ជា វ៉ា​ន់​សាន្ត ពលករ​នៅ​កូរ៉េ​ប្រឡង​ក្បាច់គុន​ហាប់​គី​ដូ​ជាប់​ខ្សែក្រវាត់​ខ្មៅ​2​ដាន់

ថ្ងៃចន្ទ ទី ១៩ កញ្ញា ២០១៦​
271

រាជធានីភ្នំពេញ ៖ យុវជនជា វ៉ាន់សាន្ត អតីតបុគ្គលិកបណ្តាញតភ្លើងអគ្គិសនីតាមការដ្ឋានសំណង់នៅកម្ពុជា និងជាអ្នកនិយមហាត់ក្បាច់គុនហាប់គីដូផងនោះ ពេលទទួលបានឱកាសទៅធ្វើការនៅប្រទេសកូរ៉េរយៈពេល៦ឆ្នាំ បានឆ្លៀតពេលទំនេរពីការងារទៅហ្វឹកហាត់ក្បាច់គុនហាប់គីដូបន្ថែមរហូតប្រឡងជាប់ខ្សែក្រវាត់ខ្មៅ២ដាន់ និងទទួលបានលិខិតបញ្ជាក់កម្រិតខ្សែក្រវាត់មានតម្លៃជាអន្តរជាតិនៅប្រទេសកូរ៉េ កាលពីចុងសប្តាហ៍មុននេះ ។

ជា វ៉ាន់សាន្ត បានផ្តល់កិច្ចសម្ភាសន៍តាមប្រព័ន្ធអុីធើរណេតពីប្រទេសកូរ៉េកាលពីម្សិលមិញថា ក្នុងនាមពលករធ្វើការនៅស្រុកគេ លោកមានពេលវេលាសម្រាកតិចតួចណាស់ ប៉ុន្តែដោយសារស្រឡាញ់ក្បាច់គុននេះតាំងពីតូច ទើបលោកឆ្លៀតពេលទំនេរពីការងារទៅហ្វឹកហាត់រហូតទទួលបានខ្សែក្រវាត់ខ្មៅ២ដាន់។  តាមពិតលោកធ្លាប់ហ្វឹកហាត់កីឡាហាប់គីដូ រយៈពេល៥ឆ្នាំតាំងពីនៅប្រទេសកម្ពុជាជាមួយលោកគ្រូគង់ ចាន់ធីណា ដែលមានមូលដ្ឋានគ្រឹះផ្នែកស្នៀតកាច់ ចាប់ក្លេ និងលោតបង្ហាញស្នៀតគុននេះ ប៉ុន្តែពុំទទួលបានលិខិតបញ្ជាក់ពីលោកគ្រូបង្វឹកនៅប្រទេសកូរ៉េភ្លាមៗទេ ។ ជា វ៉ាន់សាន្ត បញ្ជាក់ថា ការអនុញ្ញាតឲ្យលោកចូលប្រឡងឡើងខ្សែក្រវាត់ខ្មៅ២ដាន់នេះ គឺខាងមជ្ឈមណ្ឌលហាប់គីដូកូរ៉េតម្រូវឲ្យហ្វឹកហាត់សាជាថ្មីឡើងវិញ ប៉ុន្តែបន្ទាប់ពីលោកគ្រូបង្វឹកឈ្មោះJang Re Young ធ្វើតេស្តកម្រិតសមត្ថភាពលោកឃើញថា អាចទទួលយកបានទើបអនុញ្ញាតឱ្យហ្វឹកហាត់រំលឹកបន្ថែមខ្លីៗនិងមានសិទ្ធិប្រឡងឡើងខ្សែក្រវាត់ពេញសិទ្ធិដូចជនជាតិគេ ។ ការប្រឡងនោះគឺកំណត់ធ្វើរយៈពេល២ឆ្នាំម្តងដែលមានសិស្សមកប្រឡងរាប់ពាន់នាក់ពីគ្រប់ទិសទី ។ ចំណែកលោកស្នាក់នៅជាមួយកម្មករកម្ពុជា៣នាក់ទៀតដែលបានឆ្លៀតពេលហ្វឹកហាត់ក្បាច់គុនហាប់គីដូ ។ ជា វ៉ាន់សាន្ត បានអះអាងថា ខ្សែក្រវាត់ខ្មៅ២ដាន់ដែលលោកប្រឡងជាប់នេះមានតម្លៃទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ហើយក្បាច់និងស្នៀតប្រឡងមានលក្ខណៈដូចជាតឹងតែងជាងប្រទេសយើងនិងប្រទេសដទៃទៀតដែលលោកធ្លាប់ឃើញ ។ លទ្ធផលល្អដែលលោកទទួលបាននៅថ្ងៃនេះកើតឡើងដោយសារតែការជួយជ្រោមជ្រែងមួយចំនួនធំពីលោកគ្រូដើមគឺគង់ ចាន់ធីណា នៅសហព័ន្ធហាប់គីដូខ្មែរដែលធ្លាប់បណ្តុះបណ្តាលលោកកន្លងមក និងជាគ្រូក្បាច់គុនអាជីពនៅកម្ពុជា ។

លោក គង់ ចាន់ធីណា គ្រូបង្វឹកក្បាច់គុន ហាប់គីដូ និងជាអគ្គលេខាធិការសហព័ន្ធផងនោះបានឱ្យដឹងថា ជា វ៉ាន់សាន្ត ជាកូនសិស្សឆ្នើមដែលលោកធ្លាប់បង្ហាត់តាំងពីក្មេង ។ គាត់យកចិត្តទុកដាក់ខ្លាំងក្នុងការរៀនសូត្រនិងហ្វឹកហាត់ក្បាច់គុននេះទើបទទួលបានលទ្ធផលល្អដូចពេលនេះ ។ ទាក់ទងទៅនឹងសំណួរអំពីបច្ចេកទេសសមត្ថភាពក្បាច់គុនក្នុងកម្រិតខ្សែក្រវាត់ដូចគ្នារវាងហាត់នៅក្នុងស្រុកនិងនៅបរទេសនោះ លោក គង់ ចាន់ធីណា ពន្យល់ថា ក្បាច់គុននៅលើពិភពលោកមានប្រភពនិងមូលដ្ឋានដើមដូចគ្នាគឺប្រើដៃ ជើង ទាត់ធាក់ ដាល់ បោកផ្តួលតែមួយ ប៉ុន្តែស្នៀតឬបច្ចេកទេស ទោះបីស្រដៀងគ្នាគេប្រើឈ្មោះខុសគ្នាទៅតាមជាតិឬប្រទេសរៀងៗខ្លួន ។ លោកបន្តថា សម្រាប់ហាប់គីដូគឺកម្រិតខុសគ្នាបន្តិចបន្តួច ប៉ុន្តែជាធម្មតាគេជាម្ចាស់ដើមនៃក្បាច់គុន មានភាពរីកចម្រើនជាងយើង និងអាចមានតម្លៃជាងយើង ។ ពិសេស ខ្សែក្រវាត់ខ្មៅនៅកម្ពុជាក៏ត្រូវសុំការបញ្ជាក់ទទួលស្គាល់ពីគ្រូគុននៅកូរ៉េដូចគ្នាតាមរយៈគ្រូបង្វឹក ចំណែកឯសមត្ថភាពដូចគ្នាតែអាស្រ័យលើបុគ្គលម្នាក់ៗព្យាយាមហ្វឹកហាត់ផ្ទាល់ខ្លួនថែមទៀត ។

យោងតាមប្រវត្តិ យុវជនជា វ៉ាន់សាន្ត កើតនៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៨៣នៅរាជធានីភ្នំពេញ ។ លោកជាកូនពៅក្នុងគ្រួសារដែលមានឪពុកចាស់ជរា និងម្តាយស្លាប់ចោលតាំងពីនៅតូច ។ យុវជនរូបនេះបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅវិទ្យាល័យព្រះស៊ីសុវត្ថិឆ្នាំ២០០២ និងបានចូលរៀនផ្នែកអគ្គិសនីជាន់ខ្ពស់នៅវិទ្យាស្ថានព្រះកុសមៈពីឆ្នាំ២០០៣ដល់២០០៥ ។ ក្រោយបញ្ចប់ការសិក្សា ជា វ៉ាន់សាន្ត ទទួលបានការងារនៅក្រុមហ៊ុនឯកជនក្នុងស្រុករយៈពេល៥ឆ្នាំមុននឹងទទួលបានការងារជាកម្មករជំនាញនៅប្រទេសកូរ៉េអស់រយៈពេលជិត៦ឆ្នាំមកហើយ ។ ពេលធ្វើការនៅកូរ៉េនោះលោកឆ្លៀតពេលទៅហ្វឹកហាត់ក្បាច់គុនហាប់គីដូបន្ថែម ហើយទីបំផុតលោកទទួលបានលទ្ធផលល្អបែបនេះ ។ តាមរយៈស្នាដៃនិងភាពជោគជ័យរបស់យុវជនរូបនេះ ត្រូវបានក្រុមគ្រួសារ និងមិត្តភក្តិចាត់ទុកជាយុវជនគំរូមួយរូប ។ បើតាមយុវជនជា វ៉ាន់សាន្ត ប្រាប់ថា ក្នុងអំឡុងពេលនេះក៏មានយុវជន៣នាក់ទៀតគឺគឹម ណូរ៉ា,ម៉ៅខេងហួរ និងស្រន ឆេងស្រេង កំពុងព្យាយាមហ្វឹកហាត់ក្បាច់គុននេះដើម្បីប្រឡងយកខ្សែក្រវាត់ផងដែរ៕

124e2a9f-9711-40af-97e3-af4c025f9529

ចែករំលែក

បញ្ចេញយោបល់