តំណាងអចិន្ត្រៃយ៍កម្ពុជា៖ កិច្ចខិតខំប្រឹងប្រែងនិងវឌ្ឍនភាពសិទ្ធិមនុស្សរបស់កម្ពុជា ត្រូវបានគេទទួលស្គាល់នៅក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ

ថ្ងៃសៅរ៍ ទី ៩ តុលា ២០២១​
6

(ភ្នំពេញ)៖ កិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេសស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ដោយមានរដ្ឋចំនួន៣១ ចូលរួមថ្លែងបទអន្តរាគមន៍។

គណៈប្រតិភូមកពីប្រទេសចំនួន២២ បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជា លើការលើកកម្ពស់និងការពារសិទ្ធិមនុស្ស។ ក្នុងនោះ គណៈប្រតិភូជាច្រើនបានអបអរសាទរចំពោះអត្រាដ៏ខ្ពស់នៃចំនួនប្រជាជនកម្ពុជាដែលបានចាក់វ៉ាក់សាំងរួច កម្មវិធីគាំពារសង្គមជាច្រើនសម្រាប់ក្រុមងាយរងគ្រោះ និងការបើកសាលាឱ្យសិស្ស-និស្សិតចូលរៀនក្នុងថ្នាក់ដោយផ្ទាល់ឡើងវិញ រួមទាំងការចាក់វ៉ាក់សាំងការពារជូនគ្រូបង្រៀន និងក្មេងជំទង់។ វឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅក្នុងការអភិវឌ្ឍមនុស្ស កំណើនផលិតផលក្នុងស្រុកសរុប អាត្រាអក្ខរកម្មខ្ពស់ និងអត្រាមរណភាពមាតានិងទារកទាប ក៏ត្រូវបានលើកឡើងផងដែរ។ គណៈប្រតិភូផ្សេងទៀតបានទទួលស្គាល់គំនិតផ្តួចផ្តើមសំដៅលើកកម្ពស់កំណែទម្រង់ប្រព័ន្ធច្បាប់ និងតុលាការ និងជំរុញភាពជាដៃគូរវាងរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល រួមទាំងកិច្ចខិតខំប្រឹងប្រែងធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស។

គណៈប្រតិភូខាងលើខ្លះក៏បានថ្លែងសង្កត់ធ្ងន់ផងដែរថា របៀបរបបការងាររបស់អ្នករាយការណ៍ពិសេស គួរតែមានភាពសត្យានុម័ត តុល្យភាព មិនធ្វើនយោបាយូបនីយកម្ម និងមិនជ្រើសរើសតែមួយជ្រុង ដោយគិតគូរផងដែរអំពីទស្សនៈរបស់រដ្ឋាភិបាល កាលៈទេសៈរបស់ប្រទេស និងសារៈសំខាន់នៃប្រភពព័ត៌មានដែលមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ និងអាចជឿជាក់បាន។ អាណត្តិអ្នករាយការណ៍ពិសេស គួរកំណត់នូវភាពខ្វះចន្លោះ និងផ្តល់យោបល់ណែនាំ តាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាព ដើម្បីដោះស្រាយមូលហេតុចម្បង ជាជាងការផ្តោតលើតែអាការៈខាងក្រៅ។

ប្រទេសចំនួន៩ផ្សេងទៀត ដែលបានចូលរួមក្នុងកិច្ចពិភាក្សាខាងលើ បានបញ្ចេញមតិយោបល់ទិតៀនលំហពលរដ្ឋ និងនយោបាយ រួមទាំង សេរីភាពនៃការបញ្ចេញមតិ ការបង្កើតសមាគម និងការប្រមូលផ្តុំដោយសន្តិវិធី។ ទោះបីជាមានការរិះគន់បែបនេះក៏ដោយ គណៈប្រតិភូទាំងនោះភាគច្រើនបានស្វាគមន៍កិច្ចសហការ ដែលកំពុងកើតមានរវាងកម្ពុជានិងអ្នករាយការណ៍ពិសេស ក៏ដូចជាការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដែលប្រការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការងារសិទ្ធិមនុស្ស។ គណៈប្រតិភូខ្លះទៀតបានថ្លែងទទួលស្គាល់កម្មវិធីចាក់វ៉ាក់សាំង​ដោយជោគជ័យប្រឆាំងជំងឺកូវីដ១៩ នៅកម្ពុជា កំណើនសេដ្ឋកិច្ចដែលកំពុងស្ទុះងើបទ្បើងវិញ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ សិទ្ធិសេដ្ឋកិច្ច និងសិទ្ធិអប់រំ។ល។ វាគ្មិនផ្សេងទៀតក៏បានថ្លែងថា ពួកគេរីករាយនឹងធ្វើការជាមួយកម្ពុជា ដែលនឹងក្លាយជាប្រធានអាស៊ាន នៅឆ្នាំ២០២២។

អំទ្បុងពេលនៃកិច្ចសន្ទនាអន្តរសកម្មនេះ ឯកអគ្គរាជទូតនិងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានលើកឡើងអំពីកិច្ចសន្ទនាកម្រិតខ្ពស់ជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំកម្ពុជា និងអ្នករាយការណ៍ពិសេស ជាពិសេសជំនួបតាមប្រព័ន្ធវីដេអូ រវាងអ្នករាយការណ៍ពិសេសខាងលើ ជាមួយ សម្តេចតេជោ នាយករដ្ឋមន្ត្រី ។

តំណាងអចិន្ត្រៃយ៍កម្ពុជា ក៏បានចោទសួរអ្នករាយការណ៍ពិសេសចំពោះការវាយតម្លៃដែលអះអាងថា ធ្វើឡើងដោយផ្អែកលើគោលការណ៍ យុត្តិធម៌ និងមិនលម្អៀង ខណៈពេលអ្នករាយការណ៍ពិសេសសំងំស្ងៀមឈឹង ចំពោះការកើនឡើងនូវការប្រើប្រាស់ភាសាស្អប់ខ្ពើម ការនិយាយបង្កាច់បង្ខូច ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការញុះញង់ ពួនជ្រកក្រោមរូបភាពសេរីភាពនៃការបញ្ចេញមតិ ដែលអាចបង្កឱ្យមានការបែកខ្ញែកក្នុងសង្គមប្រជាពលរដ្ឋ និងកំពុងវាយប្រហារលើគោលតម្លៃនៃបទដ្ឋានសិទ្ធិមនុស្ស។

តំណាងអចិន្ត្រៃយ៍កម្ពុជាបានថ្លែងបន្តថា «ជាប្រការគួរឱ្យសោកស្តាយ ដែលអ្នករាយការណ៍ពិសេស និងអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្សនៅស្ងៀមធ្មឹង ចំពោះនិន្នាការគួរឱ្យព្រួយបារម្ភខាងលើនេះ រួមទាំងការប្រើភាសាប្រជាភិថុតិប្រកបដោយគ្រោះថ្នាក់ របស់អតីតមេដឹកនាំគណបក្សប្រឆាំងជ្រុលនិយម ដែលត្រូវបានថ្កោលទោសដោយអ្នករាយការណ៍ពិសេសអាណត្តិមុន នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ ក្នុងឆ្នាំ២០១៩ និងដោយអតីតសហការីរបស់មេបក្សប្រឆាំងរូបនោះ ម្តងហើយម្តងទៀត ចំពោះការប្រើភាសាបរិហារកេរ្តិ៍ ញុះញង់ឱ្យមានការរើសអើងពូជសាសន៍ និងអុជអាលឱ្យមានការបះបោរប្រឆាំងរដ្ឋាភិបាល»។

នៅចំពោះមុខនៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ តំណាងអចិន្ត្រៃយ៍កម្ពុជា បានសង្កត់ធ្ងន់ថា «កម្ពុជាពុំធ្លាប់បានដាក់ប្រទេសក្នុងភាពអាសន្នម្តងណាឡើយ ផ្ទុយទៅវិញ កម្ពុជាបានជ្រើសរើសយកការអនុវត្តច្បាប់ដែលកាន់តែមានភាពបត់បែន តាមរយៈវិធានការសុខាភិបាល រដ្ឋបាល និងច្បាប់។ ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលមានគោលដៅសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់នូវគោលការណ៍នីត្យានុកូលភាព ភាពចាំបាច់ និងសមាមាត្រ។ យើងសូមស្នើអ្នករាយការណ៍ពិសេស ធ្វើការពិនិត្យផ្ទៀងផ្ទាត់ឡើងវិញនូវចំនួនករណីចាប់ខ្លួន ការចោទប្រកាន់ និងស្ថានភាពពាក់ព័ន្ធនៃករណីនីមួយៗខាងលើ»។

ឆ្លើយតបនឹងការចោទប្រកាន់អំពីការរួមចង្អៀតនៃលំហសេរីភាពសង្គមស៊ីវិល តំណាងអចិន្រ្តៃយ៍កម្ពុជាក៏បានចោទសំណួរតបថា «ប្រសិនបើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មានការរឹតត្បិត មូលហេតុអ្វីបានជាចំនួនអង្គការមិនមែនរដ្ឋាភិបាលដែលទើបចុះឈ្មោះថ្មី នៅតែបន្តកើនឡើង ធ្វើឱ្យចំនួនសរុប​កើនដល់ជិត៦.០០០ អង្គការ? ការពិតនោះគឺថា ការត្អូញត្អែរទាំងនេះកើតចេញពីអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូច ដែលមាននិន្នាការ​នយោបាយខ្លាំង និងបានទទួលថវិកាគាំទ្រពីបរទេស ស្រែកទាមទាររកតម្លាភាព ប៉ុន្តែអង្គការទាំងនោះ​បែរជាបដិសេធមិនបង្ហាញនូវតម្លា​ភាពអំពីអង្គភាពខ្លួនទៅវិញ។ ដើម្បីដោះស្រាយកង្វល់របស់អង្គការសង្គមស៊ីវិល ក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកការងារធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានពិនិត្យរួចរាល់លើមាត្រាចំនួន១១ ក្នុងចំណោម១៤ មាត្រា នៃច្បាប់ខាងលើ ដែលបានស្នើដោយអង្គការសង្គមស៊ីវិល។ ក្រុមការងាររំពឹងថា ការពិនិត្យលើសំណើដែលនៅសេសសល់ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២១ នេះ។ អង្គការសង្គមស៊ីវិលក៏ទទួលបានអត្ថប្រយោជន៍ពីវេទិកាពិគ្រោះយោបល់ចំនួនពីរដងក្នុងមួយឆ្នាំ ជាមួយរាជរដ្ឋាភិបាលផងដែរ»។

ពាក់ព័ន្ធនឹងលំហនយោបាយ តំណាងអចិន្រ្តៃយ៍កម្ពុជាបានគូសបញ្ជាក់ថា «អតីតអ្នកនយោបាយបក្សប្រឆាំងចំនួន២៦រូប បានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ ដែលក្នុងចំណោមអ្នកទាំងនោះ ខ្លះបានបង្កើតគណបក្សនយោបាយថ្មីចំនួន៦ ដើម្បីចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតខាងមុខនេះ។ ក៏ប៉ុន្តែ លំហនយោបាយបើកទូលាយនេះ បែរជាត្រូវរារាំងដោយអតីតថា្នក់ដឹកនាំនៃបក្សប្រឆាំងរបស់ពួកគាត់ ដែលចាត់ទុករាល់សមាជិកទាំងទ្បាយណាដែលស្នើសុំសិទ្ធិធ្វើនយោបាយទ្បើងវិញនោះ ថាជាជនក្បត់ ឬអាយ៉ង។ ត្រង់ចំណុចនេះហើយ ដែលអ្នករាយការណ៍ពិសេស និងប្រទេសលោកខាងលិច បានបិទភ្នែកធ្វើមិនឃើញ»។

នៅចុងបញ្ចប់ តំណាងអចិន្រ្តៃយ៍កម្ពុជា បានបន្តថ្លែងតបថា «បណ្តាប្រទេសលោកខាងលិច និងសហភាពអឺរ៉ុបមួយចំនួនដែលបានទ្បើងថ្លែងក្នុងឱកាសនេះ បានចាត់ទុកការអនុវត្តច្បាប់នៅប្រទេសកម្ពុជា ដែលសំដៅការពារពលរដ្ឋគោរពច្បាប់ ថា ជាការរិតត្បិតសេរីភាពទៅវិញ។ ក៏ប៉ុន្តែនៅពេលដែលវិធានការដូចគ្នានេះ ត្រូវបានអនុវត្តនៅក្នុងប្រទេសរបស់ខ្លួន ពួកគេបែរជាចាត់ទុកថា ជាវិធានការចាំបាច់ និងស្របច្បាប់ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពសង្គម និងសន្តិសុខជាតិ។ ជាឧទាហរណ៍ត្រួសៗ ក្នុងចំណោមប្រទេសទាំងនោះ ខ្លះបានអនុម័តច្បាប់សន្តិសុខសកល បង្ក្រាបក្រុមបាតុករអាវកាក់ពណ៌លឿង ចាប់ខ្លួនស្ត្រីពីបទញុះញង់លើប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យប្រឆាំងនឹងការបិទខ្ទប់ប្រទេស ហាមឃាត់គណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលអាចបង្កហានិភ័យញុះញង់ឱ្យមានអំពើហិង្សាជាដើម ។ល។ អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម អន់តូនីយ៉ូ ហ្គូទែរែស បានថ្លែងសង្កត់ធ្ងន់នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនេះថា សិទ្ធិមនុស្សមិនត្រូវក្លាយជាមធ្យោបាយ ដើម្បីអនុវត្តស្ដង់ដារពីរ ឬជាឧបករណ៍ ដើម្បីសម្រេចរបៀបវារៈលាក់ពុតណាមួយឡើយ»៕

 

ចែករំលែក

បញ្ចេញយោបល់