អំណោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ត្រូវបានផ្ដល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ថ្ងៃសុក្រ ទី ២៤ កញ្ញា ២០២១​
9

ត្បូងឃ្មុំ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមទាំងអភិបាលរងខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ទ បានអញ្ជើញទទួលសម្ភារៈបរិក្ខារពេទ្យចំរុះ ចំនួន១៥០កេស ជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុនី ប្រធានក្រុមប្រឹក្សាភិបាលTYDA ដែលបានចាត់ឲ្យក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នាំយកមកផ្តល់ជូនដល់រដ្ឋបាលខេត្តត្បូងឃ្មុំ។

ក្នុងនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវទឹកចិត្តដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុនី ដែលបាននាំយកមកឧបត្ថម្ភផ្តល់ជូនសម្ភារៈបរិក្ខារពេទ្យចំរុះយ៉ាងច្រើនទាំងនេះ ដើម្បីចែកជូនក្រុមគ្រូពេទ្យ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ប្រយុទ្ធទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។

ចំពោះសម្ភារៈបរិក្ខារពេទ្យទាំង១៥០កេសរួមមាន សម្ភារៈរុំ និងថែទាំរបួស សម្ភារៈជំនួយការពិនិត្យជំងឺទូទៅ និងរោគស្ត្រី ជំនួយការងារមន្ទីរពិសោធន៍ ជំនួយការវះកាត់ និងបរិក្ខារផ្សេងៗជាច្រើនទៀត៕

ចែករំលែក

បញ្ចេញយោបល់