លោក គួច ចំរើន នាំយកអំណោយកាកបាទក្រហមកម្ពុជាជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៤៨គ្រួសារដែលមានជីវភាពទីទ័លក្រស្ថិតនៅឃុំអូរជ្រៅ១០គ្រួសារ ឃុំអណ្ដូងថ្ម ៣៨គ្រួសារ

ថ្ងៃសុក្រ ទី ១៥ តុលា ២០២១​
11

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាបានដឹកនាំក្រុមការងារ អនុសាខាស្រុកព្រៃនប់ មន្រ្តីសាខា អ្នកស្ម័គ្រចិត្ត ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៤៨គ្រួសារដែលមានជីវភាពទីទ័លក្រ ស្ថិតនៅឃុំអូរជ្រៅ១០គ្រួសារ ឃុំអណ្ដូងថ្ម ៣៨គ្រួសារ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបានប្រគេនទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន០២វត្ត គឺវត្តអូរជ្រៅ និងវត្តមុន្នីសាលព្រឹក។

ក្នុងឱកាសនោះ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹក អាណិតអាសូរពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយដែលសាខាផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ ១យួរ ទឹកត្រី១យួរ អាវ១កញ្ចប់ ខោ២ ម៉ាស់១ប្រអប់ ឃីត១(ភួយ១ មុង១ សារុង១ ក្រមា១) និងថវិកាលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ៥ម៉ឺនរៀល។ រីឯទេយ្យទានជាគ្រឿងឧបភោគបរិភោគដែលបានប្រគេនជូនវត្តចំនួន០២ ដោយក្នុងមួយវត្ត៖ អង្ករ ៥០គីឡូក្រាម ទឹកត្រី ២យួរ ត្រីខ ២យួរ មី ២កេស ម៉ាស់ ២ប្រអប់ និងបច្ច័យចំនួន ១លានរៀល។ ក្នុងនោះលោក ក៏បានចូលរួមថវិកាចំនួន២០លានរៀលដើម្បីកសាងផ្លូវបេតុងចូលវត្តអូជ្រៅផងដែរ៕

ចែករំលែក

បញ្ចេញយោបល់