អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋខ្វះខាតចំនួន៤០គ្រួសារនៅស្រុកចិត្របុរី

ថ្ងៃសុក្រ ទី ១៥ តុលា ២០២១​
14

ក្រចេះ៖ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងព្រះវិមលរតនៈ ទេព ហត្ថា ព្រះមេគណខេត្តអញ្ជើញនាំយកអំណោយចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន៤០គ្រួសារ ដែលរស់នៅក្នុងឃុំសំបុក ស្រុកចិត្របុរី ដែលអំណោយទាំងនោះបានមកពីការចូលរួមផ្តួចផ្តើមរបស់ព្រះឥន្ទ្រាភិបាល ង៉ែត សារីន ព្រះអនុគណស្រុក និងជាព្រះចៅអធិការវត្តព្រះនាគវ័ន្ត ហៅវត្តសំបុក រួមនិងព្រះសង្ឃ និងសប្បុរសជន ដែលមានដូចជាសម្ភារៈ ស្បៀង និងថវិកាមួយចំនួន។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍ដោយបានពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជូនចំពោះប្រជាពលរដ្ឋជាជនចាស់ជរា ខ្វះខាតនាពេលនេះ ដោយសារតែវិបតិ្តជំងឺកូវីដ-១៩ បើទោះបីជាមិនបានជាប់ឈ្មោះជាអ្នកខ្វះខាតទៅតាមប្រភេទ១ឬ២ក៏ដោយ ក៏រាជរដ្ឋាភិបាល និងអាជ្ញាធរឃុំ ស្រុក ខេត្តគ្រប់លំដាប់ថ្នាក់ នៅតែគិតគូយកចិត្តទុកដាក់ពីសុខទុក្ខជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដោយមិនទុកចោលបងប្អូនឲ្យរស់នៅឯការនិងខ្វះខាតស្បៀងអាហារនោះទេ។

លោកអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរឃុំនិងស្រុក ត្រូវឧស្សាហ៍ចុះពិនិត្យតាមដានតាមភូមិឲ្យបានញឹកញាប់ ដើម្បីស្រង់ស្ថិតិ និងក្តាបព័ត៌មានឲ្យបានច្បាស់អំពីអ្នករងគ្រោះ និងងាយរងគ្រោះពីវិបត្តិជំងឺកូវីដ-១៩ដើម្បីរាយការណ៍ជូនអាជ្ញាធរខេត្តដើម្បីដោះស្រាជូនឲ្យចំគោលដៅ និងទាន់ពេលវេលាហើយក៏សូមជម្រុញលើកទឹកចិត្តឲ្យបងប្អូនដែលមានឪពុកម្តាយចាស់ជរាសូមនាំយកគាត់ទៅពិគ្រោះជាមួយគ្រួពេទ្យជំនាញដើម្បីទទួលបានវ៉ាសាំងការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់គ្នានិងសូមឲ្យបងប្អូនបន្តរស់នៅឲ្យមានការប្រុងប្រយត្ន័ប្រកបដោយវិធានការការពារអនាម័យឲ្យបានខ្ជាប់ខ្ជួនជាប់ជាប្រចាំ។ ក្នុងនោះដែរ បន្ថែមពីអំណោយ និងសម្ភារៈផ្តល់ជូននាពេលនេះ លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភនូវថវិកាបន្ថែមចំនួន៥ម៉ឺនរៀលក្នុងម្នាក់ផងដែរ៕

ចែករំលែក

បញ្ចេញយោបល់