វេទិកាពិគ្រោះយោបល់ស្ដីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤)ខេត្ត និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក ឃុំ សង្កាត់ ថ្នាក់ក្រុង ស្រុក

ថ្ងៃសុក្រ ទី ១៥ តុលា ២០២១​
10

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ឆ្នាំង បានរៀបចំវេទិកាពិគ្រោះយោបល់ស្ដីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤)ខេត្ត និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក ឃុំ សង្កាត់ ថ្នាក់ក្រុង ស្រុករបស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពលោក អម សុភា អភិបាលរខេត្ត និងមានការអញ្ជើញចូលរួមពីលោកស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាលសាលាខេត្ត ក្រុមការងារកសាងផែនការខេត្ត និងដោយឡែកមន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុកចូលរួមតាមប្រព័ន្ធអនឡាញ។

លោកអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ការរៀបចំនូវវេទិកាពិគ្រោះយោបល់គឺដើម្បីជាប្រយោជន៍ដល់ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ប្រកបដោយតម្លាភាព មានការចូលរួម មានសង្គតិភាព និងជាពិសេស គឺពង្រឹងការអនុវត្តន៍គោលការណ៍ទាំង៩ នឹងវប្បធម៌ប្រជាធិបតេយ្យ ក្នុងដំណើរការប្រព្រឹត្តិទៅនៃការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់បណ្ដាលថ្នាក់រដ្ឋបាលនៅថ្នាក់ក្រោមជាតិ និងដើម្បីបង្ហាញពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួលបន្ស៊ីនៅលើការអភិវឌ្ឍទាំងនេះជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធក្នុងខេត្ត ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនោះដែរ ដើម្បីឱ្យដំណើរការសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅក្រុង ស្រុក ទទួលបានលទ្ធផលល្អ លោក អម សុភា បានផ្ដាំផ្ញើអនុសាសន៍មួយចំនួនសម្រាប់ការអនុវត្តដូចខាងក្រោម៖
១. ក្រុមការងារកសាងកម្មវិធីវិនិយោគខេត្ត ក្រុង ស្រុក បន្ដសកម្មភាពរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣)របស់ខេត្ត ក្រុង ស្រុក តាមសេចក្ដីណែនាំបច្ចេកទេសស្ដីពីផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបន្តទៀត ដើម្បីដាក់ជូនក្រុមប្រឹក្សាថ្នាក់រដ្ឋបាលនីមួយៗអនុម័តឱ្យបានទាន់ពេលវេលាស្របតាមច្បាប់កំណត់។
២. មន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវចូលរួមយ៉ាងសកម្មក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិនិយោគក្រុង ស្រុក និងត្រូវផ្ដល់ការគាំទ្រដល់គម្រោងអាទិភាពឃុំ សង្កាត់ដើម្បីជម្រុញ និងលើកកម្ពស់ការផ្ដល់សេវាសាធារណៈរបស់រដ្ឋ ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋឱមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។
៣. សំណូមពរដល់អង្គការជាតិ អន្តរជាតិ សមាគមទាំងអស់ ដែលជាដៃគូអភិវឌ្ឍន៍ខេត្ត សូមពិនិត្យលើសកម្មភាពជាអាទិភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីបង្កើនការគាំទ្រវិនិយោគរបស់ឃុំ សង្កាត់ នៅតាមទីតាំងគោលដៅអភិវឌ្ឍន៍របស់ខ្លួន។
៤. អភិបាលក្រុង ស្រុក ត្រូវរៀបចំដំណើរការសិក្ខាសាលាសមាហរណកម្មកម្មវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ក្រុង ស្រុក ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះឱ្យដំណើរការទទួលបានលទ្ធផលល្អតាមការគ្រោងទុក ព្រមទាំងសម្របសម្រួលកៀរគរឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្ហាញពីវប្បធម៌ការចូលរួមគាំទ្រគម្រោងសកម្មភាព និងធ្វើសេចក្ដីសម្រេចចិត្តសម្រាប់ការអភិវឌ្ឍមូលដ្ឋាន៕

ចែករំលែក

បញ្ចេញយោបល់