លិខិតមិត្តអ្នកអាន៖ «សម រង្ស៊ី លោតខុសចង្វាក់បាក់ចង្កេះ» (មានវីដេអូ)

ថ្ងៃព្រហស្បតិ៍ ទី ៧ តុលា ២០២១​
43

ទីបំផុត ព័ត៌មានដែលថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានសញ្ជាតិ២ និងមានលិខិត​ឆ្លងដែនប្រទេសស៊ីព្រគឺជាព័ត៌មានមិនពិត។ កាសែត The Guardian បានចុះផ្សាយកែតម្រូវឡើងវិញហើយថា «អ្វីដែលខ្លួនបានផ្សាយនោះគឺជាការផ្សាយខុស»។ ការកែតម្រូវរបស់កាសែត The Guardian បានធ្វើឲ្យទណ្ឌិតសម រង្ស៊ីដែល មានសញ្ជាតិ២ និងបនភើនដែលបានយកព័ត៌មានមិនពិតនោះទៅប្រើប្រាស់ដើម្បីបំពុលសង្គមដោយគ្មានការផ្ទៀងផ្ទាត់ជាមុននោះ បាក់ចង្កេះព្រោះតែលោតខុសសង្វាក់។ អ្វីដែលកាន់តែធ្ងន់ធ្ងរបំផុតនោះ គឺព័ត៌មាននេះក៏បានរុញច្រានឲ្យ សម រង្ស៊ី ស្ថិតក្នុងស្ថានភាព«យីអ៊ុនដាក់ អារក្សជាន់» យ៉ាងទាន់ហន់បំផុត។

តើព្រឹត្តិការណ៍នេះបានឆ្លុះបង្ហាញឲ្យឃើញពីចំណុចខ្សោយអ្វីខ្លះរបស់អ្នកនយោបាយប្រឆាំងជ្រុលនិយមដឹកនាំដោយ សម រង្ស៊ីដែលជាកូន នៃត្រកូលក្បត់ជាតិតពូជ?

ទី១៖ វាបានបង្ហាញឲ្យឃើញថា សម រង្ស៊ី គឺ ជាអ្នកនយោបាយដែល«មិនដឹងខ្យល់អ្វីទាំងអស់ គឺដឹងតែល្ហើយ»ប៉ុណ្ណោះ ពោលគឺ ឲ្យតែលឺខ្យល់បក់ ជននេះក៏ផ្តើមហក់កញ្ឆេងភ្លាមថា ខ្លួនមាន ដង្ហើមរស់ហើយ ដោយមិនបានយកខួរក្បាលមកគិតទាល់តែសោះថា តើខ្យល់នោះបក់មកពីទិសណា និងនាំមកនូវសារធាតុគ្រោះថ្នាក់អ្វីមកជាមួយឬអត់នោះទេ? ក្នុងមួយជីវិតនយោ​បាយរបស់ខ្លួន សម រង្ស៊ី ធ្វើ នយោបាយបែប«មិនដឹងខ្យល់» រហូតដោយមិនដែលបានប្រើវិចារណញាណដើម្បីវិភាគសភាពការណ៍អ្វីឡើយ។ ទីបំផុតបរាជ័យក៏កើតមានយ៉ាងទាន់ហន់ និងជាបន្តបន្ទាប់ម្តងហើយម្តងទៀត។

ទី២៖ នយោបាយមិន ដឹងខ្យល់របស់ សម រង្ស៊ី បានបង្ហាញថា បុគ្គលរូបនេះរួមទាំងគូកនគឺជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីបំពុលសង្គមជារៀងរហូតមកដោយមិនអាចប្រកែកបានឡើយ។ ព័ត៌មានមិនពិតគឺជាចំណីដ៏ឆ្ងាញ់របស់ សម រង្ស៊ី និងគូកនពីព្រោះបុគ្គលប្រភេទនេះប្រៀបបាននឹងសត្វឈ្លឹងដែលរស់បានតែនឹងការជញ្ជក់ឈាមពីអ្នកដ៏ទៃដោយមិនពិចារ​ណាអ្វីឡើយ។

ទី៣៖ បើនិយាយពីកម្រិតយុទ្ធសាស្ត្រនយោបាយវិញ សម រង្ស៊ី ធ្វើ នយោបាយបែបរាក់កំផែល ដោយគ្មានទីប្រឹក្សាពិគ្រោះយោបល់និងគ្មានក្រុមការងារសម្រាប់ផ្ទៀងផ្ទាត់ព័ត៌មានអ្វីទាំងអស់​។ ជាធម្មតា ព័ត៌មានមួយដែលកើតឡើងគឺមានប្រភពរបស់វាដែលអ្នកនយោបាយឬអ្នក​សារព័ត៌មានត្រូវចូលទៅមើលដល់ប្រភពឬសគល់ជាមុនសិនមុននឹងយកវាមកប្រើប្រាស់ដើម្បីធ្វើជាអាវុធយុទ្ធសាស្ត្រនយោបាយ។ ប៉ុន្តែ សម រង្ស៊ី និងគូកន បែរជាយកព័ត៌មានមិនពិតមកធ្វើជាយុទ្ធសាស្ត្រវាយទៅ លើគូបដិបក្ខដោយមិនបានផ្ទៀងផ្តាត់ទាល់តែសោះ។ នេះគឺជាចំណុចខ្សោយដ៏ធំនិងជាប្រភពនៃការបរាជ័យយ៉ាងអាម៉ាស់ដែលបុគ្គលរូបនេះបានជួបប្រទះជាហូរហែររហូត មកទល់នឹងបច្ចុប្បន្ន។

ទី៤៖ ប្រសិនបើគេក្រឡេកមើលសេចក្តីថ្លែងការណ៍៥ចំណុចរបស់ខ្មោចគណបក្សដែលបានស្លាប់ទៅហើយនោះគេពិតជាអស់សំណើចជាខ្លាំងពីព្រោះពាក្យពេចន៍ទាំងអស់ដែលពួកគេបានសរសេរ គឺសុទ្ធសឹងជាដំបងសំពងទៅលើខ្លួនឯងទាំងអស់។ ជាក់ស្តែង ពួកគេបាន និយាយពីអ្នករត់ចោលស្រុកនិយាយពីជនក្បត់ជាតិដែលបោកប្រាស់គេដើម្បីបានលុយដេកស៊ីចាយយ៉ាងស្រួលនៅឯបរទេស។ ចំណុចទាំងអស់នេះ គឺសុទ្ធសឹងតែជាលក្ខណៈសម្គាល់របស់ទណ្ឌិត សម រង្ស៊ី ទាំងអស់ពីព្រោះគឺ សម រង្ស៊ីនេះហើយ ដែលជាមនុស្សតែងតែរត់ចោលស្រុ​ករហូត និងរស់ដោយសារការបោកប្រាស់ខ្មែរនៅក្រៅស្រុកដើម្បីបានលុយស៊ីចាយសប្បាយហ៊ឺហាដោយមិនបាច់ធ្វើការអ្វីឡើយ។ ចំណែកឯលោក ហ៊ុន សែនវិញ គឺពិតជាមេដឹកនាំដែលតែងតែក្រាញននៀលនៅជាមួយប្រជាពលរដ្ឋនិងស្ថិតនៅជាមួយប្រជាពលរដ្ឋខ្មែរគ្រប់ពេលវេលាជាពិសេសក្នុងកាលៈទេសៈដ៏លំបាក។

ទី៥៖ ការកែតម្រូវរបស់កាសែត The Guardian កំពុងធ្វើឲ្យ សម រង្ស៊ី អស់ក្រេឌីតនិងអាម៉ាស់ មុខពេញពិភពលោកពីព្រោះ សម រង្ស៊ី បានប្រើប្រាស់ព័ត៌មានមិនពិតនេះទាំងភាសាខ្មែរ និងអង់គ្លេសដោយភ្ជាប់ជាមួយនូវ link របស់កាសែតនេះតែ ម្តងនៅក្នុងហ្វេសប៊ុក ផ្លូវការរបស់ខ្លួន។ ឥឡូវនេះ ពេលកាសែត The Guardian បានកែតម្រូវព័ត៌មាន សម រង្ស៊ី នៅតែបន្តប្រើប្រាស់ព័ត៌មានមិនពិតនេះដដែលដោយមិនបានកែតម្រូវតាមកាសែតនេះទេ។ ចំណុចនេះបានធ្វើឲ្យ សាធារណៈមតិជាតិនិងអន្តរជាតិ បានឃើញយ៉ាងច្បាស់ថា សម រង្ស៊ី គឺជាជនឱកាសនិយមនិងនៅតែរឹងរូសប្រើប្រាស់ព័ត៌មានមិនពិតធ្វើជាមូលដ្ឋានក្នុងការវាយប្រហារមកលើលោក ហ៊ុន សែន ។

ទី៦៖ មិនត្រឹមតែអាម៉ាស់ដូចស្រាតខោដើរកណ្តាលផ្សារប៉ុណ្ណោះទេប៉ុន្តែទង្វើរបស់ សម រង្ស៊ី បានបិទវាំងនននយោបាយរបស់ខ្លួនឲ្យចប់ជា ស្ថាពរដោយសារតែ រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន កំពុងរៀបចំសេចក្តីព្រាងច្បាប់មួយស្តីពីការកំណត់សញ្ជាតិតែមួយគត់សម្រាប់មេដឹកនាំស្ថាប័នកំពូលរបស់ជាតិពោលគឺ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងនាយរដ្ឋមន្ត្រី ត្រូវមានសញ្ជាតិខ្មែរតែមួយប៉ុណ្ណោះ។ នេះហើយជាអ្វីដែលគេហៅថា «តម្រិះជិះកឯង» ដែលជាលទ្ធផលកើតចេញពីនយោបាយ «ស្ទើរភ្លើង» «ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ» របស់ខ្លួន។

រហូតមកទល់ពេលនេះ នយោបាយ«ស្ទើរភ្លើង ឬតម្រិះជិះកឯង» របស់សម រង្ស៊ី បានបង្កើតកំហុសជាប្រវត្តិសាស្ត្រ២លើកធំៗនិងបានផ្តល់ជាការដូដាក់ជើងពានជូនលោក ហ៊ុន សែន រួចជាស្រេច។ កំហុសទី១ គឺ ការកែប្រែរដ្ឋធម្មនុញ្ញពី២ភាគ៣មកជា៥០% បូក១ និងកំហុសនយោបាយដ៏ធំបំផុតលើកទី២ គឺការបង្កើតហេតុផលសមស្របបំផុតដែលជាឱកាសមាសឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញស្តីពីសញ្ជាតិតែមួយសម្រាប់មេដឹកនាំកំពូលៗដែលតាមពិតទៅលោក ហ៊ុន សែន បានព្យាយាមមិនធ្វើវាជាយូរណាស់មកហើយក្នុងគោលដៅទុកឱកាសឲ្យអ្នកនយោបាយសញ្ជាតិ២ អាចធ្វើជាមេដឹកនាំកំពូលបាន។ ប៉ុន្តែ ពេលនេះ លោក ហ៊ុន សែន ក៏អស់ភាពអត់ធ្មត់បានតទៅទៀតហើយដោយសារតែ សម រង្ស៊ី ជា «អ្នកដុតឲ្យខ្លោចរោចឲ្យឆៅ» ហើយជាលទ្ធផលនៃនយោបាយមិនដឹងខ្យល់នេះក៏បានធ្វើឲ្យទណ្ឌិតសម រង្ស៊ី «លោតខុសសង្វាក់ បាក់ចង្កេះ» ហើយការបាក់ម្តងនេះ គឺពិតជាគ្មានគ្រូពេទ្យណាអាចព្យាបាលបានឡើយ៕

ដោយ៖ អ្នកនយោបាយតុកាហ្វេ

 

ចែករំលែក

បញ្ចេញយោបល់