រីមុំ FC។

ចំណែកឯក្រុមបាល់ទះ ចំណាត់ថ្នាក់លេខ៣ ក្រុមយុវជនគណបក្សក្រុងក្រចេះ ចំណាត់ថ្នាក់លេខ២ ក្រុមយុវជនគណបក្សស្រុកចិត្របុរី ចំណាត់ថ្នាក់លេខ១ ក្រុមយុវជនគណបក្ស ផែនសិល្បៈ និងកីឡា ក្រុមបាល់បោះ នារី ចំណាត់ថ្នាក់លេខ២ ក្រុមយុវជនគណបក្សខេត្ត ចំណាត់ថ្នាក់លេខ១ ក្រុមយុវជនគណបក្ស ផែនសិល្បៈ និងកីឡាក្រុមបាល់បោះ បុរស ចំណាត់ថ្នាក់លេខ៣ ក្រុមយុវជនគណបក្សខេត្ត ចំណាត់ថ្នាក់លេខ២ ក្រុមយុវជនគណបក្ស ផែនសិល្បៈ និងកីឡាចំណាត់ថ្នាក់លេខ១ ក្រុមយុវជនគណបក្សក្រុងក្រចេះ ក្រុមបាល់ទាត់បុរស ចំណាត់ថ្នាក់លេខ៣ ក្រុមយុវជនគណបក្សស្រុកចិត្របុរីចំណាត់ថ្នាក់លេខ២ ក្រុមយុវជនគណបក្ស ផែនសិល្បៈ និងកីឡាចំណាត់ថ្នាក់លេខ១ក្រុមយុវជនគណបក្ស ក្រុងក្រចេះ៕

ចែករំលែក

បញ្ចេញយោបល់