ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន ដាក់ចេញកិច្ចការអាទិភាពចំនួន៥ ដើម្បីជំរុញការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច ប្រកបដោយភាពធន់

ថ្ងៃពុធ ទី ២៤ វិច្ឆិកា ២០២១​
5

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានថ្លែងបញ្ជាក់ថា ដើម្បីសម្រេចបាននូវការស្តារ និងជំរុញការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច ប្រកបដោយភាពធន់ អង្គវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប ចាំចាប់ត្រូវផ្តោតលើកិច្ចការជាអាទិភាពដូចជា៖ ការរៀបចំ និងការអនុវត្តយុទ្ធសាស្ត្រ និងផែនការ ស្តារសេដ្ឋកិច្ចឡើងវិញក្នុងតំបន់, ការធ្វើឌីជីថលូបនីយកម្ម សេដ្ឋកិច្ច-សង្គម, ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម, ការអភិវឌ្ឍធនធានមនុស្ស និងការដោះស្រាយបញ្ហាដែលកើតចេញពីការប្រែប្រួលអាកាសធាតុ។

លោក អូន ព័ន្ធមុន្នីរ័ត្ន បានបញ្ជាក់ដូចនេះ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅក្នុងវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ ក្រោមមូលបទការផ្លាស់ប្តូរទៅរកគន្លង ប្រក្រតីភាពថ្មី លើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល, ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤ និងដោយមានការចូលរួមពីលោក មីខាអ៊ូល ម៉ាស្ទីកូរឹក (Mikhail Myasnikovich) ប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី និងភាគីពាក់ព័ន្ធមួយចំនួនទៀត។

លោក អូន ព័ន្ធមុន្នីរ័ត្ន បានបញ្ជាក់ទៀតថា បណ្តាប្រទេសជាសមាជិកទាំងអស់ និងត្រូវប្រកាន់ខ្ជាប់នូវស្មារតីនៃការបើកចំហ និងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី សម្រាប់កិច្ចសហការអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ភាពទាក់ទាញ និងភាពអំណោយផលនៃបរិយាកាសសម្រាប់សកម្មភាពធុរកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ សំដៅឆ្លើយតបទៅនឹងនិន្នាការនៃការផ្លាស់ប្តូរនៅក្នុងនិម្មាបនកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល។

បណ្តាប្រទេសជាសមាជិក ចាំបាច់ត្រូវពង្រឹងការសម្របសម្រួល និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាឱ្យបានកាន់តែជិតស្និទ្ធ និងរឹងមាំឡើងនៅក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រ និងសកម្មភាពជាក់ស្តែងទាំងក្នុងកម្រិតតំបន់និងសកល សំដៅជម្នះបញ្ហាប្រឈម និងហានិភ័យនានា ជាពិសេសក្នុងគោលដៅទាញយកសក្តានុពលនៃការផ្លាស់ប្តូរ ទៅរកគន្លង ប្រក្រតីភាពថ្មីនៃការអភិវឌ្ឍ ដើម្បីរក្សាចីរភាព និងពង្រឹងភាពធន់នៃកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន បានបញ្ជាក់ទៀតថា ដើម្បីបង្កើតគោលនយោបាយជាតិ ប្រកបដោយភាពច្នៃប្រឌិត, បន្តជំរុញការចូលរួមនៅក្នុងផលិតកម្មនៃខ្សែច្រវាក់ តម្លៃសកល និងចាប់យកកាលានុវត្តភាពពីបដិវត្តន៍ឧស្សាហកម្មទី៤ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ក្រោមដំបូលសន្តិភាពនិងស្ថិរភាពដ៏ពេញលេញ និងឋិតថេរ កម្ពុជាបានរៀបចំត្រៀមលក្ខណៈជាស្រេច ក្នុងការពនឿនការចាប់យកនូវបច្ចេកវិទ្យាឌីជីថល និងការពង្រីកកិច្ចសហប្រតិបត្តិការតំបន់ និងសកល សំដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕

ចែករំលែក

បញ្ចេញយោបល់