ពិធីចាប់ឆ្នោតប្រគល់ដីឡូត៍ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន

ថ្ងៃសុក្រ ទី ១៥ តុលា ២០២១​
13

កោះកុង៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង តំណាងលោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីចាប់ឆ្នោតប្រគល់ដីឡូត៍ ជូនប្រជាពលរដ្ឋប្រភេទទី៣ ដែលរងផលប៉ះពាល់ដោយគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀនដែលការចាប់ឆ្នោតនេះប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោក ទេព ធន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។ ប្រជាពលរដ្ឋប្រភេទទី៣ គឺជាប្រជាពលរដ្ឋស្នើសុំសំណងគោលនយោបាយបន្ថែម មានសរុបចំនួន ៨៣១គ្រួសារ ហើយត្រូវបានរាជរដ្ឋាភិបាលដោះស្រាយគោលនយោបាយជូនក្នុងមួយគ្រួសារ ដីចម្ការទំហំ ១ហិកតា។

ការចាប់ឆ្នោតយកដីឡូត៍នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ របស់ប្រជាពលរដ្ឋប្រភេទទី៣នេះ គឺជាការចាប់ឆ្នោតរបស់ប្រជាពលរដ្ឋប្រភេទទី៣ នៃឃុំភ្ញីមាស និងឃុំកោះស្តេច ដែលមានចំនួន ៣៦០គ្រួសារ។ ក្នុងចំណោមប្រជាពលរដ្ឋទាំង៣៦០គ្រួសារនេះ មកចាប់ឆ្នោតយកដីឡូត៍ បានចំនួន ៣២៧គ្រួសារ និងនៅសល់ចំនួន ៣៣គ្រួសារ មិនទាន់បានមកចាប់ឆ្នោត។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋជ្រាបថា ការចាប់ឆ្នោតយកដីឡូត៍សម្រាប់ប្រជាពលរដ្ឋប្រភេទទី៣ នៃឃុំតានូន នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ចាប់ពីម៉ោង ៨:៣០នាទីព្រឹក នៅទីតាំងដីឡូត៍ ស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង៕

 

ចែករំលែក

បញ្ចេញយោបល់