កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ផ្តល់អំណោយផ្ទះថ្មី ដល់ស្ត្រីមេម៉ាយរងគ្រោះដោយអគ្គីភ័យ

ថ្ងៃសៅរ៍ ទី ១៦ តុលា ២០២១​
10

កំពង់ចាម៖នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២១ នេះ លោក ហ៊ុន ណេង ប្រធានកិត្តិយសសាខា និងលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានចុះប្រគល់ផ្ទះថ្មី ១ខ្នង ជូន ឈ្មោះ សន វី អាយុ ៣៦ឆ្នាំ ដែលជាស្រីមេម៉ាយមានជីវភាពខ្វះខាត មានកូនប្រុសស្រីចំនួន ៦នាក់ និងចៅស្រី ១នាក់ ក្នុងបន្ទុក ស្ថិតនៅភូមិដីលើ ឃុំ ពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

គួររំលឹកថា កាលពីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ លំនៅដ្ឋានក្មួយស្រី សន វី ១ខ្នង មានទំហំ 5ម×7ម ធ្វើពីឈើ ប្រក់ស័ង្កសីត្រូវអគ្គីភ័យឆាបឆេះ អស់ទាំងស្រុង មូលហេតុ ដោយសារឆ្លងចរន្តអគ្គិសនី ។ ភ្លាមៗនោះ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់តំណាងចុះផ្តល់ជំនួយសង្រ្គោះបន្ទាន់ ដល់គ្រួសាររងគ្រោះ ។ ជាមួយនោះ លោក ហ៊ុន ណេង ក៏បានចុះពិនិត្យស្ថានភាពរងគ្រោះ ដល់ទីតាំងដោយផ្ទាល់ ហើយបានសម្រេចផ្តល់ជូន ផ្ទះថ្មី ១ខ្នង ជូន ក្មួយស្រី ខាងលើ ដើម្បី បានស្នាក់អាស្រ័យ សមរម្យ ថូចអ្នកដទៃ ផងដែរ ។

ក្នុងឱកាសនោះ លោក ហ៊ុន ណេង បានពាំនាំប្រសាសន៍សាកសួរសុខទុក្ខ ពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ លោកយាយ លោកតា ប្រជាពលរដ្ឋទាំងអស់ និងបានអំពាវនាវ សូមយកចិត្តទុកដាក់ គិតគូរថែទាំសុខភាព ឱ្យបានល្អ រស់នៅត្រូវមានអនាម័យស្អាត សម្រាន្តក្នុងមុង និងពិសារទឹកឆ្អិនដាំពុះ ជានិច្ច ជាពិសេស ត្រូវបន្តរៀនរស់ជាមួយជម្ងឺកូវីដ-១៩ ដោយអនុវត្ត តាមវិធានសុខាភិបាល ” ៣ការពារ ៣កុំ និង ២ចូលរួម” ឱ្យបានខ្ជាប់ខ្ជួន ដេីម្បី ជៀសផុតពីពីការឆ្លងរាលដាល នៃជម្ងឺដ៏កាចសាហាវ នេះ ព្រមទាំង សូមជូនពរដល់ក្មួយស្រីម្ចាស់ផ្ទះ និងលោកយាយ លោកតាទាំងអស់ សូមមានសុខភាពរឹងមាំ អាយុ យឺនយូរ ហើយបន្តរស់នៅ ក្រោមម្លប់ នៃសុខសន្តិភាព និងការអភិវឌ្ឍន៍ ។

សូមបញ្ជាក់ថា ផ្ទះ១ខ្នង ថ្មីនេះ ចំណាយថវិកា ៨.៦៥០ដុល្លារ (ប្រាំបីពាន់ប្រាំមួយរយហាសិបដុល្លារអាមេរិក) សង់ពីឈេីខ្ពស់ផុតពីដី ២ម៉ែត្រ , មានទំហំ ៥ម x ៧ម ដំបូលប្រក់ស័ង្កសីភ្លីធំ ជញ្ជាំងស្មាប រនាបឬស្សី មានបង្អួច ៣ ជណ្តេីរធ្វើពីឈើ មានប្រព័ន្ធអគ្គិសនី ប្រេីប្រាស់ថាមពលព្រះអាទិត្យ (Solar) អាចប្រេីទូរទស្សន៍ ១ កង្ហារ ១ និងអំពូល ៥ និង មានផ្ទះបាយជាប់ខាងក្រោយផ្ទះ ។

ដោយឡែក ដេីម្បីជួយសម្រាលដល់ជីវភាពរស់នៅ របស់ស្ត្រីខាងលើ សាខាបានផ្តល់ជូនអំណោយជាសម្ភារៈ គ្រឿងឧបភោគបរិភោគ សម្រាប់សង្កត់ផ្ទះ ដែលរួមមាន ៖ អង្ករ ៥០គ.ក្រ មី ២កេស ត្រីខ ២០កំប៉ុង ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប ឃីត (មុង ភួយ សារុង ក្រមា) ២កញ្ចប់ អអាវយឺត ១៦ សម្ភារផ្ទះបាយ និងសម្ភារប្រេីប្រាស់ក្នុងផ្ទះ ចំនួន ២៧មុខ ព្រមទាំងថវិកា ៥០ម៉ឺនរៀល ។
ជាមួយនោះ លោកយាយ លោកតា ចំនួន ២០នាក់ ដែលចូលរួមក្នុងពីធីប្រគល់-ទទួលផ្ទះថ្មីនេះ ក្នុងម្នាក់ៗទទួលបាន ៖ អង្ករ ២៥គ.ក្រ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១០កំប៉ុង ឃីត (មុង ភួយ សារុង ក្រមា អាយឺត) ១កញ្ចប់ អាវយឺត ៤ ម៉ាស់ ៥បន្ទះ និងថវិកា ២ម៉ឺរៀល ផងដែរ ៕

ចែករំលែក

បញ្ចេញយោបល់