ប្រដាល់​ជើងឯក​គោ​ជល់​វគ្គ​4​ប្រជុំ​ដោយ​ជើង​ខ្លាំង​8​រូប

ថ្ងៃពុធ ទី ២១ កញ្ញា ២០១៦​
90

រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រដាល់ជើងឯកគោជល់វគ្គ៤ក្នុងប្រភេទទម្ងន់៧៥គីឡូក្រាមចាប់ផ្ដើមនៅសង្វៀនទូរទស្សន៍ PNN និងបើករេញប្រកួតនៅថ្ងៃអាទិត្យ ទី២៤ កញ្ញា សប្ដាហ៍នេះហើយ ដែលព្រឹត្តិការណ៍នេះកំពុងទាក់ទាញអារម្មណ៍អ្នកទស្សនាឱ្យរង់ចាំមើលយ៉ាងអន្ទះសាដោយសារប្រមូលផ្ដុំទៅដោយកំពូលអ្នកប្រដាល់ជើងខ្លាំងចំនួន៨រូបក្នុងនោះថៃ៤រូប និងកម្ពុជា៤រូប ។

តាមរយៈសន្និសីទកាសែតដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី១៨ កញ្ញា កន្លងមកនេះ ឱ្យដឹងថា ការប្រកួតដណ្ដើមខ្សែក្រវាត់ជើងឯកគោជល់ក្នុងប្រភេទទម្ងន់ធ្ងន់មួយនេះ ធ្វើឡើងបន្ទាប់ពីការប្រកួតដណ្ដើមខ្សែក្រវាត់គោជល់ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាមបានបញ្ចប់ជាស្ថាពរ នៅថ្ងៃអាទិត្យនោះ ។ អ្នករៀបចំកម្មវិធីប្រកួតប្រចាំស្ថានីយទូរទស្សន៍ PNN បានប្រកាសឱ្យដឹងថា នេះគឺជាការប្រកួតដណ្ដើមខ្សែក្រវាត់ក្នុងប្រភេទទម្ងន់ធ្ងន់ដែលមិនធ្លាប់មានពីមុនមក ។ សមាសភាពកីឡាករដែលត្រូវចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ មានកីឡាករកម្ពុជា៤រូបគឺ អ៊ុង វិរៈ មកពីក្លិបកងពលតូចឆត្រយោង៩១១, ព្រំ សំណាង មកពីក្លិបកងពលតូចឆត្រយោង៩១១, សុខ ទូច មកពីក្លិបកងពលតូចលេខ៣១ ការពារដែនសមុទ្រ និងមាស ភារម្យ មកពីក្លិបកងទ័ពជើងទឹក ។ ចំណែកកីឡាករថៃមានកីឡាករ Diesllek Topkingboxeingកីឡាករ Kamlaiphet Thor.Pran26 កីឡាករTongjay Chor.Chanathip និងកីឡាករ Nakrobdam Sithchanol ។ ការប្រកួតនេះធ្វើឡើងតាមរូបមន្តជម្រុះតាមពូលក្នុងមួយពូលយកតែម្នាក់ប៉ុណ្ណោះ ដើម្បីឡើងទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ ពុំមានវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះទេ ។

លោក សំណព្វ អ្នកគ្រប់គ្រងកម្មវិធីប្រកួតប្រដាល់ប្រចាំស្ថានីយទូរទស្សន៍ PNN បានឱ្យដឹងថា កាលពីប្រកួតវគ្គ៣កន្លងទៅ ក៏យើងធ្វើតាមរូបមន្តបែបនេះដែរ ប៉ុន្តែមានបញ្ហាបន្តិចត្រង់ថាកីឡាករថៃមានរបួសធ្ងន់ជាច្រើននាក់ រហូតដល់ថ្នាក់គ្រូពេទ្យប្រចាំប្រទេសថៃហាមមិនឱ្យប្រកួត ទើបធ្វើឱ្យការប្រកួតមានការប្រាសចាករូបមន្ត ឈានដល់កីឡាករកម្ពុជាប្រកួតជាមួយកីឡាករកម្ពុជាគ្នាឯងបែបនេះ ។ ប៉ុន្តែលើកនេះលោកបានសន្យាថា មិនឱ្យមានរឿងបែបនេះកើតឡើងជាលើកទី២ទៀតឡើយ ។ ម្យ៉ាងវិញទៀត ទាំងកីឡាករថៃ និងកម្ពុជា សុទ្ធតែបានចុះកិច្ចសន្យាជាមួយស្ថានីយទូរទស្សន៍ PNN រួចហើយថាត្រូវតែប្រកួតដល់ទីបញ្ចប់រៀងៗខ្លួន ៕

ចែករំលែក

បញ្ចេញយោបល់