រដ្ឋបាលរាជធានីភ្នំពេញ៖ ការធ្វើបាតុកម្មខុសច្បាប់របស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន

ថ្ងៃសុក្រ ទី ៣១ ធ្នូ ២០២១​
24

បន្ថែមលើនេះ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវ ដើម្បីក្រើនរំលឹកជូនលោក-លោកស្រី និងក្រុមបាតុករ ឲ្យបញ្ឈប់នូវសកម្មភាពតវ៉ាដោយខុសច្បាប់ ដើម្បីឲ្យប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំសកល ២០២២ ប៉ុន្តែជាក់ស្តែងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ លោក-លោកស្រី និងក្រុមបាតុករ នៅតែបន្តរឹងរូសមិនគោរពតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងបន្តសកម្មភាពបំពានម្តងហើយម្តងទៀត ផ្ទុយទៅនឹងច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ដដែល។

ចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងជាថ្មីម្តងទៀតដល់លោក-លោកស្រី និងក្រុមបាតុករ ត្រូវបន្តការចរចាតាមនីតិវិធី ដូចមានចែងក្នុងច្បាប់ស្តីពីការងារ តាមរយៈយន្តការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្ទៀងផ្ទាត់ការទូទាត់សំណង ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗ និងស្នើឲ្យលោក-លោកស្រី ត្រូវបញ្ឈប់នូវសកម្មភាពតវ៉ាដោយខុសច្បាប់ជាបន្ទាន់ ដើម្បីកុំឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ។ ក្នុងករណីលោក-លោកស្រី នៅតែបន្តសកម្មភាពបាតុកម្មដោយខុសច្បាប់ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

 

ចែករំលែក

បញ្ចេញយោបល់