លោក គីម ប៊ុនថាន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនដល់នាយ-ពលទាហានអង្គភាពវរសេនាតូចអន្តរាគមន៍លេខ ៣៨៥

ថ្ងៃអាទិត្យ ទី ២៦ កញ្ញា ២០២១​
9

ខេត្តព្រះវិហារ ៖ នៅរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១  លោក គីម ប៊ុនថាន អគ្គមេបញ្ជាការរង ខភម  នាយករង ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងជាតំណាង នាយកខុទ្ទកាល័យនាយករដ្ឋមន្ត្រី បានអញ្ជើញដឹកនាំប្រតិភូចុះមកជួបសំណេះសំណាល សាកសួរសុខទុក្ខ ព្រមទាំងបាននាំមក នូវអំណោយមួយចំនួន ជាថវិកា និងថ្នាំពេទ្យ សម្រាប់ព្យាបាលជម្ងឺ មកចែកជូនដល់នាយ-ពលទាហានអង្គភាពវរសេនាតូចអន្តរាគមន៍លេខ ៣៨៥ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនទិសទី១ ប្រាសាទព្រះវិហារ ក្នុងឱកាសអបអរសាទរបុណ្យភ្ជំបិណ្ឌប្រពៃណីជាតិ ។

ឈ្លៀតក្នុងឱកាសនោះដែរ លោក គីម ប៊ុនថាន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី និងភរិយា ក៍ដូចជាការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់នាយកខុទ្ធការល័យនាយករដ្ឋមន្ត្រី ដែលជានិច្ចជាកាលលោកតែងគិតគូរយកចិត្តទុក្ខដាក់ជានិច្ច ពីសុខទុក្ខនិងការរស់នៅរបស់កងទព័ និងគ្រួសារកងទព័ 

លោក ក៍បានថ្លែងនូវការកោតសរសើរដល់នាយ និងពលទាហានទាំងអស់ក្នុងវរសេនាតូចលេខ៣៨៥ ដែលអនុវត្តបានល្អតាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ.១៩  និងបានផ្តាំផ្ញើអោយនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បន្តអនុវត្តតាមការណែនាំរបស់        ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាលបន្តទៀត ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង  និងអង្គភាពយើងពីការឆ្លងជំងឺកូវីដ-១៩ ។

លោក គីម ប៊ុនថាន បានណែនាំអោយនាយទាហាននិងពលទាហាន ត្រូវថែទាំសុខភាពអោយបានល្អ ដោយប៉ុន្មានថ្ងៃខាងមុខនេះ តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧត្តុនិយមគឺអាកាសធាតុចុះត្រជាក់និងមានភ្លៀងបន្តបន្ទាប់ ដូច្នេះត្រូវត្រៀមអាវរងារ និងអាវភ្លៀង ដែលជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្តល់អោយនោះ ទុកអោយហើយ។ 

នៅក្នុងឱកាសនោះ ក្នុងនាមអង្គភាពសម្ពន្ធ័មេត្រី លោក គីម ប៊ុនថាន បានផ្តល់ថវិកា ៥០០០ដុល្លាសម្រាប់កសាងអង្ភភាព សេរ៉ូម និងថ្នាំពេទ្យមួយចំនួន ចែកជូនកងទព័ក្នុងម្នាក់ៗថវិកា១៦ម៉ឺនរៀលផងដែរ៕

ចែករំលែក

បញ្ចេញយោបល់