សារព័ត៌មាន The Guardian ផ្ញើលិខិតមកក្រសួងការបរទេសកម្ពុជា សោកស្តាយចំពោះកំហុសរបស់ខ្លួនដែលផ្សាយខុសការពិតថា សម្តេចតេជោ ហ៊ុន សែន ទិញសញ្ជាតិពីប្រទេសស៉ីព្រ ហើយបានកែតម្រូវឡើងវិញ

ថ្ងៃចន្ទ ទី ១១ តុលា ២០២១​
8

(ភ្នំពេញ)៖ សារព័ត៌មាន The Guardian បានផ្ញើលិខិតមកលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដោយសម្តែងសោកស្តាយចំពោះកំហុសរបស់ខ្លួន និងបង្កឱ្យមានការបារម្ភដល់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលផ្សាយខុសការពិតថា សម្តេចតេជោ ទិញសញ្ជាតិពីប្រទេសស៉ីព្រ ហើយបានបញ្ជាក់អំពីការកែតម្រូវអត្ថបទរបស់ខ្លួនឡើងវិញផងដែរ។

ខាងក្រោមនេះជាសារលិខិតទាំងស្រុងរបស់សារព័ត៌មាន the Guardian៖

ជូនចំពោះ ឯកឧត្តម រដ្ឋលេខាធិការ

ខ្ញុំសរសេរសារអេឡិចត្រូនិក (email) នេះ ក្នុងការឆ្លើយតបទៅនឹងលិខិតរបស់ ឯកឧត្តម ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ (បានទទួលនៅវេលាម៉ោង ១៣.១៩ GMT នៅថ្ងៃនេះ) ដែលបានអានរួចហើយដោយលោកស្រី និពន្ធនាយក ខេតធឺរីន វីននឺរ (Katherine Viner) និងបានបញ្ជូនមកខ្ញុំ ដែលមានតួនាទីជាអ្នកទទួលខុសត្រូវកម្មវិធីមិត្តអ្នកអាន (ត្រួតពិនិត្យផ្ទៃក្នុង-internal Ombudsman)។

ខ្ញុំអាចធានាចំពោះ ឯកឧត្តម បានថា កំហុសឆ្គងត្រូវបានរកឃើញនិងជម្រាបមកខ្ញុំ ដោយបុគ្គលិក ដែលជាអ្នកសរសេរអត្ថបទផ្ទាល់របស់សារព័ត៌មានដឺហ្គាឌីយែន (the Guardian)កាលពីម្សិលម៉ិញ ហើយអត្ថបទនោះត្រូវបានកែសម្រួល និងបានបញ្ជាក់ការកត់ចំណាំនៅចុងអត្ថបទរួច (footnoted)។ ឯកឧត្តម អាចឃើញអត្ថបទដែលបានកែសម្រួលថ្មី ដែលមានការពាក់ព័ន្ធដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដូចមានក្នុងតំណភ្ជាប់នៅទីនេះ។

អត្ថបទ នឹងត្រូវបានគ្រោងដាក់បញ្ចូលបន្ថែមទៅក្នុងបញ្ជីផ្នែកការកែតម្រូវ និងការបកស្រាយបញ្ជាក់ (Correction and Clarification Column) តាមប្រព័ន្ធអនឡាញ នាពេលក្រោយ នៅក្នុងថ្ងៃនេះ (ម៉ោងផ្សព្វផ្សាយ ២០:០០ GMT)។

ស្មេរអត្ថបទមានការសោកស្តាយដោយបង្កឱ្យមានការបារម្ភដល់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុន្តែមានសង្ឃឹមថា ចំណាត់ការឆ្លើយតបយ៉ាងឆាប់រហ័សក្នុងការកែតម្រូវកំហុសឆ្គងនេះ នឹងផ្តល់នូវដំណោះស្រាយគួរជាទីពេញចិត្ត។

សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ស្មោះស័គ្រ្មពីខ្ញុំ។

អេលីសាបែត រីបប៊ែន (Elisabeth Ribbans)
កម្មវិធីមិត្តអ្នកអាន

ចែករំលែក

បញ្ចេញយោបល់