វិភាគអន្តរជាតិ៖ តើចិនពិតជាគំរាមកំហែងដល់ សណ្ដាប់ធ្នាប់ពិភពលោក ដូចអាមេរិកចោទមែនឬ?

ថ្ងៃព្រហស្បតិ៍ ទី ២៣ កញ្ញា ២០២១​
5

(វ៉ាស៊ីនតោន)៖ នាឱកាសថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាត អង្គការសហប្រជាជាតិជាលើកដំបូងនៅក្នុងអាណត្តិរបស់ខ្លួន នៅថ្ងៃអង្គារ ទី២១ ខែកញ្ញានេះ លោកប្រធានាធិបតី ចូ បៃដិន បាននិយាយថាសហរដ្ឋអាមេរិកមិនមានចេតនាបង្ក «សង្រ្គាមត្រជាក់» ជាមួយប្រទេសណាមួយឡើយហើយក៏មិនចង់ឃើញ ពិភពលោកបែកបាក់គ្នា ឬបែងចែកបក្ខពួកនោះដែរ។

លោក បៃដិន មិនបានលើកឡើងចំឈ្មោះចិននោះទេ ប៉ុន្តែអ្វីដែលលោកនិយាយត្រូវបានគេមើលឃើញថា ហាក់ដូចជាឆ្លុះបញ្ចំងពីអ្វីដែលអគ្គលេខាធិការ UN លោក Antonio Guterres បានកត់សម្គាល់នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន AP កាលពីពេលថ្មីៗនេះថា លោកមានការបារម្ភជាខ្លាំងពីការផ្ទុះឡើងនូវ សង្រ្គាមត្រជាក់ថ្មីមួយរវាងអាមេរិក និងចិន នៅក្នុងករណីដែលមហាអំណាចទាំង២ បរាជ័យក្នុងការធ្វើឱ្យទំនាក់ទំនងរបស់ពួកគេល្អប្រសើរឡើងវិញ។ ជាភាសា ការទូតស្ដាប់ទៅពិតជាពិរោះ តែកាលពីសប្ដាហ៍មុន លោក ចូ បៃដិនបានបង្កភាពភ្ញាក់ផ្អើល តាមរយៈការប្រកាសពីការបង្កើតសម្ព័ន្ធភាពយោធាត្រីភាគី AUKUS ជាមួយអង់គ្លេស និងអូស្ត្រាលី។

សម្ព័ន្ធភាព AUKUS ត្រូវបានអ្នកជំនាញភាគច្រើនយល់ថាមានគោលដៅចម្បង ក្នុងការខ្ទប់ការកើនឡើងឥទ្ធិពលចិននៅក្រោមយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់
លោក ហើយវាក៏ជាសញ្ញាមួយបង្ហាញកាន់តែច្បាស់ផងដែរពីការលេចឡើងនូវ «សង្រ្គាមត្រជាក់ថ្មីមួយ»។ លោក ចូ បៃដិន រួមទាំងមេដឹកនាំលោកខាងលិចខ្លះ ដូចជានាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បានពិពណ៌នាការប្រកួតប្រជែងជាមួយចិននៅក្នុងន័យ «មនោគមន៍វិជ្ជា» យ៉ាងច្បាស់ថា
ជាការការពារប្រជាធិបតេយ្យប្រឆាំងនឹងរបបផ្ដាច់ការនិយម។ ទាំងលោក បៃដិន និងលោក ម៉ូរីសុនតែងតែធ្លាប់លើកឡើងជារឿយៗថាចិនកំពុងបង្កការគំរាមកំហែង និងមានចេតនាចង់ផ្លាស់ប្ដូរ «សណ្ដាប់ធ្នាប់អន្តរជាតិឈរលើមូលដ្ឋានប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» ដោយដាក់ជំនួសមកវិញនូវគោលការណ៍ និងការអនុវត្តរបស់ គណបក្សកុម្មុយនិស្ដចិន (CCP)។ ពោលនិយាយឱ្យងាយស្ដាប់ គឺពួកគេចង់មានន័យថា ចិនចង់ឱ្យពិភពលោកទាំងមូលក្លាយជា «កុម្មុយនិស្ដផ្ដាច់ការ»

វោហាស័ព្ទ និងគោលនយោបាយតឹងរ៉ឹងចំពោះចិនបែបនេះវាទាក់ទាញបានប្រជាប្រិយភាព និងការគំាទ្រខ្លាំងនៅក្នុងស្រុក ប៉ុន្តែថាតើវានឹងមានប្រសិទ្ធភាពសម្រាប់ នយោបាយការបរទេសដែរឬក៏យ៉ាងណា? ក្រុមអ្នកជំនាញភាគច្រើនយល់ថាចិនមិនបានបង្កការគំរាមកំហែងជាក់ស្ដែងដូចដែលអតីតសហភាពសូវៀតបានបង្កឡើង នោះទេ ហើយការគិតបែបនេះគឺមានមូលហេតុ ២៖

*មូលហេតុទី១ គឺពាក់ព័ន្ធនឹងចេតនារបស់ចិន។ វាមិនមានភស្តុតាងបង្ហាញថាទីក្រុងប៉េកាំងកំពុងចង់កែប្រែពិភពលោកទាំងមូលឱ្យក្លាយទៅជាកុម្មុយនិស្ដដូចខ្លួន ឡើយ ហើយប្រសិនបើចិនចង់ពិតមែន ក៏ប្រហែលជាមិនអាចទៅរួចនោះដែរ។ ចិនខុសពីសហភាពសូវៀត ដែលចង់ឱ្យពិភពលោកក្លាយជាកម្មុយនិស្ដ។ នៅសម័យ សង្រ្គាមជាក់រវាងអាមេរិក និងសូវៀត វាជាការប្រជែងខាងមនោគមន៍វិជ្ជាសុទ្ធសាធ ដោយអាមេរិកបង្កើតប្លុកលោកខាងលិច ឬប្រជាធិបតេយ្យ រីឯសូវៀតបង្កើត ប្លុកលោកខាងកើត ឬកុម្មុយនិស្ដ។ សូវៀតបានផ្ដល់ការគាំទ្រ និងជួយបង្កើតសាខាគណបក្សកម្មុយនិស្ដជាច្រើននៅក្នុងតំបន់អឺរ៉ុបដូចជានៅបារាំង និងអ៉ីតាលី ជាដើម។

អ្វីដែលសូវៀតបានដើរ គឺផ្ទុយទាំងស្រុងពីអ្វីដែលចិនកំពុងដើរសព្វថ្ងៃ។ ចិនផ្ដោតសំខាន់លើការផ្ដល់ប្រយោជន៍សេដ្ឋកិច្ច ដូចជាការបង្កើតគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន។ ម្យ៉ាងវិញទៀត អ្វីដែលសំខាន់ទោះជាចិនចង់បង្កើតសណ្ដាប់ធ្នាប់អន្តរជាតិថ្មី ឬប្រព័ន្ធនយោបាយបែបចិន ក៏មិនគ្មានប្រទេស លោកខាងលិច ឬប្រទេសណាមួយព្រមទទួលយក ឬធ្វើតាមចិនគ្រប់ៗគ្នានោះទេ។ ជាឧទាហរណ៍ សូម្បីតែវៀតណាមដែលមានមនោគមន៍វិជ្ជាកុម្មុយនិស្ដដូចចិន ក៏កំពុងប្រឆាំងនឹងឥទ្ធិពលចិនផងដែរ។

*មូលហេតុទី២ គឺសមត្ថភាពរបស់ចិន។ នៅសម័យសង្រ្គាមត្រជាក់ គេឃើញមានមហាអំណាចតែ ២ប៉ុណ្ណោះ គឺអាមេរិក និងសូវៀត ដោយនៅពេលនោះអឺរ៉ុបខាងកើត ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សូវៀត រីឯអឺរ៉ុបខាងលិច និងជប៉ុននៅតែមិនទាន់អាចងើបរួចនៅឡើយ។ តែបច្ចុប្បន្នក្រៅពីអាមេរិក និងចិនមានប្រទេសជាច្រើន ដែលត្រូវបានគេចាត់ទុកថាជាមហាអំណាច ដូចជាឥណ្ឌា, បារាំង, ជប៉ុន, អង់គ្លេស និងអាលឺ្លម៉ង់ជាដើម។ ដោយឡែកនិយាយពីចិនវិញ សព្វថ្ងៃប្រឈមមុខនឹង ការលេចឡើងនូវមហាអំណាចថ្មីកាន់តែច្រើន ចិនមិនមែនកំពុងគ្រប់គ្រងតំបន់ ឬប្រទេសណាមួយដូចជាសូវៀតធ្លាប់ធ្វើទេ។ រុស្ស៊ី, ឥណ្ឌា និងអឺរ៉ុបសុទ្ធតែ មហាអំណាចធំៗ និងមានអាវុធនុយក្លេអ៊ែរគ្រប់ដៃ ដូច្នេះចិន គ្មានឱកាសឯណាទៅគ្រប់គ្រង ឬចង់បង្កើតគំរូដឹកនាំមួយឱ្យពួកគេនោះទេ ហើយប្រសិនមិនអាច គ្រប់គ្រងប្រទេសទាំងនេះបានផង ថាតើចិនចង់កែប្រែពិភពលោក ឱ្យទៅជាកម្មុយនិស្ដបានយ៉ាងមេចទៅ?

ពេញមួយសម័យសង្រ្គាមត្រជាក់ សូវៀតគឺជាមហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោក ប៉ុន្តែមិនបានស្មើនឹងពាក់កណ្ដាលនៃទំហំសេដ្ឋកិច្ចរបស់អាមេរិកឡើយ។ ចំណែកឯ ផលិតផលនៅក្នុងស្រុក ឬ GDP របស់ចិនបច្ចុប្បន្ន បានវ៉ាដាច់សហរដ្ឋអាមេរិករួចទៅហើយ ក្នុងលក្ខខណ្ឌនៃយុគភាព នៃអំណាចទិញ ឬ Purchasing Power Parity (PPP)។ មិនតែប៉ុណ្ណោះចិនថែមទាំងធ្លាប់ត្រូវបានគេព្យាករផងដែរថា អាចនឹងវ៉ាដាច់អាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខ១ នៅលើពិភពលោកទៀតផងនៅឆ្នាំ២០២៨ ដោយសារតែការឆ្លងរាតត្បាត COVID-19។ នេះទើបជាអ្វីដែលអាមេរិក និងលោកខាងលិចបារម្ភបំផុតនោះគឺពួកគេខ្លាច ចិនដែលជាប្រទេសអាស៊ី ឬពួកស្បែកលឿងដណ្ដើមតំណែងជាមេដឹកនាំពិភពលោក និងជាមហាអំណាចសេដ្ឋកិច្ចពីពួកស្បែកស។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ជាយុទ្ធសាស្ត្ររបស់ចិនក្នុងរយៈពេលមធ្យម ចិនគ្រាន់តែចង់ក្លាយជាមហាអំណាចនៅក្នុងតំបន់អាស៊ីខាងកើត ដើម្បីស្មើមុខស្មើ មាត់នឹងសហរដ្ឋអាមេរិក និងមានតួនាទីក្នុងការចូលរួមចាត់ចែង សណ្ដាប់ធ្នាប់ពិភពលោក។ ប៉ុន្តែ នេះវាមិនមែនមានន័យថាចិនអាច ឬចង់ដាក់សណ្ដាប់ធ្នាប់ ពិភពលោកគ្រប់គ្រងដោយចិននោះទេ តែអ្វីដែលចិនចង់ ប្រហែលជាការបញ្រ្ជាបប្រព័ន្ធនយោបាយ និងគុណតម្លៃរបស់ចិនលើបណ្ដាប្រទេសដទៃ។

អាមេរិក និងបណ្ដាប្រទេសលោកខាងលិច តែងតែចោទប្រកាន់ចិនថា ជាអ្នកបំផ្លាញប្រជាធិបតេយ្យ ប៉ុន្តែធាតុពិតប្រជាជាធិបតេយ្យ មិនមែនរងការគំរាមកំហែងតែពីខាងក្រៅទេ ពោលគឺសូម្បីតែនៅសហរដ្ឋអាមេរិក ប្រជាធិបតេយ្យក៏ធ្លាប់ត្រូវបានគេសម្លាប់ដែរ នៅក្រោយក្រុមអ្នកគាំទ្រអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ចូលអុកឡុកវិមានសភាជាតិ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ជាពេលមួយដែលកាសែតអាមេរិកធំៗ ដាក់ចំណងជើងនៅលើក្របទំព័រមុខរបស់ខ្លួនថា «ថ្ងៃដែលប្រជាធិបតេយ្យស្លាប់»

ប្រភព៖ Lowy Institute (ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១)

ដោយៈ Fresh News

ចែករំលែក

បញ្ចេញយោបល់