ស៊ន សៀវ​ម៉ី ដាក់​កំហិត​ដើរចេញពី​តេ​ក្វា​ន់​ដូ​ក្រោយ​រៀប​ការ

ថ្ងៃពុធ ទី ២៨ កញ្ញា ២០១៦​
219

រាជធានីភ្នំពេញ ៖ មុនចាកចេញទៅប្រកួតនៅអូឡាំពិក កីឡាការិនីស៊ន សៀវម៉ី បានប្រកាសប្រាប់ថា នាងនឹងប្រឹងប្រកួតយកមេដាយពីព្រឹត្តិការណ៍នេះឱ្យបានដាច់ខាត ដើម្បីនាំយកមកវិញនូវមុខមាត់ជាតិនៅលើឆាកអន្តរជាតិផង និងដើម្បីឱ្យនាងសប្បាយចិត្តក្នុងការរៀបចំគូជីវិតដោយអារម្មណ៍ជ្រះស្រឡះនោះផង ។ នៅក្រោយការប្រកួតចាញ់ នាងក៏នៅតែរក្សាជំហរភ្ជាប់ពាក្យដើម្បីបំពេញចិត្តគូស្នេហ៍ផងដែរ ប៉ុន្តែព័ត៌មានចុងក្រោយនាងបានបញ្ជាក់ថា សុខចិត្តពន្យារពេលភ្ជាប់ពាក្យនោះហើយ ដោយសារតែជង្គង់ដែលមានរបួសរបស់នាងមានសភាពរើឡើងវិញ។ ក្នុងនោះនាងក៏ប្រកាសជំហរលាឈប់ពីតេក្វាន់ដូទាំងស្រុងផងដែរនៅអំឡុង៤ឆ្នាំក្រោយបន្ទាប់ពីនាងសម្រេចចិត្តមានគូស្រករ ។

ស៊ន សៀវម៉ី បានអះអាងថា ប្រហែលជា៤ឆ្នាំក្រោយ គឺបន្ទាប់ចូលប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកជាថ្មីម្ដងទៀត នាងនឹងសម្រេចចិត្តមានប្ដីមានកូនមិនខុសពីនារីភាគច្រើនដើម្បីកសាងគ្រួសារ ។ នាងថា គូស្នេហ៍របស់ខ្លួននឹងកំណត់រង់ចាំឱ្យនាងបញ្ចប់ការប្រកួតអូឡាំពិក៤ឆ្នាំបន្ទាប់ ហើយនៅក្នុងពេលនោះគឺនាងនឹងឈប់ឱ្យដាច់តែម្ដងពីអាជីពជាកីឡាការិនីផ្នែកតេក្វាន់ដូ។ នាងថា ខ្លួនមិនចូលចិត្តធ្វើជាអ្នកបង្វឹក ឬបង្ហាត់សិស្សនោះទេ ទើបនាងគិតថា បើនាងឈប់ធ្វើជម្រើសជាតិ គឺឈប់តែម្ដងពីអាជីពកីឡាមួយនេះ ។ នាងលើកហេតុផលជាច្រើនមកបញ្ជាក់ថា វ័យនាងទម្រាំដល់៤ឆ្នាំទៀត ក៏សមល្មមនឹងផ្អាកការតស៊ូហើយក្នុងពេលដែលនាងមានស្វាមីទៅហើយនាងក៏មិនចង់ប្រកួត ឬប្រឹងបង្ហាត់សិស្សអីដែរ ។ កីឡាការិនីវ័យ២៣រូបនេះបន្តថា៖«សម្រាប់ខ្ញុំបើមានប្ដីគឺខ្ញុំអត់ចង់នៅពាក់ព័ន្ធអីនឹងតេក្វាន់ដូព្រោះខ្ញុំអត់ចូលចិត្តបង្ហាត់សិស្សដូចបងៗខ្ញុំ ។ សម្រាប់ខ្ញុំ គឺឱ្យតែការហើយ គឺចប់ហ្មង ត្រង់នឹងហើយដែលខ្ញុំសុំឱ្យចាស់ទុំលើកគម្រោង      ភ្ជាប់ពាក្យ និងរៀបការនៅ៤ឆ្នាំទៀត ព្រោះខ្ញុំអត់ចង់មានប្ដីហើយនៅប្រកួតអីទេ តែមានប្ដីគឺឈប់ហើយ!» ។ នេះជាការលើកឡើងមួយថ្មីដែលធ្វើឱ្យគេដឹងថា រវាងសុភមង្គលគ្រួសារ និងតេក្វាន់ដូ គឺស្ថិតនៅម្ខាងម្នាក់សម្រាប់កីឡាការិនីរូបនេះ ។ ងាកមកបញ្ហារបួសជើងវិញ នាងបានប្រកាសថា ក៏ជាក្ដីបារម្ភមួយដែលនាំឱ្យនាងពិបាកសង្ឃឹមសម្រាប់ព្រឹត្តិការណ៍អូឡាំពិកនៅ៤ឆ្នាំខាងមុខ ដែលនាងចង់បានមេដាយយកមកប្រគល់ជូនជាតិនោះផងដែរ ។

ស៊ន សៀវម៉ី បញ្ជាក់ថា ដោយសារតែការប្រកួត និងហ្វឹកហាត់តេក្វាន់ដូទើបបណ្ដាលឱ្យជង្គង់របស់នាងមានរបួស ហើយបើទោះជាបានព្យាបាលដល់ក្រៅប្រទេស ក៏បានត្រឹមតែទប់កុំឱ្យមានបញ្ហាធ្ងន់ធ្ងរជាងមុន ។ នាងថា ជង្គង់ដែលបានធ្វើទុក្ខចាប់ផ្ដើមរើឡើង បន្ទាប់ពីនាងចូលប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិក ខណៈដែលក្នុងពេលនេះ ស្ថានភាពធ្វើទុក្ខកាន់តែមានសភាពធ្ងន់ធ្ងរ ។ នាងនិយាយថា ជំងឺរបស់នាងភាគីខាងពេទ្យកូរ៉េបានតម្រូវឱ្យនាងវះកាត់ ប៉ុន្តែខាងពេទ្យបញ្ជាក់ថា បើនាងឆ្លងកាត់ការវះគឺមិនអាចដូចដើមនោះទេ ក្នុងពេលអ្នកណាក៏ដឹងថា ជង្គង់របស់នាងមានសារសំខាន់បំផុតសម្រាប់ការប្រកួតមួយលើកៗ ។ រំលឹកកិច្ចសម្ភាសន៍នាគ្រាមុននាងនិយាយថា៖«ជង្គង់ហ្នឹងមានរបួសយូរហើយ ប៉ុន្តែខ្ញុំចេះតែលេបថ្នាំ និងលាបថ្នាំព្យាបាល ឥឡូវនឹងវាធ្វើទុក្ខមែនទែន ហើយបើចង់ជាទាល់តែវះកាត់ ហើយខ្ញុំអត់ចង់វះព្រោះវាប៉ះពាល់ការប្រកួតក្រោយៗទើបចេះតែទ្រាំ!» ។ នាងថា គ្រូបង្វឹកជាជនជាតិកូរ៉េ កំពុងរកមធ្យោបាយពង្វៀងនាងពីការវះកាត់ និងកំពុងឱ្យនាងធ្វើចលនា និងប្រើថ្នាំជាមួយគ្រូជំនាញម្នាក់នៅក្នុងប្រទេសកម្ពុជា ដើម្បីកុំឱ្យការវះកាត់ធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពផ្នែកជង្គង់របស់នាង។ សៀវម៉ី បញ្ជាក់ថា រហូតដល់ខែឧសភា ឆ្នាំ២០១៧ ទើបនាងមានការប្រកួតជាថ្មីម្ដងទៀត អ៊ីចឹងហើយទើបនាងមានឱកាសសម្រាកព្យាបាលជង្គង់នៅក្នុងរយៈពេលនេះ ។ ជាមួយនឹងការធ្វើទុក្ខជំងឺចាស់នេះហើយ ទើបនាងសម្រេចចិត្តពន្យារពេលភ្ជាប់ពាក្យ ។

មកទល់ពេលនេះ ការទម្លាយរបស់នាងនៅតែធ្វើឱ្យមានក្ដីបារមពីស្រទាប់មហាជន ជាពិសេសក្នុងពេលដែលនាងស្រាប់តែទម្លាយឱ្យដឹងពីបញ្ហាមុខរបួស និងឈានដល់ការពន្យារពេលភ្ជាប់ពាក្យ ។ មានការលើកឡើងថាសមត្ថភាពប្រកួតរបស់ ស៊ន សៀវម៉ី នឹងធ្លាក់ចុះដោយសារតែនាងមិនព្រមវះកាតឱ្យជាសះ១០០ភាគរយ ហើយបើនាងសុខចិត្តទទួលយកការវះកាត់ តើនាងមានការប៉ះពាល់ដល់ការប្រកួតឬយ៉ាងណា? ដោយឡែកចំពោះស្នេហា បើទោះជានាងប្រកាសលើកពេលរហូតដល់៤ឆ្នាំបន្ទាប់ ក៏ទំនងជាមិនមានបញ្ហាប៉ះទង្គិចរវាងគ្នានោះដែរ ដោយសារតែនាងប្រកាសថាបុរសនោះ ក៏សម្របតាមនាងសម្រាប់រឿងមួយនេះដែរ៕

ចែករំលែក

បញ្ចេញយោបល់