The Diplomat: «រឿងរ៉ាវនៅអាហ្វហ្កានីស្ថានពេលនេះ គឺ​សុទ្ធតែជាមេរៀនដែលកម្ពុជាធ្លាប់ឆ្លងកត់»

ថ្ងៃពុធ ទី ១៥ កញ្ញា ២០២១​
5

 

(បរទេស)៖ ការងើបឡើងវិញរបស់តាលីបង់ និងការដួលរលំនៃសាធារណរដ្ឋអ៉ីស្លាមអាហ្វហ្កានីស្ថាន គឺជាសោកនាដកម្មមួយដែលមិនគួរឱ្យជឿដែលបានបង្កឱ្យមានការចងចាំ ផ្លូវចិត្តអំពីសង្គ្រាម និងការពិភាក្សាអំពីគោលនយោបាយកន្លងមក។ មានឯកសារយោងជាច្រើនរួចមកហើយ ទាក់ទងនឹងការដកខ្លួនរបស់សហរដ្ឋអាមេរិក ចេញពីប្រទេសវៀតណាម ដែលជាការប្រៀបធៀបប្រវត្តិសាស្ត្រដ៏សំខាន់ ក្នុងការវាយតម្លៃពីផលប៉ះពាល់ នៃស្ថានការណ៍នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ទោះយ៉ាងណាក៏ដោយ ភាពស្រដៀងគ្នាដែលគួរឲ្យរៀនសូត្រជាងនេះគឺ «ប្រទេសកម្ពុជា»។ ប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា មិនត្រឹមតែផ្តល់នូវការយល់ដឹងដ៏សំខាន់ ចំពោះផលប៉ះពាល់នៃស្ថានភាពបច្ចុប្បន្ន នៅអាហ្វហ្គានីស្ថានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរំលឹកដ៏សំខាន់ផងដែរថា យើងនៅតែមានក្តីសង្ឃឹម ចំពោះគោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិកនាពេលអនាគត និងវិធីសាស្រ្តរបស់សហគមន៍អន្តរជាតិ ដើម្បីជួយដល់ប្រជាជនអាហ្វហ្គានីស្ថាន។ យើងត្រូវគិតឱ្យបានហ្មត់ចត់ និងធ្វើដំណើរឆ្ពោះទៅមុខតាមវិធីសាស្រ្តដែលយើងអាចនោះអនាគតរបស់ អាហ្វហ្កានីស្ថាន នឹងស្ថិតក្នុងតុល្យភាព។

វាមិនពិបាកប្រៀបធៀបចំពោះរូបភាពនានានៃភាពវឹកវរ ក្នុងការជម្លៀសប្រជាជនអាមេរិក និងអាហ្វហ្គានីស្ថានតាមផ្លូវអាកាសជាមួយនឹងរូបភាព នៃការចាកចេញរបស់សហរដ្ឋអាមេរិក ពីប្រទេសតំបន់អាស៊ីអាគ្នេយ៍នោះឡើយ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានល្បីៗជាច្រើនបានធ្វើការប្រៀបធៀប ស្ថានភាពនេះ ជាមួយនឹងរូបភាពនៃការឡើងលើដំបូលអគារ ដើម្បីជម្លៀសបុគ្គលិកតាមរយៈឧទ្ធម្ភាគចក្រ ចេញពីទីក្រុងសៃហ្គន ប្រទេសវៀតណាម។

គ្មាននរណាម្នាក់អាចបដិសេធបានទេថា ការចាកចេញរបស់ជនជាតិអាមេរិកាំងយ៉ាងទាន់ហន់ ពីលើដំបូលសណ្ឋាគារនៅកាប៊ុល មើលទៅស្រដៀងនឹងរូបភាព នៃការជម្លៀសដ៏វឹកវររបស់ស្ថានទូតអាមេរិកនៅវៀតណាម កាលពីជិត៥០ឆ្នាំមុននោះ។ ប៉ុន្តែភាពស្រដៀងគ្នាទាំងនោះ ពិតជាបញ្ចប់នៅទីនោះហើយ ហើយសម្រាប់កម្ពុជាបើយោងលើហេតុផលមួយចំនួន គឺអាចថាមានភាពស្រដៀងគ្នា ខ្លាំងជាងនៅវៀតណាមទៅទៀត។

នៅពេលដែលពួកខ្មែរក្រហមដណ្តើមអំណាចបាន នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងកម្លាំងអាមេរិកបានធ្វើការចាកចេញយ៉ាងលឿនពីប្រទេសកម្ពុជា ដោយមានសកម្មភាពនៃត្រួតពិនិត្យ ការជម្លៀសបុគ្គលិក មន្ត្រីរដ្ឋាភិបាលកម្ពុជា និងមនុស្សម្នាដែលអាចទទួលបានសិទ្ធិជាជនភៀសខ្លួន ឬឋានៈផ្សេងៗទៀត ប្រកបដោយភាពវឹកវរបំផុត។ ការជម្លៀសនេះត្រូវបានគេមើលឃើញថា មិនត្រឹមតែប្រកបដោយភាពច្របូកច្របល់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានទិដ្ឋភាពនៃការបោះបង់ចោល ប្រជាជនកម្ពុជា ជាពិសេសមន្រ្តីរដ្ឋាភិបាល ដែលធ្លាប់បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាមេរិក ប្រកបដោយភាពខ្លោចផ្សាខ្លាំងបំផុត។

អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា (ដែលបន្ទាប់មកគឺសាធារណរដ្ឋខ្មែរ) លោក John Gunther Dean បានចែករំលែកកំណត់ហេតុមួយ ដែលត្រូវបានផ្ញើជូនលោក ពីរបីម៉ោងមុនពេលលោកត្រូវសហរដ្ឋអាមេរិក ជម្លៀសចេញពីទីក្រុងភ្នំពេញ។ កំណត់ហេតុនេះត្រូវបានសរសេរដោយ មេដឹកនាំនយោបាយនៃសាធារណរដ្ឋខ្មែរ និងជាសមាជិកនៃគ្រួសាររាជវង្សកម្ពុជា គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ យ៉ាងថា៖

ជូនចំពោះឯកឧត្តម និងប្រិយមិត្ត៖

«ខ្ញុំសូមអរគុណដោយស្មោះ នូវសារលិខិតរបស់លោក ដែលផ្តល់ដល់ខ្ញុំ កន្លែងសម្រាប់នាំទៅរកសេរីភាព។ ខ្ញុំមិនអាចចាកចេញទៅ ដោយភាពកំសាករបៀបនេះឡើយ។ ចំពោះរូបលោក និងមហាប្រទេសលោក ខ្ញុំមិនដែលជឿសូម្បីបន្តិចណាឡើយថា លោកបោះបង់បោលប្រជាជនមួយ ដែលបានជ្រើសរើសយកសេរីភាព។ លោកមិនព្រមទទួលការពារយើងខ្ញុំ យើងខ្ញុំក៏មិនអាចធ្វើអ្វីទេ។ លោកចាកចេញទៅ ខ្ញុំប្រសិទ្ធិពរជូនលោក និងប្រទេសលោកឲ្យជួបតែសុភមង្គលនៅក្រោមមេឃ។ ប៉ុន្តែសូមលោកចងចាំថា បើសិនជាខ្ញុំស្លាប់នៅទីនេះក្នុងប្រទេសខ្ញុំ ដែលខ្ញុំស្រឡាញ់ ដូចម្តេចក៏ដោយចុះ ព្រោះយើងទាំងអស់គ្នាកើតមក និងស្លាប់ទាំងអស់គ្នា នៅថ្ងៃណាមួយមិនខាន។ ខ្ញុំបានប្រព្រឹត្តកំហុសតែមួយគត់គឺជឿលើលោក និងជឿលើអាមេរិក។ សូមឯកឧត្តម និងប្រិយមិត្តទទួលនូវមនោសញ្ចេតនា ស្មោះត្រង់ និងមិត្តភាពរបស់ខ្ញុំ។ ហត្ថលេខា៖ សិរិមតៈ»។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ត្រូវបានគេធ្វើឃាតនៅរយៈពេលមួយសប្តាហ៍បន្ទាប់។

មិនខុសពីព្រះអង្គម្ចាស់ សិរិមតៈ នោះឡើយ ប្រជាជនខ្មែរជាច្រើនទៀត សុទ្ធតែមានអារម្មណ៍ថា ត្រូវបានសហរដ្ឋអាមេរិកបោះបង់ចោល នៅពេលដែលពួកគេចាកចេញ ហើយទុកប្រទេសនេះឲ្យរបបខ្មែរក្រហមត្រួតត្រា ជាចលនាកុម្មុយនិស្ត ដែលទីបំផុតបានសម្លាប់មនុស្សជាង ២លាននាក់។ គ្មានការសង្ស័យទេថា អារម្មណ៍នៃការត្រូវគេ បោះបង់ចោល, អសន្ដិសុខ និងភេរវកម្មដ៏ឃោរឃៅដែលត្រូវបានផ្តល់ដល់ ប្រជាជនកម្ពុជាជាច្រើន រួចទៅហើយក្នុងឆ្នាំ១៩៧៥ ត្រូវបានចែករំលែកនៅពេលនេះ ទៅកាន់ជនជាតិអាហ្វហ្គានីស្ថានជាច្រើន ជាពិសេសអ្នកដែលបានបូជាជីវិតរបស់ពួកគេ ដើម្បីសេរីភាពអាហ្វហ្គានីស្ថាន។

ទោះយ៉ាងណាក៏ដោយ អារម្មណ៍នៃការត្រូវគេបោះបង់ចោលនេះ មិនមែនត្រូវបានបង្កឡើងដោយសហរដ្ឋអាមេរិកតែឯងនោះទេ។ ទីក្រុងវ៉ាស៊ីនតោន បានដឹកនាំយុទ្ធនាការ ដើម្បីផ្តួលរំលំរបបតាលីបង់ និងប៉ុនប៉ងកសាងសាធារណរដ្ឋអាហ្វហ្គានីស្ថានឡើងវិញ ប៉ុន្តែសម្រាប់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិក៏មានចំណែកស្មើគ្នា នៃការទទួលខុសត្រូវ ចំពោះស្ថានការណ៍នៅអាហ្វហ្គានីស្ថាន ដូចពួកគេមានទំនួលខុសត្រូវខ្លះចំពោះអ្វីដែលបានកើតឡើងនៅ ប្រទេសកម្ពុជានៅចុងសតវត្សរ៍ទី២០ ផងដែរ។

ការយល់ដឹងដ៏ស៊ីជម្រៅមួយ ចេញពីការប្រៀបធៀបស្ថានការណ៍រវាងកម្ពុជា និងអាហ្វហ្គានីស្ថាននោះគឺថា «គ្មានអ្វីអាចមកជំនួសការដឹកនាំ របស់អាមេរិកបានឡើយ។ ភាពជាអ្នកដឹកនាំរបស់អាមេរិក នៅតែជាមន្ទិលដ៏ស្មុគស្មាញ ឬអាចនិយាយបានថា ជាភាពចាំបាច់ក្នុងពេលខ្លះផងក៏ថាបាន នៅក្នុងការការពារ ក៏ដូចជាដោះស្រាយបញ្ហាសន្តិសុខអន្តរជាតិភាគច្រើន»។

ការយល់ដឹងស៊ីជម្រៅមួយទៀត ដើម្បីទទួលបានគំនិតពីការប្រៀបធៀប រវាងអាហ្វហ្គានីស្ថាន និងកម្ពុជា នោះគឺជាការទម្លាយភាពពិត (ឬការបញ្ជាក់ការពិត) ថាការស្វែងរកគោលដៅអភិវឌ្ឍមនុស្ស ដូចជាការការពារសិទ្ធិមនុស្ស, ការប្តេជ្ញាចិត្តការពារប្រជាជនងាយរងគ្រោះ និងការគាំទ្រដល់សង្គមស៊ីវិល គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់, មានលក្ខខណ្ឌ និងអន្តរកាល។

សម្រាប់អ្នកនៅមានមន្ទិលទាំងឡាយ ឬជាពិសេសប្រវត្តិវិទូ ទំនងជានឹងជជែកវែកញែកថាកាលៈទេសៈនេះស្ទើរតែមិនមែនជាការបើកកកាយ ការពិតទេ ប៉ុន្តែគ្មានការសង្ស័យទេថា ការប្តេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិ ចំពោះគោលដៅអភិវឌ្ឍន៍មនុស្ស ពិតជាបានបាត់បង់ភាពជឿជាក់ ដែលប្រការនឹងក្លាយជាបញ្ហា សម្រាប់គោលដៅបែបនេះទៀត នៅក្នុងថ្ងៃអនាគត។ ផលប៉ះពាល់នៃកាលៈទេសៈនេះបន្តវិវឌ្ឍ។ ផលប៉ះពាល់បង្ក ឡើងដោយទិដ្ឋភាពនៅអាហ្វហ្កានីស្ថាន និងកម្ពុជា នឹងបន្តរីកធំទៅមុខទៀត។

ទោះបីជាមានការសន្យាជាសាធារណៈរបស់ថ្នាក់ដឹកនាំក្រុមតាលីបង់ក៏ដោយ, តែមជ្ឈដ្ឋានមួយចំនួននៅតែមានការសង្ស័យដដែលថា ការស្វែងរក
គោលដៅនៃការអភិវឌ្ឍនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ត្រូវបានប្រគល់ទៅឱ្យអង្គការភេរវកម្មមួយ។ របបមួយនេះបានបង្ហាញរួចទៅហើយនៃ ទំនោរទៅរកភាពសាហាវឃោរឃៅ និងអរិភាពប្រឆាំងសង្គមស៊ីវិល ហើយការបង្កើតរដ្ឋាភិបាលរបស់ពួកគេកាលពីពេលថ្មីៗនេះទៀតសោត មិនមានលក្ខណៈចម្រុះ ឬគ្រប់ជ្រុងជ្រោយ ឬក៏ស្របទៅតាមអ្វីដែលពួកគេបានសន្យាថាធ្វើកំណែទម្រង់នោះទេ។

ការសន្មត់កាលពីពេលថ្មីៗនេះថា ក្រុមតាលីបង់អាចនឹងមានខុសប្លែកកាលពីពេលមុន គឺផ្ទុយស្រឡះទៅនឹងធាតុពិតជាក់ស្ដែងដែលកំពុងកើតឡើង។ ការវាយដំលើជនស៊ីវិលស្លូតត្រង់នៅតាមទីសាធារណៈ, ការសងសឹកលើអតីតអ្នកគាំទ្ររដ្ឋាភិបាលមុន ហើយការរឹតត្បិតស្ត្រីមិនឱ្យធ្វើការ និងរស់នៅដោយសេរីភាពពីការគាបសង្កត់ កាន់តែបង្ហាញថារឿងអាក្រក់បំផុត មិនទាន់មកដល់ទេ។

ការសម្លឹងមើលរបស់សហគមន៍អន្តរជាតិពីលទ្ធភាពធ្វើការជាមួយតាលីបង់ បានធ្វើឱ្យខ្ញុំនឹកឃើញដល់ពីស្ថានដូចគ្នាមួយនៅក្នុងប្រទេសកម្ពុជា នោះគឺនៅពេលដែលសហគមន៍អន្តរជាតិ អនុញ្ញាតឱ្យខ្មែរក្រហមចាត់តាំងអ្នកតំណាងបណ្ដោះអាសន្នរបស់ប្រជាជនកម្ពុជា នៅឯមហាសន្និបាត
អង្គការសហប្រជាជាតិ។ ការប៉ុនប៉ងផ្ដល់ហេតុផលសមស្របដើម្បីធ្វើការជាមួយរបបភេវរកម្មមួយ ក្រោមហេតុផលណាមួយគួរតែត្រូវបានឆ្លងកាត់ ការវាយតម្លៃយ៉ាងហ្មត់ចត់ថាតើមានមនុស្សប៉ុន្មាននាក់ ត្រូវបានពលីដើម្បីតែភាពចាំបាច់នៃនយោបាយ ឬសន្តិសុខ។

និយាយមួយបែបទៀត គឺថាតើយើងមានឆន្ទៈទទួលយកអំពើឃោរឃៅប៉ុន្មានទៀត ក្រោមហេតុផលចាំបាច់ខាងនយោបាយ? ហើយថាតើការទទួលស្គាល់របបភេរវកម្មមួយ (ឬរបបដែលបង្កើតឡើងសកម្មភាពភេរវកម្ម) វានឹងបង្កការខូចខាត ឬបំផ្លាញភាពគួរឱ្យជឿជាក់ និងសមាហរណកម្មរបស់យើងដល់កម្រិតណា ខណៈពិភពលោកបានឧទ្ទិសគ្រប់យ៉ាងទៅលើសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ?

ប៉ុន្តែជានិច្ចកាល វានៅតែមានក្ដីសង្ឃឹមមួយដែលតែងតែកើតឡើង នៅក្នុងភាពអន្តរាយដែលគ្របដណ្ដប់លើកម្ពុជា ក្រោមរបបខ្មែរក្រហម ហើយនេះជាក្ដីសង្ឃឹមបែបនេះនៅតែមានដូចគ្នាសម្រាប់អាហ្វហ្កានីស្ថានសព្វថ្ងៃ។ នៅចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩, ខ្មែរក្រហមបានប្រព្រឹត្ត អំពើសាហាវឃោរឃៅ ដែលមិនអាចយកអ្វីមកបរិយាយបាន។ ថ្នាក់ដឹកនាំខ្មែរក្រហមបានគ្រប់គ្រងរបបភេរវកម្មមួយ ដែលក្នុងនោះអំពើប្រល័យពូជសាសន៍, បទឧក្រិដ្ឋសង្រ្គាម និងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិជាច្រើនទៀត ត្រូវបានប្រព្រឹត្តឡើងដើម្បីពង្រឹងមនោគមន៍វិជ្ជាកុម្មុយនិស្ដយ៉ាង ងងឹតងងល់ដែលត្រូវបានបង្កើតឡើងដោយទ្រឹស្ដីហួសវិស័យ។

ទោះបីជាខ្ញុំបានឃើញអំពើឃោរឃៅទាំងនោះ និងធ្លាប់ភ្លក្សរសជាតិបាត់បង់, ខ្ញុំមិនមានអារម្មណ៍ថាចង់បោះបង់ចោលទេ។ កាលខ្ញុំនៅក្មេង, ខ្ញុំគ្រាន់តែដឹងថាសហរដ្ឋអាមេរិក គឺជាទឹកដីដែលផ្ដល់ក្ដីសង្ឃឹម ហើយក្ដីសង្ឃឹមទាំងនេះអាចនឹងសង្រ្គោះជីវិតខ្ញុំ និងមនុស្សដទៃទៀតឱ្យបន្តរស់រានមានជីវិត។

ការឡើងកាន់អំណាចជាថ្មីរបស់តាលីបង់ និងការដួលរលំរបស់អាហ្វហ្កានីស្ថាន គួរណាស់តែបង្ខំឱ្យមានការស៊ើបអង្កេតមួយលើនយោបាយការបរទេសអាមេរិក និងការប្ដេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិចំពោះការអភិវឌ្ឍរបស់មនុស្ស។ ប៉ុន្តែ វាជារឿងខុសឆ្គងក្នុងការសម្លឹងមើលលើ កាលៈទេសៈនេះថាជាឱកាសផ្ដាច់មុខសម្រាប់សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ ដើម្បីមានឥទ្ធិពលលើអាហ្វហ្កានីស្ថានដែលកំពុងគ្រប់គ្រង ដោយតាលីបង់។

រូបភាពឧទ្ធម្ភាគចក្រហោះចេញពីដំបូលស្ថានទូត, ភាពលាចលនៅតាមដងផ្លូវ និងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតដែលបានសម្លាប់ជីវិត ជនស្លូតត្រង់អាហ្វហ្កានីស្ថាន និងអាមេរិក ក៏បានបង្ហាញផងដែរពីរូបភាពវិជ្ជមាននៃវីរភាព, ការតស៊ូ និងក្ដីសង្ឃឹម។ អនាគតរបស់អាហ្វហ្កានីស្ថាន នឹងត្រូវបានកំណត់ដោយសារការបោះបង់ចោល និងការអាក់អន់ចិត្តនោះទេ ប៉ុន្តែវាកំណត់ដោយវីរភាព, ការតស៊ូ និងក្ដីសង្ឃឹម។ ដូចគ្នានៅនឹង កម្ពុជាដែរ, អនាគតរបស់អាហ្វហ្កានីស្ថានគឺឋិតនៅត្រង់ក្ដីសង្ឃឹម និងក្ដីស្រមៃរបស់យុវជន ហើយគោលនយោបាយការបរទេសអាមេរិក ព្រមទាំង យុទ្ធសាស្ត្ររបស់សហគមន៍អន្តរជាតិ ចំពោះអាហ្វហ្កានីស្ថានគួរតែមានបញ្ចូល យុវជនអាហ្វហ្កានីស្ថានទៅក្នុងផែនការរយៈពេលវែងរបស់ខ្លួន។

គួរឱ្យកត់សម្គាល់, យុវជនអាហ្វហ្កានីស្ថានមិនមានភាពលេចធ្លោរនៅលើក្របព័ត៌មានកាលពីពេលថ្មីៗនេះទេ។ សំឡេងរបស់យុវជនអាហ្វហ្កានីស្ថាន បានបាត់បង់នៅក្នុងការវិភាគនានាពីប្រទេសអាហ្វហ្កានីស្ថាន ដែលនេះផ្ទុយពីភាគរយលើសលប់របស់ពួកគេនៃប្រជាជនសរុប។ ពោលគឺគេអាចវាយតម្លៃបានថាស្ទើរតែ ៧០ភាគរយនៃប្រជាជនអាហ្វហ្កានីស្ថានមានអាយុក្រោម២៥ឆ្នាំ តែសំឡេងភាគច្រើនដែលគេលឺ គឺលឺចេញពីអតីតមន្ត្រី ស៊ីវិល និងជនភៀសខ្លួនដែលជាមនុស្សពេញវ័យ។

ប្រជាជនអាហ្វហ្កានីស្ថានពេញវ័យជាក្រុមប្រជាជនដែលចាំបាច់ត្រូវសិក្សា ដើម្បីកំណត់ថាតើអ្វីបានកើតឡើង ហើយកំហុសឆ្គងអ្វីបានកើតឡើង នៅពេលដែលអាមេរិក និងសហមន៍អន្តរជាតិបានចាកចេញពីអាហ្វហ្កានីស្ថាន។ ប៉ុន្តែយុវជនអាហ្វហ្កានីស្ថានខ្លួនឯងដែលត្រូវស្វែងរកចម្លើយ ខ្លួនឯងនៅពេលអនាគត។ វាអាចទៅរួចថាប្រហែលជាគ្មានក្រុមប្រជាជនណាមួយសំខាន់ សម្រាប់អនាគតអាហ្វហ្កានីស្ថានជាងយុវជនឡើយហើយ ក៏គ្មានដែរពេលវេលាណាដែលប្រសើរជាងពេលនេះដែរ ដើម្បីចាប់ផ្ដើមគិតពីវិធីថាតើត្រូវធ្វើយ៉ាងណាដើម្បីអាចចូលរួមជាមួយប្រជាជននេះបាន។

ប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិនៅក្នុងប្រទេសកម្ពុជា មិនមែនជាផែនទី ឬក៏ជាការចង្អុលបង្ហាញផ្លូវសម្រាប់ អាហ្វហ្កានីស្ថានឡើយ ប៉ុន្តែវាជាអំណះអំណាងមួយដែលមានសារៈសំខាន់អាចប្រាប់ពីវិធីសាស្ត្រ និងក្រើនរំលឹកពីគោលនយោបាយ និងយុទ្ធសាស្ត្រ នៅពេលអនាគត។ ទោះបីជាក្នុងសោកនាដកម្មនៅអាហ្វហ្កានីស្ថាន, នៅតែមានសង្ឃឹម ហើយយើងត្រូវតែចាប់ផ្ដើមគិតថា តើត្រូវបង្កើនក្ដីសង្ឃឹមនេះ និងកសាងអនាគតអាហ្វហ្កានីស្ថាន មិនមែនសម្រាប់តែប្រជាជនអាហ្វហ្កានីស្ថានប៉ុណ្ណោះទេ តែវាក៏ជាការគោរពចំពោះការប្ដេជ្ញាចិត្តរបស់យើង ចំពោះមនុស្សជាតិ និងអនាគតសន្តិសុខសកលលោកផងដែរ៕

ដោយ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

ចែករំលែក

បញ្ចេញយោបល់