អភិបាលខេត្តកោះកុង អញ្ជើញទទួលស្វាគមន៍លោកស្រី ឱ វណ្ណឌីន ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ នៅខេត្តកោះកុង

ថ្ងៃពុធ ទី ១៥ កញ្ញា ២០២១​
4

កោះកុង៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងនាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាតំណាងលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុងក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ នៅខេត្តកោះកុង។

លោកស្រី មិថុនា ភូថង អភិបាលខេត្ត បានជម្រាបជូនអង្គពិធីថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមលោកស្រីផ្ទាល់ សូមសំដែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នាពេលនេះ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងម៉ឺងម៉ាត់បំផុតរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ អំពីសុខុមាលភាពប្រជាពលរដ្ឋ បានបង្ហាញនូវសមត្ថភាព និងឆន្ទៈដ៏មុតស្រួចក្នុងការឆ្លើយតបតាមគ្រប់មធ្យោបាយ ដើម្បីបង្ការ និងគ្រប់គ្រងការចម្លងរាតត្បាតក្នុងសហគមន៍ នៃជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវវិធានការសមស្រប និងចាំបាច់នានាបានទាន់ពេលវេលា ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតនូវយន្តការ និងបទដ្ឋានគតិយុត្តនានាជាច្រើន ដើម្បីបម្រើដល់ការងារប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងនោះក៏មាន គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលដឹកនាំដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលជាតួអង្គសំខាន់មួយ ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងជនបរទេសដែលកំពុងរស់នៅ និងបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជា ទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា។

ឆ្លៀតឱកាសនេះ លោកស្រី ក៏សូមគោរពថ្លែងអំណរគុណ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ដែលតែងតែចង្អុលបង្ហាញ ផ្តល់អនុសាសន៍ដឹកនាំ និងការគាំទ្រដល់រដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្ត ។ ការចាក់វ៉ាក់សាំង ជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រសំខាន់ៗ ដែលរដ្ឋបាលខេត្ត បានអនុវត្តយ៉ាងសកម្ម តាមគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវ «ផែនការយុទ្ធសាស្រ្តជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គមនៅកម្ពុជាក្នុងឆ្នាំ២០២១» ដោយអនុវត្តតាមអភិក្រម «ផ្ការីក»។

រដ្ឋបាលខេត្តកោះកុង បានអនុវត្តផែនការជាជំហានៗ ក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយចាប់ពីថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងមកដល់ត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ ការចាក់វ៉ាក់សាំងសម្រេចបានលទ្ធផលជាសង្ខេបដូចខាងក្រោម ៖
-ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង បានចាក់វ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ចំនួន ៨៧,៥៣៦ នាក់ (ប្រាំបីម៉ឺនប្រាំពីរពាន់ប្រាំរយសាមសិបប្រាំមួយនាក់) ស្រី ៤០,៩២០ នាក់ (បួនម៉ឺនប្រាំបួនរយម្ភៃនាក់) ស្មើនឹង ៩៦,១៧% ធៀបនឹងផែនការគោលដៅ ។
-កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ បានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ១៣,៥៧៣ នាក់ (មួយម៉ឺនបីពាន់ប្រាំរយចិតសិបបីនាក់) ស្រី ៦,៥៩៩ នាក់ (ប្រាំមួយពាន់ប្រាំរយកៅសិបប្រាំបួននាក់) ស្មើនឹង ៩២,០៥% ធៀបនឹងផែនការគោលដៅ ។

ទន្ទឹមនេះ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៅខេត្តកោះកុងក៏បានទទួលការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) អាស្ត្រាហ្សេនេកា ចំនួន ៩,២២៦ នាក់ (ប្រាំបួនពាន់ពីររយម្ភៃប្រាំមួយនាក់) ស្រី ៣,៣៦៦ នាក់ (បីពាន់បីរយហុកសិបប្រាំមួយនាក់)៕

ចែករំលែក

បញ្ចេញយោបល់