បិទ​ការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​រើសជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០១៦

ថ្ងៃចន្ទ ទី ២៦ កញ្ញា ២០១៦​
112

រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៦ ដែលបានធ្វើឡើងនៅវិមានពហុកីឡដ្ឋានជាតិ ចាប់តាំងពីថ្ងៃទី២០ កញ្ញា បានបញ្ចប់ដោយជោគជ័យ ហើយពិធីបិទការប្រកួតបានរៀបចំធ្វើកាលពីថ្ងៃទី២៣ កញ្ញា ក្រោមអធិបតីភាពលោកឧកញ៉ា រ័ត្ន សាខន អនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមពិភពលោក ប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ាន និងជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ។

ព្រឹត្តិការណ៍ប្រកួតប្រចាំឆ្នាំដ៏ធំមួយនេះ មានក្លិបចូលរួមចំនួន៧ និងមានកីឡាករ៩៧នាក់ កីឡាការិនី២៦នាក់ សរុបទាំងអស់១២៣នាក់ ប្រកួតលើវិញ្ញាសាសម្ដែងមេគុនផ្នែកបុរស និងនារី, វិញ្ញាសាប្រយុទ្ធបុរសទម្ងន់៥០គីឡូក្រាម ៥៥កីឡូក្រាម, ៦០គីឡូក្រាម និង៦៥គីឡូក្រាមឡើងទៅ និងវិញ្ញាសាប្រយុទ្ធនារីទម្ងន់៥៥គីឡូក្រាម និង៦០គីឡូក្រាម ។

លោកឧកញ៉ា រ័ត្ន សាខន មានប្រសាសន៍ថា រយៈពេល៤ថ្ងៃនេះ កីឡាករ កីឡាការិនីបានបញ្ចេញអស់ពីសមត្ថភាពបច្ចេកទេសដើម្បីដណ្ដើមយកជ័យជម្នះពីគូប្រកួត ។ លោកបានបញ្ជាក់ថា សកម្មភាពកីឡាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន តាំងពីទីក្រុងរហូតដល់ជនបទ គឺមានហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យវិស័យកីឡា។ ជាមួយនេះ ប្រជាជនមានជីវភាពធូរធារនិងយល់ដឹងពីសារប្រយោជន៍អប់រំកាយនិងកីឡា ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើវិស័យកីឡា ដោយបានផ្ដល់ជាអាទិភាពក្នុងចំណោមវិស័យអាទិភាពផ្សេងទៀត ។ ជាក់ស្ដែង តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានចេញនូវអនុក្រឹត្យនិងបង្កើនប្រាក់រង្វាន់ដល់កីឡាករ កីឡាការិនី ដែលដណ្ដើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងការប្រកួតថ្នាក់តំបន់ ថ្នាក់ពិភពលោក ក្នុងគោលបំណងលើកស្ទួយវិស័យកីឡា ក៏ដូចជាជួយពង្រឹងសមត្ថភាពបច្ចេកទេសដល់កីឡាករ កីឡាការិនីគ្រប់ប្រភេទ ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមលើកដំបូងនាឆ្នាំ២០២៣ ខាងមុខ ។ ជាមួយគ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ការប្រកួតកីឡាដោយប្ដូរពីការប្រកួតកីឡាតាមភូមិភាគ មករៀបចំជាការប្រកួតថ្នាក់ជាតិ (National Games) ជារៀងរាល់ពីរឆ្នាំម្ដង ក្នុងគោលបំណងទទួលធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ដើម្បីដណ្ដើមជ័យលាភីជូនប្រទេសជាតិ ៕

e5ad0157-e710-47fc-9d49-3d90d5aa1665

ចែករំលែក

បញ្ចេញយោបល់