វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងបើកដៃឱ្យតៃវ៉ាន់ ប្ដូរឈ្មោះការិយាល័យតំណាងឬ ខណៈចិនព្រមានប្រើកម្លាំងយោធា?

ថ្ងៃចន្ទ ទី ១៣ កញ្ញា ២០២១​
18

 

(វ៉ាស៊ីនតោន)៖ សារព័ត៌មានរដ្ឋចិន Global Times កាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅនេះបានព្រមានថា ចិននឹងចាត់វិធានការយោធា និងទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងកោះតៃវ៉ាន់ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនហ៊ានអនុញ្ញាតឱ្យកោះតៃវ៉ាន់ ប្ដូរឈ្មោះការិយាល័យតំណាងរបស់ខ្លួន ប្រចាំសហរដ្ឋអាមេរិកមែននោះ។

ការព្រមានរបស់ Global Times កើតមានឡើងបន្ទាប់ពីសារព័ត៌មាន Financial Times កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានរាយការណ៍ថា រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន កំពុងពិចារណាយ៉ាងល្អិតល្អន់លើការអនុញ្ញាតឱ្យកោះតៃវ៉ាន់ ប្ដូរឈ្មោះការិយាល័យតំណាងរបស់ខ្លួនប្រចាំសហរដ្ឋអាមេរិកពី «ការិយាល័យតំណាងវប្បធម៌ និងសេដ្ឋកិច្ចតៃប៉ិ» ទៅជា «ការិយាល័យតំណាងតៃវ៉ាន់»។ ទាំងខាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់មិនទាន់ធ្វើអត្ថាធិប្បាយអ្វី ទៅនឹងការចុះផ្សាយរបស់ Financial Times ពីលទ្ធភាពនៃការ ប្ដូរឈ្មោះនេះនៅឡើយទេ។

បើតាម Global Times ការផ្លាស់ប្ដូរឈ្មោះនេះនឹងបង្ខំឱ្យចិនចាត់វិធានការឆ្លើយតបទាំងយោធា និងសេដ្ឋកិច្ចយ៉ាងម៉ឺងម៉ាត់។ សារព័ត៌មានរដ្ឋចិនបានព្រមានៅក្នុងបទវិចារណកថា មួយរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ទី១២ ខែកញ្ញានេះ ដូច្នេះ «ប្រសិនបើសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ផ្លាស់ប្ដូរឈ្មោះការិយាល័យតំណាងពិតមែន នោះវាអាចនឹងក្លាយជាការបំពានលើបន្ទាត់ក្រហម នៃច្បាប់ប្រឆាំងការធ្វើអបគមន៍របស់ចិន ហើយចិនដីគោកនឹងចាត់វិធានការឆ្លើយតបទាំងយោធា និងទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងម៉ឺងម៉ាត់ទៅនឹង សហរដ្ឋអាមេរិក រួមទាំងកោះតៃវ៉ាន់…»។

សារព័ត៌មាន Financial Times ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិកជាន់ខ្ពស់ម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ក៏បានឱ្យដឹងទៀតថាទីប្រឹក្សាសេតវិមាន ទទួលបន្ទុកកិច្ចការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក លោក Kurt Campbell ព្រមទាំងមន្ត្រីអាមេរិកជាន់ខ្ពស់ជាច្រើននាក់ មកពីក្រុមប្រឹក្សាសន្តិសុខជាតិ និងមន្ត្រីទទួលបន្ទុកកិច្ចតំបន់អាស៊ី នៃក្រសួងការបរទេសអាមេរិក ក៏បានបង្ហាញជំហរគាំទ្រឱ្យតៃវ៉ាន់ប្ដូរឈ្មោះការិយាល័យប្រចាំអាមេរិកផងដែរ។ តែការសម្រេចចិត្តចុងក្រោយណាមួយនៅមិនទាន់ត្រូវបានធ្វើ ឡើងនៅឡើយទេ ហើយនៅត្រូវតម្រូវឱ្យលោក បៃដិន ចុះហត្ថលេខាលើបទបញ្ជាប្រធានាធិបតីមួយជាមុនសិន។

ចិនដែលតែងតែចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បានព្រមានជាច្រើនលើកច្រើនសាររួចហើយថានឹងមិនស្ទាក់ស្ទើរឡើយក្នុងការប្រើប្រាស់កម្លាំងយោធាបង្រួបបង្រួម កោះតៃវ៉ាន់ ក្នុងករណីចំាបាច់។ ក្រុមអ្នកជំនាញភាគច្រើនយល់ថា កោះតៃវ៉ាន់គឺជាបញ្ហាដ៏រសើបបំផុតមួយដែលអាចធ្វើឱ្យសង្រ្គាមរវាងចិន និងអាមេរិកផ្ទុះឡើងនៅពេលអនាគត ដោយគ្រាន់តែគ្មាននរណាម្នាក់ដឹងមុនថាវានឹងផ្ទុះឡើងនៅពេលណាឱ្យប្រាកដតែប៉ុណ្ណោះ។ ក៏ប៉ុន្តែថាតើការព្រមានលើកនេះរបស់ Global Times អាចនឹងក្លាយជាការពិត ឬខុស ប្លែកពីសព្វមួយដងដែរ ឬក៏យ៉ាងណា? មុននឹងឆ្លើយនឹងសំណួរនេះ គេគួរតែស្វែងយល់ជាមុនសិនថាតើអ្វីទៅជា «គោលនយោបាយចិនតែមួយ»? ហើយថាតើរដ្ឋបាលលោក បៃដិន ពិតជាមានចេតនាអនុញ្ញាតឱ្យតៃវ៉ាន់ប្ដូរឈ្មោះការិយាល័យតំណាងប្រចាំអាមេរិក មែនដែរឬទេ?

* អ្វីទៅជាគោលនយោបាយចិនតែមួយ?

នៅពេលទទួលស្គាល់ចិនដីគោក (សាធារណរដ្ឋប្រជាមានិតចិន) ហើយផ្ដាច់ទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន (សាធារណរដ្ឋចិន) កាលពីឆ្នាំ១៩៧៩, សហរដ្ឋអាមេរិក បានប្រកាសថារដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ចិន។ ពាក្យ «តែមួយគត់» នេះមានន័យថាសាធារណរដ្ឋប្រជាមានិតចិន (PRC) គឺជាចិនតែមួយគត់ ហើយមិនបានចាត់ទុកកោះតៃវ៉ាន់ជាដែនដីមួយដែលផ្ដាច់ខ្លួនចេញពីចិនទេ។

តែទោះជាបែបនេះក្ដី សហរដ្ឋអាមេរិកមិនបានទទួលស្គាល់ «ការអះអាងពីអធិបតេយ្យភាពរបស់ចិន» លើកោះតៃវ៉ាន់នោះទេ ដោយគ្រាន់តែទទួលស្គាល់ជំហររបស់ចិនដែលថាតៃវ៉ាន់ជាផ្នែកមួយរបស់ចិនតែប៉ុណ្ណោះ ហើយនៅតែរក្សាទំនាក់ទំនងក្រៅផ្លូវការយ៉ាងជិតស្និទជាមួយកោះតៃវ៉ាន់មកទល់បច្ចុប្បន្ន។ គោលនយោបាយចិនតែមួយនេះតែងតែ ត្រូវបានធានាដោយរដ្ឋបាលអាមេរិកស្ទើរគ្រប់ជំនាន់ រួមទាំងរដ្ឋបាលរបស់លោក ចូ បៃដិនសព្វថ្ងៃផងដែរ ខណៈនយោបាយនេះត្រូវបានគេមើលឃើញថាអាចជួយរក្សាស្ថិរភាព និងសន្តិភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។

* អាមេរិកចង់ប្រើតៃវ៉ាន់ ដើម្បីស្ដារទំនុកចិត្តពីសម្ព័ន្ធមិត្តឡើងវិញ?

កោះតៃវ៉ាន់ត្រូវបានគេរាយការណ៍ថាបានពិភាក្សាពីសំណើរសុំប្ដូរឈ្មោះការិយាល័យតំណាងរបស់ខ្លួនប្រចាំទីក្រុងវ៉ាស៊ីនតោន តាំងតែពីចុងអាណត្តិរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ មកម្ល៉េះ ប៉ុន្តែសំណើរនេះ ទើបតែត្រូវបានដាក់ជាផ្លូវការជូនរដ្ឋបាលលោក បៃដិន កាលពីខែមីនា ឆ្នាំ២០២១នេះ។ លោក Randy Schriver ជាអតីតមន្ត្រី អាមេរិកម្នាក់ទទួលកិច្ចការតំបន់អាស៊ីនៅក្រោមរដ្ឋបាលអតីតប្រធានាធិបតី ចច ដាប់ប៊ែល យូប៊ូស និងរដ្ឋបាលលោក ត្រាំ យល់ថាសហរដ្ឋអាមេរិកគួរតែពិចារណាទទួលយក សំណើររបស់កោះតៃវ៉ាន់ ដើម្បីជាការបង្ហាញការគោរពមួយដល់សម្ព័ន្ធមិត្តខ្លួនឯង។

ក្រោយការដួលរលំរបស់អាហ្វហ្កានីស្ថាន មានសំណួរជាច្រើនត្រូវបានចោទសួរឡើងពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសម្ព័ន្ធមិត្តរបស់ខ្លួនឯង ជាពិសេសគឺកោះតៃវ៉ាន់ តែម្ដងដែលកំពុងប្រឈមមុខជាមួយចិន។ លោក ចូ បៃដិន រួមទាំងក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកបានអះអាងប្រាប់តៃវ៉ាន់ កូរ៉េខាងត្បូង និងជប៉ុនរួមទាំងសម្ព័ន្ធមិត្តអាមេរិកដទៃដែល មានសារៈសំខាន់ក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកថាពួកគេមានសារៈសំខាន់បំផុតចំពោះសហរដ្ឋអាមេរិក ដោយមិនអាចយកទៅប្រដូចនឹងអាហ្វហ្កានីស្ថានបានទេ។

ប៉ុន្តែនេះគ្រាន់តែជាពាក្យសន្យា ហើយក៏មិនទាន់អាចធ្វើឱ្យបណ្ដាប្រទេសទាំងនេះស្ងប់ចិត្ត ឬឈប់គិតពីអ្វីដែលបានកើតឡើងនៅអាហ្វហ្កានីស្ថាននោះដែរ ដោយពួកគេសុទ្ធតែ កំពុងរង់ចាំមើលការបញ្ជាក់របស់អាមេរិកតាមរយៈសកម្មភាព។ ដូច្នេះហើយ ការអនុញ្ញាតឱ្យកោះតៃវ៉ាន់ប្ដូរឈ្មោះការិយាល័យតំណាងរបស់ខ្លួន វាគឺជាឱកាសមួយដែលអាចឱ្យ សហរដ្ឋអាមេរិកបញ្ជាក់ពីការប្ដេជា្ញចិត្ត ហើយក៏អាចឱ្យលោក បៃដិនធ្វើតេស្ដប្រតិកម្មឆ្លើយតបរបស់លោក ស៊ី ជិនពីងផងដែរ។

ទោះជាអាមេរិក អនុញ្ញាត ឬមិនអនុញ្ញាតឱ្យកោះតៃវ៉ាន់ប្ដូរឈ្មោះការិយាល័យតំណាងរបស់ខ្លួន ក៏ទំនាក់ទំនងរវាងចិន និងអាមេរិកនៅក្រោមសម័យកាលលោក បៃដិន នឹងមិន មានភាពល្អប្រសើរនឹងគ្នាខ្លាំងណាស់ណានោះដែរ។ ដ្បិតលោក បៃដិនបានកំណត់នៅក្នុងចិត្តរួចទៅហើយថាទៅថ្ងៃមុខការប្រជែង និងភាពតានតឹងជាមួយចិនគឺជារឿងចៀស មិនរួច ហើយម្យ៉ាងវិញទៀត វាគ្រាន់តែជាប្ដូរឈ្មោះប៉ុណ្ណោះមិនមែនមានន័យថាអាមេរិកប្រកាសទទួលស្គាល់តៃវ៉ាន់នោះទេ ហើយចិនក៏មិនមានហេតុផលធំដុំអ្វីមកជំទាស់ ឬក៏ ចោទអាមេរិកថាបំពានគោលនយោបាយចិនតែមួយនោះដែរ។ ផ្ទុយទៅវិញអ្វីដែលអាមេរិកត្រូវការនៅពេលនេះ នោះគឺការប្រមូលកម្លាំងសម្ព័ន្ធមិត្តឱ្យចូលរួមក្នុងយុទ្ធសាស្ត្រ ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយដើម្បីអាចធ្វើបែបនេះបានទាល់តែអាមេរិកផ្ដល់ទំនុកចិត្តគួរឱ្យជឿជាក់បានដល់សម្ព័ន្ធមិត្តជាមុនសិន។

គួរបញ្ជាក់ថា កាលពីខែកក្កដា ឆ្នាំ២០២១នេះ តៃវ៉ាន់បានបើកការិយាល័យមួយប្រចាំប្រទេសលីតទុយអានី ដោយដាក់ឈ្មោះថាការិយាល័យតំណាងតៃវ៉ាន់ ដែលនេះបង្កឱ្យចិន ផ្ទុះកំហឹងជាខ្លាំង រហូតដល់ថ្នាក់កោះហោះអគ្គរដ្ឋទូតរបស់ខ្លួនត្រឡប់មកស្រុកវិញ ហើយប្រាប់ឱ្យរដ្ឋាភិបាលលីតទុយអានីកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំទីក្រុងប៉េកាំង ត្រូឡប់ទៅប្រទេសកំណើតវិញដូចគ្នាដែរ។

លោក វ៉ាង គុន យី (Wang Kun-yi) ជាអគ្គនាយកវិទ្យាស្ថានអន្តរជាតិសិក្សាសង្គមតៃវ៉ាន់បាននិយាយថា សង្រ្គាមរវាងចិន និងអាមេរិកប្រហែលជានឹងមិនផ្ទុះឡើងដោយសារ គ្រាន់តែតៃវ៉ាន់ប្ដូរឈ្មោះការិយាល័យតំណាងរបស់ខ្លួនប្រចាំសហរដ្ឋអាមេរិកឡើយ។ ប៉ុន្តែ ទីក្រុងប៉េកាំងនឹងមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិកធ្វើបែបនេះទៅកើតដោយទទេ នោះទេ ដោយចិនអាចនឹងផ្អាកកិច្ចសហប្រតិបត្តិការមួយចំនួនជាមួយអាមេរិក ហើយអាចនឹងកាន់តែធ្វើសកម្មភាពកំញើញសាច់ដុំកាន់តែខ្លាំងនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់, សមុទ្រចិនខាងត្បូង ឬសមុទ្រចិនខាងកើតជាដើម នៅក្នុងករណីដែលអាមេរិកអនុញាតឱ្យតៃវ៉ាន់ប្ដូរឈ្មោះការិយាល័យតំណាងប្រចាំទីក្រុងវ៉ាស៊ីនតោន មែននោះ៕

ប្រភព៖ Newsweek, Financial Times (ថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១)

ដោយៈ Fresh News

ចែករំលែក

បញ្ចេញយោបល់