វិភាគអន្តរជាតិ៖ អ្វីទៅជា «សម្ព័ន្ធភាពត្រីភាគី» អាមេរិក-អង់គ្លេស-អូស្ត្រាលី?

ថ្ងៃព្រហស្បតិ៍ ទី ១៦ កញ្ញា ២០២១​
16

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលីបានប្រកាសថានឹងបង្កើត «សម្ព័ន្ធភាពយោធាត្រីភាគីមួយ» ដើម្បីចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ការប្រកាសពីការបង្កើតសម្ព័ន្ធភាពយោធាថ្មីខាងលើ ធ្វើឡើងក្នុងកិច្ចប្រជុំត្រីភាគីតាមប្រព័ន្ធវីដេអូ រវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន, នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) នៅថ្ងៃពុធ ទី១៥ ខែកញ្ញានេះ។ នៅក្នុងកិច្ចប្រជុំនោះដែរ មេដឹកនាំនៃប្រទេសនិយាយភាសាអង់គ្លេសទាំង៣ មិនបានលើកឡើងពីឈ្មោះចិននោះទេ ខណៈមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ក៏បានអះអាងដែរថាសម្ព័ន្ធភាពយោធានេះ មិនមានគោលដៅទៅលើប្រទេសណាមួយឡើយ។

ប៉ុន្តែ ស្ថានទូតចិនប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី បានថ្កោលទោសចំពោះការបង្កើតសម្ព័ន្ធភាពត្រីភាគីនេះ ដោយនិយាយថាបណ្ដាប្រទេសទាំងអស់មិនគួរបង្កើតបក្សសម្ព័ន្ធ ឬសម្ព័ន្ធភាពណាមួយដែលមានគោលដៅ ឬបំផ្លាញផលប្រយោជន៍ប្រទេសដទៃនោះទេ។ ដូច្នេះតើសម្ព័ន្ធភាពយោធាត្រីភាគីនេះពិតជាមិនបានដៅចិន ជាគោលដៅមែនទេ? ដើម្បីដឹងចម្លើយនេះគេត្រូវដឹងជាមុនសិន អ្វីទៅជាសម្ព័ន្ធភាពត្រីអាមេរិក, អង់គ្លេស និងអូស្ត្រាលី?

* បងប្អូនជីដូនមួយរបស់ក្វាដ (Quad)?

នៅក្នុងកិច្ចប្រជុំត្រីភាគីតាមប្រព័ន្ធវីដេអូកាលពីថ្ងៃពុធសប្ដាហ៍នេះ, លោក ចូ បៃដិន, លោក បូរីស ចនសុន និងលោក ស្កុត ម៉ូរីសុន បានប្រកាសពីការបង្កើតសម័្ពន្ធភាព យោធាថ្មីមួយដោយដាក់ឈ្មោះថា AUKUS (A-UK-US) ដែលត្រូវបានគេមើលឃើញថាជាបងប្អូនជីដូនមួយរបស់ Quad ឬសម្ព័ន្ធភាពចតុភាគីដែលមានសហរដ្ឋអាមេរិក, អូស្ត្រាលី, ឥណ្ឌា និងជប៉ុនជាសមាជិក ហើយត្រូវជាសាច់ថ្លៃរបស់សម្ព័ន្ធភាពភ្នែកម្នាស់ ឬក្រុមប្រទេសភ្នែក ៥ Five Eyes ដែលមានអាមេរិក អង់គ្លេស អូស្ត្រាលី នូវែលសេឡង់ និងកាណាដា ជាសមាជិក។

សម្ព័ន្ធភាព AUKUS មានលក្ខណៈស្រដៀងគ្នាទៅនឹង Quad ដែរ នោះគឺផ្ដោតសំខាន់ទៅលើសន្តិសុខ ទាស់នៅត្រង់ថា AUKUS នឹងផ្ដោតសំខាន់បន្ថែមលើបច្ចេកវិទ្យាការពារជាតិ និងសមុទ្រ ផ្ទុយពី Five Eyes ដែលផ្ដោតសំខាន់ទៅលើការចែករំលែកព័ត៌មានសម្ងាត់។ នៅក្រោមសម្ព័ន្ធភាព AUKUS, អាមេរិក និងអង់គ្លេសនឹងចែករំលែក បច្ចេកវិទ្យា ព្រមទាំងជួយអូស្ត្រាលី ក្នុងការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ, ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅខាងវិស័យយោធា ក្នុងនោះ រួមមានទាំងបច្ចេកវិទ្យាសម្បនិម្មិត, ព័ត៌មានវិទ្យា និងបច្ចេកវិទ្យាកុំព្យូទ័រ quantum ជាដើម។

បើតាមក្រុមមន្ត្រីអាមេរិក រដ្ឋបាលលោក ចូ បៃដិន និងអង់គ្លេសមានផែនការបញ្ជូនក្រុមអ្នកបច្ចេកទេស និងអ្នកយុទ្ធសាស្ត្ររបស់ខ្លួនទៅកាន់ប្រទេសអូស្ត្រាលីដើម្បី ជួយផ្ដល់មធ្យោបាយល្អៗក្នុងការផលិត «នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ» នៅក្នុងរយៈពេល ១៨ ខែខាងមុខ។ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរអាច ធ្វើប្រតិបត្តិការនៅក្រោមផ្ទៃទឹកបានយូរជាង នាវាមុជទឹកស៊េរីចាស់ដើរដោយថាមពលឥន្ធនៈដែលកងទ័ពជើងទឹកអូស្ត្រាលីកំពុងប្រើ។ ប៉ុន្តែ ព្រមពេលជាមួយគ្នា មេដឹកនាំ អាមេរិក និងអង់គ្លេសបានបញ្ជាក់ជាមុនថានាវាមុជទឹកដែលស្ថិតនៅក្រោមគម្រោងផលិតនឹងមិនមានបំពាក់អាវុធនុយក្លេអ៊ែរឡើយ ដោយគ្រាន់តែវាដំណើរការដោយ ថាមពលនុយក្លេអ៊ែរតែប៉ុណ្ណោះ។ នៅសប្ដាហ៍ក្រោយនេះ លោក ចូ បៃដិន នឹងត្រូវរៀបចំកិច្ចប្រជុំទល់មុខជាមួយបណ្ដាមេដឹកនាំមកពីប្រទេសជាសមាជិក Quad នៅឯសេតវិមាន។

* មិននិយាយចំឈ្មោះចិន, តែចង្អុលមុខចិន

មេដឹកនាំនៃប្រទេសជាសម្ព័ន្ធមិត្តទាំងបី មិនបានលើកចំឈ្មោះចិន នៅក្នុងកិច្ចប្រជុំរបស់ខ្លួនឡើយ ហើយមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ក៏បានបញ្ជាក់ថាការបង្កើតសម្ព័ន្ធភាព ត្រីភាគី AUKUS (A-UK-US) មិនមានគោលដៅទៅលើប្រទេសចិន ឬក៏ប្រទេសណាមួយទេ។ មន្ត្រីជាន់ខ្ពស់រូបនេះបានលើកឡើងដូច្នេះថា៖ «ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា សម្ព័ន្ធភាពនេះមិនមានគោលដៅប្រឆាំងនឹងប្រទេសណាមួយឡើយ ដោយវាគ្រាន់តែជាការលើកកម្ពស់ផលប្រយោជន៍យុទ្ធសាស្ត្ររបស់យើង និងដើម្បីការពារ
សណ្ដាប់ធ្នាប់អន្តរជាតិ ក៏ដូចជាថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក តែប៉ុណ្ណោះ»។

តែទោះជាបែបនេះក្ដី ក្រុមអ្នកជំនាញយល់ថានៅត្រង់ឃ្លា «រក្សាសណ្ដាប់ធ្នាប់អន្តរជាតិ» ដែលមន្ត្រីជាន់ខ្ពស់អាមេរិកខាងលើបាននិយាយ គឺចង់សំដៅទៅលើចិនតែម្ដង ដែលលោក ចូ បៃដិនផ្ទាល់តែងតែចោទប្រកាន់ជារឿយៗថាកំពុងព្យាយាមបំផ្លាញសណ្ដាប់ធ្នាប់អន្តរជាតិ។ នៅក្រោមរដ្ឋបាលលោក បៃដិន ចិនត្រូវបានចាត់ទុកថាជា គូប្រជែងភូមិសាស្ត្រនយោបាយដ៏ធំបំផុតនៅក្នុងស.វទី២១នេះ ដែលមានសមត្ថភាពប្រមូលធនធានគ្រប់យ៉ាងទាំងខាងយោធា, បច្ចេកវិទ្យា រហូតដល់សេដ្ឋកិច្ចដើម្បី ទប់ទល់ជាមួយសហរដ្ឋអាមេរិក។

មួយវិញទៀត ការបង្កើតសម្ព័ន្ធភាពត្រីភាគីនេះទៀតសោត ក៏ជាផ្នែកមួយនៃការបង្ហាញពីការប្ដេជ្ញាចិត្តរបស់លោក ចូ បៃដិន និងស្ដារទំនុកចិត្តឡើងវិញពីសម្ព័ន្ធមិត្តក្រោយ ការដួលរលំរបស់អាហ្វហ្កានីស្ថាន។ ការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន គឺជាការផ្លាស់ប្ដូរយុទ្ធសាស្ត្រប្រមូលធនធានគ្រប់យ៉ាងងាកមកផ្ដោតលើតំបន់អាស៊ី ជាទីដែលឥទ្ធិពលរបស់ចិនរីកកាន់តែធំឡើង ហើយការបញ្ជូនមន្ត្រីអាមេរិកកំពូលៗ នៅក្រោមរដ្ឋបាលលោក បៃដិន ក្នុងនោះរួមមានអនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin មកកាន់តំបន់អាស៊ីកាលពីពេលថ្មីៗនេះបានបង្ហាញយ៉ាងច្បាស់ថា «យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ខ្ទប់ការកើនឡើងឥទ្ធិពលចិន» របស់លោក ចូ បៃដិនបានលេចចេញជារូបរាងហើយ។

* លួចចាក់បារាំងពីក្រោយខ្នង?

ការប្រកាសរបស់សហរដ្ឋអាមេរិក និងអង់គ្លេស ក្នុងការជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ បានធ្វើឱ្យបារាំងខកចិត្តជាខ្លាំង ដ្បិតវាអាចនឹងជំរុញ ឱ្យអូស្ត្រាលីលុបចោលគម្រោងទិញនាវាមុជទឹក ១២គ្រឿងមានតម្លៃប្រហែល ៤០ពាន់លានដុល្លារពីក្រុមហ៊ុនបារាំង Naval Group ដែលនេះហាក់ដូចជាមានន័យចំពោះ បារាំងថា «ទាស្ងោរឆ្អិនហើយ ហើរទៅបាត់»។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធបារាំង លោកស្រី ហ្ល័ររ៉ង់ ប៉ាលី (Florence Parly), រដ្ឋមន្ត្រីការពារជាតិបារាំង លោក ហ្សង់ អ៉ីវ ឡឺ ទ្រីយ៉ង់ (Jean-Yves Le Drian) បានចោទលោក ចូ បៃដិនថា បានលួចចាក់បារាំងពីក្រោយខ្នង ហើយប្រដូចថាទង្វើរបស់លោក បៃដិនគឺមិនខុសគ្នាពីអ្វីដែល
លោក ដូណាល់ ត្រាំ ធ្លាប់បានធ្វើនោះទេ គឺ «បំផ្លាញទំនុកចិត្តសម្ព័ន្ធមិត្ត»។

«ជម្រើសរបស់សហរដ្ឋអាមេរិក ដោយមិនរាប់បញ្ចូលសម្ព័ន្ធមិត្តអឺរ៉ុប និងប្រទេសជាដៃគូមួយ ដូចជាបារាំងទៅក្នុងសម្ព័ន្ធភាពជាមួយអូស្ត្រាលី នៅខណៈពេលដែលយើង កំពុងប្រឈមមុខនឹងបញ្ហាប្រឈម ដែលមិនធ្លាប់មានពីមុនមកក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មិនថាវាពាក់ព័ន្ធនឹងគុណតម្លៃរបស់យើង ឬពាក់ព័ន្ធនឹងការគោរពប្រព័ន្ធពហុភាគី និយមឈរលើមូលដ្ឋាននីតិរដ្ឋនោះទេ គឺវាបានបង្ហាញពីភាពខ្វះខាតនៃសាមគ្គីភាពដែលធ្វើឱ្យបារាំងត្រូវកត់ចំណាំទុក និងមានការសោកស្ដាយ»។ នេះជាការបន្ថែមរបស់ លោក Le Drian។

គួរបញ្ជាក់ថា បើតាមលោក Le Drian បារាំងយល់ថាសម្ព័ន្ធភាពយោធាត្រីភាគី AUKUS នឹងគំរាមកំហែងដល់ភាពជាដៃគូសន្តិសុខក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយវានឹង កាន់តែបង្ហាញប្រាប់អឺរ៉ុបថាចាំបាច់ត្រូវការយុទ្ធសាស្ត្រផ្ទាល់ខ្លួនដែលមានស្វ័យភាពរឹតតែខ្លាំង ខណៈប្រធានាធិបតីបារាំង លោក ម៉ាក្រុង ត្រូវបានគេរាយការណ៍ថានឹង អញ្ជើញមេដឹកនាំអឺរ៉ុបចូលរួមក្នុងកិច្ចប្រជុំស្ដីពីវិស័យការពារជាតិអឺរ៉ុប និងភាពចាំបាច់ក្នុងការពង្រឹងសមត្ថភាពការពារជាតិដោយខ្លួនឯង។ ក្នុងពេលភ្លាមៗ គេមិនអាចនិយាយបានទេថាតើសម្ព័ន្ធភាពត្រីភាគីអាមេរិក អង់គ្លេស និងអូស្ត្រាលីមានប្រសិទ្ធភាពប្រជែងជាមួយចិនដែរ ឬក៏យ៉ាងណា។ តែអ្វីដែលគេអាចនិយាយបាននោះគឺថា ការផ្ដល់អាទិភាពខ្លាំងពេករបស់អាមេរិកដល់សម្ព័ន្ធមិត្តដែលសំខាន់តែសម្រាប់ «យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក» អាចនឹងធ្វើឱ្យសម្ព័ន្ធមិត្តដទៃយល់ថាអាមេរិកលួចចាក់ពួកគេពីក្រោយខ្នង៕

ប្រភព៖ AFP, Nikkei (ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១)
ដោយ៖ Fresh News

ចែករំលែក

បញ្ចេញយោបល់