ខេត្តប៉ៃលិន ធ្វើយុទ្ធនាការដាំឈើប្រណិត ៤០០០ដើម ដើម្បីស្តារគម្របបៃតងក្នុងខេត្តឡើងវិញ

ថ្ងៃសៅរ៍ ទី ២៥ កញ្ញា ២០២១​
9

ប៉ៃលិន៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, លោកឧត្តម សេនីយ៍ ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងលោក សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌល ប៉ៃលិន បានដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ព្រមទាំងយុវជនសហភាពសហព័ ន្ធ យុវជនកម្ពុជាខេត្ត ធ្វើយុទ្ធនាការដាំដើមឈើប្រណិត ៤០០០ដើម នៅទីបញ្ជាការទិសទី៣ ប៉ៃលិន~សំឡូត ដើម្បីស្តារគម្របបៃតងក្នុងខេត្តឡើងវិញ។

លោកស្រី បាន ស្រីមុំ បានមានប្រសាសន៍ថា ការដាំកូនឈើ ប្រណិត នាថ្ងៃនេះ គឺក្នុងគោលបំណង ស្តារគម្របបៃតង និងឈើប្រណិតក្នុងខេត្តឡើងវិញ ព្រមទាំងជំរុញការ ផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ឲ្យយល់ដឹងពីសារៈសំខាន់ និងផលប្រយោជន៍របស់ បរិស្ថាន ធម្មជាតិ ក្នុងការកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ជាពិសេស បណ្តុះគំនិត ស្រលាញ់ ព្រៃឈើ និងបរិស្ថានធម្មជាតិ ដែលកំពុងតែរងការកាប់បំផ្លាញ ដែលនាំឲ្យឈានទៅរកការបាត់ បង់ បន្តិចម្តងៗ ដូច្នេះយើងទាំងអស់គ្នា ដែលជាអ្នកទទួលផលប្រយោជន៍ពីដើមឈើ  គួរគប្បីចូលរួមដាំដុះ ឡើង វិញ ព្រមទាំងថែរក្សាការពារជីវចម្រុះ និងបរិស្ថានធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ ដើម្បីរក្សាទុក ជា សម្បតិ្ត ជាតិ និងសម្បត្តិមនុស្សជាតិជាសាកល ក៏ដូជាលើកស្ទួយមុខ មាត់ខេត្តរបស់យើងផងដែរ។

លោកស្រីអភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលខេត្តប៉ៃលិន កំពុងអនុវត្តន៍ យ៉ាងសកម្មនូវគោលនយោបាយរបស់រាជ រដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថាន ក្នុងកិច្ចការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ព្រមទាំង អេកូឡូស៊ី ដើម្បីលើកកម្ពស់កិត្យានុពលបៃតងជាតិ អោយល្បីល្បាញរន្ទឺ ជាប្រទេសមានការ អភិវឌ្ឍន៍ បៃតង គម្រូក្នុងតំបន់អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិច តាមគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍបៃតង និងផែន ការ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍបៃតង ឆ្នាំ២០១៣-២០២០។

នៅក្នុងឱកាសនោះផងដែរ លោកស្រី បាន ស្រីមុំ ក៏បានថ្លែងការកោតសរសើ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងទាំង៣ប្រភេទ និងមន្ត្រីរាជការទាំងអស់គ្រប់ជាន់ថ្នាក់ ដែល បានបំពេញបេសកកម្មដ៏ថ្លៃថ្លា ប្រកបដោយការទទួលខុសត្រូវខ្ពស់ សម្រាប់ប្រជាជន និងប្រទេសជាតិ ដើម្បី រួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ។

បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី ទី សុខា មេបញ្ជាការទិសទី៣ ប៉ៃលិន-សំឡូត បានលើកឡើងថាយុទ្ធនាការដាំដើមឈើប្រណិតចម្រុះចំនួន ៤០០០ដើម នៅទីបញ្ជាការជួរមុខទិសទី៣  ប៉ៃលិន-សំឡូត ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន គឺទទួលបានការឧបត្ថម្ភពី រដ្ឋបាលខេត្តប៉ៃលិន ,អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន, ស្នងការដ្ឋាននរគបាលខេត្តប៉ៃលិន, ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង កងរាជអាវុធហត្ថខេត្ត រដ្ឋបាលព្រៃឈើខេត្ត និងយោធភូមិភាគទី៥៕

ចែករំលែក

បញ្ចេញយោបល់