ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង និងមន្ត្រីរាជការ ចូលរួមពិធីបុណ្យកាន់បិណ្ឌ វេនទី១ នៅវត្តអារញ្ញិការាម ស្ថិតនៅភូមិស្រែព្រីង

ថ្ងៃព្រហស្បតិ៍ ទី ២៣ កញ្ញា ២០២១​
11

កំពង់ឆ្នាំង៖ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្រ្តីរាជការអង្គភាពជុំវិញខេត្ត បានទៅចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ ជាមួយពុទ្ធបរិស័ទនៅ វត្តអារញ្ញិការាម ស្ថិតនៅភូមិស្រែព្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

នៅក្នុងឱកាសនោះ លោក ឡុង ឈុនឡៃ និង លោក ស៊ុន សុវណ្ណារិទ្ធិ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ពុទ្ធបរិស័ទបានរាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសកុសល ផលបុណ្យ ជូនដល់វិញ្ញាណក្ខ័ន្ធ បុព្វការីជន និង ញាតិការទាំង៧សណ្តានដែលបានចែកឋានទៅ កាន់លោកខាងមុខ ព្រមទាំងឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធ កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ មាតុភូមិ សូមទទួលបានផល្លានិសង្ឃដែល ថ្នាក់ដឹកនាំ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ដោយអំណាចនៃបុញ្ញមហាកុសល សូមទ្រទ្រង់ ឲ្យវិញ្ញាណក្ខ័ន្ធអ្នកទាំងនោះ បានទៅកាន់ទីឋានបរមសុខកុំបីអាក់ខានឡើយ។

លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងពិធីបុណ្យកាន់បិណ្ឌ និងបន្ដបន្ទាប់រហូតដល់បុណ្យភ្ជុំបិណ្ឌ ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តឱ្យបានត្រឹមត្រូវនូវវិធានការរបស់អាជ្ញាធរ, គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល«៣ការពារនិង៣កុំអោ» ដើម្បីកាត់ផ្តាច់ការខ្សែចម្លងជំងឺកូវីដ-១៩ ។ ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត ក៏បានអំពាវនាវបន្ថែម ឱ្យប្រជាពលរដ្ឋដែលមានកូនគ្រប់អាយុ សូមយកទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានគ្រប់ៗគ្នា និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ក្នុងពិធីនោះដែរ លោក ឡុង ឈុនឡៃ និង លោក ស៊ុន សុវណ្ណារិទ្ធិ រួមនិងថ្នាក់ដឹកនាំ មន្រ្តីរាជការបានប្រគេនបច្ច័យសម្រាប់កសាងចំនួន៥០០០ ដូល្លាដល់ព្រះសង្ឃគង់ចាំព្រះវស្សា និង ជូនថវិកាដល់យាយជី តាជី និងប្រជាការពារនិងបានចែកមួកសុវត្ថិភាពនិងអំណោយដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ផងដែរ៕

ចែករំលែក

បញ្ចេញយោបល់