ក្រុមនិយម កឹម សុខា ចំអកឱ្យ សម រង្ស៊ី និងបក្ខពួកដែលក្បត់ការរួបរួម!

ថ្ងៃពុធ ទី ១៧ វិច្ឆិកា ២០២១​
41

ភ្នំពេញៈ ក្រុម កឹម សុខា និយម បានធ្វើការវាយប្រហារ និងដាក់ចំៗក្រយ៉ៅរបស់មេឧទ្ទាមក្រៅច្បាប់រត់ចោលស្រុក ទណ្ឌិត សម រង្ស៊ី រួមទាំងក្រុមផ្កាប់មុខរបស់ខ្លួន ដែលតែងតែចោទប្រកាន់ និងលាបពណ៌ទៅលើលោក កឹម សុខា ឥតឈប់ឈរ។ ក្រៅពីលាបពណ៌ គឺមេឧទ្ទាមរូបនេះ ក៏បានក្បត់ជាមួយលោក កឹម សុខា ជាពិសេសក្បត់ការរួបរួម ដោយទណ្ឌិត សម រង្ស៊ី បានឱ្យមនុស្សរបស់ខ្លួនទៅរៀបចំដំណើរការឡើងវិញនូវគណបក្សភ្លើងទៀន ដោយចាត់តាំងឱ្យលោក ថាច់ សេដ្ឋា ទៅដឹកនាំធ្វើសកម្មភាពចុះតាមមូលដ្ឋានដើម្បីកៀរគរកម្លាំង។ ចំណុចទាំងនេះហើយ ដែលបង្ហាញពីការបែកបាក់រវាងទណ្ឌិត សម រង្ស៊ី និងលោក កឹម សុខា។

មកដល់ពេលនេះ លែងមានទៀតហើយពាក្យថា សម រង្ស៊ី និង កឹម សុខា ជាមនុសស្សតែមួយ។ ដោយសារតែទណ្ឌិត សម រង្ស៊ី និងលោក កឹម សុខា លែងជាមនុស្សតែមួយ បានធ្វើឱ្យក្រុមនិយម កឹម សុខា ធ្វើការបង្ហាញអំពីទង្វើក្បត់ និងលាបពណ៌របស់ទណ្ឌិត សម រង្ស៊ី មកលោក កឹម សុខា ដូចតទៅ៖
-លាចេញពីប្រធានបក្សសង្រ្គោះជាតិ ទៅបង្កើតសមាគមទ្រទ្រង់អ្នកប្រជាធិបតេយក្យ។
-ហក់ចេញពីគណបក្សសង្រ្គោះជាតិ ទៅបង្កើតចលនា។
-រួចបន្តបង្កើតរចនាគណបក្ស CNRPO នៅក្រៅប្រទេស ផាត់ចោលរចនាសម្ព័ន្ធដឹកនាំចាស់របស់សង្រ្គោះជាតិដែលមានស្រាប់។
-ហើយត្រឡប់ចូលមកសង្រ្គោះជាតិវិញ ប្រកាសតែងតាំងខ្លួនឯងជាស្តីទីបក្ស។
-នរណានិយាយថា កឹម សុខា ជាប់គុកឥតប្រយោជន៍ គឺ សម រង្ស៊ី។
-នរណានិយាយថា កែម ឡី ស្លាប់ឥតប្រយោជន៍ គឺ សម រង្ស៊ី។
-នរណាថា លោក កឹម សុខា ស៊ីឈ្នួលជាប់គុក គឺភាគី សម រង្ស៊ី។
-នរណាដៀលជេរប្រមាថ លោក កឹម សុខា សុះសាច់ គឺភាគី សម រង្ស៊ី ។
-នរណាថា លោក កឹម សុខា សម្ងំយកសុខ គឺភាគីលោក សម រង្ស៊ី។
-នរណាចោទ លោក កឹម សុខា ថា លក់ខ្លួន គឺភាគីលោក សម រង្ស៊ី។
-នរណាហៅ មនុស្សស្មោះស្ម័គ្រលោក កឹម សុខា ថា ពួកអាត្រឹមត្រូវ គឺភាគីលោក សម រង្ស៊ី។
-នរណាជេរប្រមាថ កឹម មនោវិទ្យា នូវភាសាបែបតិរិច្ឆានរាប់មិនអស់ គឺភាគីលោក សម រង្ស៊ី។
-នរណាលើកតែងតាំងខ្លួនជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិទាំងបំពានច្បាប់បក្សធ្ងន់ធ្ងរ គឺលោក សម រង្ស៊ី។
-នរណាបំបែករចនាសម្ព័ន្ធគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសខ្ទិចអស់ គឺសម រង្ស៊ី។
-នរណាចោទប្រកាន់ លោក កឹម សុខា ថា លេងល្បែង លោក ហ៊ុន សែន តាមរយៈតុលាការតេឡេ គឺភាគីលោក សម រង្ស៊ី។
-នរណាតែងពោលពាក្យរួបរួម កឹម សុខា សម រង្ស៊ី ជាមនុស្សតែមួយគឺលោក សម រង្ស៊ី និងគូកនរបស់គាត់។
-ចុងក្រោយរុញឱ្យដំណើរការបក្សភ្លើងទៀន បំបែកខ្លួនចេញពីគណបក្សសង្រ្គោះជាតិ បំពេញបំណងរបស់គណបក្សប្រជាជនកម្ពុជា។

ប្រភពដដែលបានបន្តថា ការរៀបរាប់ខាងលើ គឺជានយោបាយរួបរួមបែបលោក សម រង្ស៊ី ឬភាគីរបស់គាត់។ ក្រុមនិយម កឹម សុខា បានលើកឡើងថា បន្ទាប់ពីបែកការណ៍រឿងលោក អេង ឆៃអ៊ាង ឱ្យក្រុមលោក ថាច់ សេដ្ឋា លោក សៀម ភ្លុក បង្កើតគណបក្សបះដូងជាតិ មិនបានសម្រេចដោយសារក្រសួងមហាផ្ទៃបានរកឃើញថា គណបក្សនេះ បានប្រឌិតស្នាមមេដៃក្នុងបញ្ជីរាយនាមចូលជាសមាជិក ដែលមានចេតនាទុច្ចរិតក្នុងការបង្កើនបរិមាណសមាជិក គឺទណ្ឌិតសម រង្ស៊ី និង អេង ឆៃអ៊ាង បានបង្វែរទិសដោយឱ្យលោក ថាច់ សេដ្ឋា និងមន្ត្រីរបស់ខ្លួនមួយចំនួនទៀតទៅចូលរួមជាមួយគណបក្សភ្លើងទៀន ដើម្បីរៀបចំធ្វើសកម្មភាពបក្សនេះឡើងវិញ បន្ទាប់ពីដេកចាំផ្ទះមួយរយៈ។ បើទោះបីជាទណ្ឌិត សម រង្ស៊ី និងក្រុមខ្លួនខិតខំបិទបាំងយ៉ាងណាក៏ដោយ ក៏មិនជិតដែរ។ តើទាំងអស់នេះ លោក កឹម សុខា ក្បត់ទណ្ឌិត សម រង្ស៊ី ឬក៏ទណ្ឌិត រង្ស៊ី ក្បត់លោក សុខា?៕
ដោយៈពលជ័យ

ចែករំលែក

បញ្ចេញយោបល់