វិភាគអន្តរជាតិ៖ ២០ឆ្នាំ ក្រោយថ្ងៃទី១១ ខែកញ្ញា, តើសហរដ្ឋអាមេរិកឈ្នះក្នុងសង្រ្គាមប្រឆាំងភេរវកម្ម ឬ?

ថ្ងៃសុក្រ ទី ១០ កញ្ញា ២០២១​
11

(វ៉ាស៊ីនតោន)៖ ចាប់តាំងពីសហរដ្ឋអាមេរិកបានប្រកាស «ធ្វើសង្រ្គាមប្រឆាំងភេរវកម្មនៅជុំវិញពិភពលោក» ជាការឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មលើ ទីក្រុងញូយ៉ក និងវ៉ាស៊ីនតោន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១មក បេសកកម្ម និងវត្ថុបំណងនៃកិច្ចខិតប្រឹងប្រែងមួយនេះបានឆ្លងកាត់ការធ្វើម្ដងហើយម្ដងទៀត ខណៈកម្រិត និងវិសាលភាពនៃការគំរាមកំហែងបានផ្លាស់ប្ដូរក្នុងរយៈពេលរាប់ទសវត្សរមកនេះ។

នៅក្នុងសុរន្ទកថាទៅកាន់សភាជាតិ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០០១ អតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែល យូប៊ូស (George W Bush) បានបញ្ជាក់ ដូច្នេះថា «សង្រ្គាមរបស់យើងជាមួយពួកអាល់កៃដា (al-Qaeda) បានចាប់ផ្ដើមហើយ ប៉ុន្តែវានឹងមិនបញ្ចប់ត្រឹមហ្នឹងទេ។ វានឹងមិនបញ្ចប់រហូតទាល់តែគ្រប់
ក្រុមភេរវករទាំងអស់នៅជុំវិញពិភពលោកត្រូវបានរកឃើញ, ត្រូវបានបញ្ឈប់ និងត្រូវបានកម្ចាត់ចោល»។

២០ឆ្នាំក្រោយមក ពោលគឺបន្ទាប់ពីសង្រ្គាមរបស់សហរដ្ឋអាមេរិកនៅអ៉ីរ៉ាក់ និងអាហ្វហ្កានីស្ថានដែលបានផ្ដាច់ជីវិតជនស៊ីវិលរាប់សែននាក់ ហើយចំណាយប្រាក់អស់ រាប់ទ្រីលានដុល្លារ ការគំរាមកំហែងនៃការវាយប្រហារលើសហរដ្ឋអាមេរិកនៅតែមាន បើទោះជាវាមើលទៅមានភាពខុសគ្នាខ្លាំងធៀបទៅនឹងឆ្នាំ២០០១ ក៏ដោយ។ ក្រុមភេរវករដែលប្រើប្រាស់ការសម្លាប់រង្គាលមនុស្សជា «យុទ្ធសាស្រ្តមួយ» នៅជុំវិញពិភពលោកធ្លាប់បានរីកដុះដាល ហើយក៏បានរួមតូចទៅវិញដែរ តែមិនទាន់ ត្រូវបានកម្ចាត់ទាំងស្រុងនោះទេ ដែលនេះមានន័យថាវត្ថុបំណងរបស់សហរដ្ឋអាមេរិក ដើម្បីកម្ចាត់ភេវរកម្មមិនទាន់អាចសម្រេចបានឡើយ។

ក្រុមសកម្មប្រយុទ្ធដែលមានឥទ្ធិពលរហូតដល់វាយប្រហារដោយជោគជ័យលើទឹកដីអាមេរិក ដូចជាអាល់កៃដា ប្រហែលជាត្រូវបានបន្សាប, បំបែកជាចំណែកតូចៗ ឬត្រូវបានធ្វើឱ្យទន់ខ្សោយពិតមែន។ ប៉ុន្តែ ក្រុមភេរវករជាច្រើនដែលគាំទ្រមនោគមន៍វិជ្ជារបស់អាល់កៃដា បានរីកសាយភាយទៅកាន់តំបន់ជាច្រើននៅជុំវិញ ពិភពលោក ដូចជាក្នុងតំបន់អាហ្រ្វិក, មជ្ឈិមបូព៌ា និងអាស៊ី។

ជាការពិតណាស់ មេដឹកនាំអាល់កៃដាជាច្រើនត្រូវបានកងទ័ពអាមេរិកសម្លាប់ ឬចាប់ខ្លួនទាំងរស់ ក្រោយព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញា ក្នុងនោះរួមមានទាំងមេធំ អាល់កៃដា អូសាម៉ា ប៊ិន ឡាដិន (Osama bin Laden) ដែលត្រូវបានកងកុម្ម៉ង់ដូរពិសេសអាមេរិកបាញ់សម្លាប់នៅក្នុងប្រតិបត្តិការវាយឆ្មក់មួយនៅលើទឹកដីប៉ាគីស្ថាន កាលពីឆ្នាំ២០១១។ តែក្រុមអាល់កៃដានៅតែបន្តធ្វើសកម្មភាពនៅឡើយ ដោយពួកគេថែមទាំងបានបង្កើតបណ្ដាញ ឬសាខាក្នុងប្រទេសយ៉ាងហោចចំនួន១៧ ដូចជា អាហ្វ្រិកមានក្រុមអាល់សាបាប់ នៅសូមាលី, សាខាអាល់កៃដានៅលីប៊ី, អាល់ហ្សេរី, ទុយនីស៊ី និងម៉ាលី ហើយនៅអាស៊ីខាងត្បូង ដូចជាប្រទេសឥណ្ឌា, បង់ក្លាដែស ប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន រួមទាំងនៅមជ្ឈិមបូព៌ាដូចជា ស៊ីរី, យេមែន និងអ៉ីរ៉ាក់ ហើយនេះមិនទាន់រាប់បញ្ចូលក្រុម ISIS ផង។

លោក ព្រុស ហូហ្វម៉ាន (Bruce Hoffman) ជាមន្ត្រីជាន់ខ្ពស់ម្នាក់ផ្នែកកិច្ចប្រឆាំងភេរវកម្ម និងសន្តិសុខមកពីវិទ្យាស្ថានក្រុមប្រឹក្សាសម្រាប់ទំនាក់ទំនងអន្តរជាតិ
(Council for Foreign Relations) បានលើកឡើងថាក្នុងរយៈពេល ២០ឆ្នាំមកនេះ វាបង្ហាញរួចទៅហើយពីរបៀបដែលសហរដ្ឋអាមេរិកប្រយុទ្ធប្រឆាំងក្រុមភេរវករ នៅក្នុងតំបន់មួយ ហើយក្រោយមក ភេរវករនៅតែអាចឆ្លៀតឱកាសពង្រីកឥទ្ធិពលទៅកាន់តំបន់ផ្សេងទៀត ជាពិសេសគឺនៅតាមបណ្ដាប្រទេសដែលកំពុងមានជម្លោះ ឬសង្រ្គាមតែម្ដង។

ភេរវករទាំងនេះមិនមានសមត្ថភាពបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងសហរដ្ឋអាមេរិក ដូចកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ក៏ពិតមែន ប៉ុន្តែពួកគេនៅតែ បន្តសាបព្រោះមនោគមន៍វិជ្ជារបស់ពួកគេ ដែលនេះផ្ទុយទាំងស្រុងទៅនឹងអ្វីដែលលោក ចច ដាប់ប៊ែល យូប៊ូស អះអាងពីវត្ថុបំណងកម្ចាត់ភេរវករឱ្យអស់។ លើសនេះទៅទៀត ព្រឹត្តិការណ៍ដែលកើតឡើងថ្មីៗនេះ ក្នុងនោះរួមមានទាំងការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន រួមទាំងការឡើងកាន់អំណាចជាថ្មីរបស់ តាលីបង់ត្រូវបានក្រុមអ្នកជំនាញជាច្រើនព្រមានថាអាចនឹងកាន់តែធ្វើឱ្យបណ្ដាញ ឬសមត្ថភាពរបស់ពួកភេរវករកាន់រីកធំឡើង។

ការព្រមានបែបនេះមិនទាន់មានសញ្ញាណាមួយបង្ហាញថាវាអាចនឹងកើតឡើងនោះទេ ហើយអ្នកនាំពាក្យក្រុមរដ្ឋាភិបាលតាលីបង់ លោក ហ្សាប៊ីហ៊ុលឡោះ មូចាហ៊ីដ ក៏ធ្លាប់បានសន្យាដែរថារដ្ឋាភិបាលរបស់លោកនឹងមិនអនុញ្ញាតឱ្យក្រុមណាមួយប្រើប្រាស់ទឹកដីអាហ្វហ្កានីស្ថានជាមូលដ្ឋាន ដើម្បីវាយប្រហារលើប្រទេសដទៃ ឬក៏ ប្រទេសជិតខាងរបស់អាហ្វហ្កានីស្ថានជាដាច់ខាត។ ប៉ុន្តែនេះជាពាក្យសន្យា ដោយគេនៅតែត្រូវរង់ចាំមើលការធ្វើសកម្មភាពជាក់ស្ដែងសិន។

បច្ចុប្បន្ន យុទ្ធសាស្ត្រទប់ទល់នឹងការវាយប្រហារភេរវកម្មត្រូវបានផ្លាស់ប្ដូរ ខណៈបណ្ដាប្រទេសដូចជាសហរដ្ឋអាមេរិកប្រហែលជាបានរៀនសូត្រមិនតិចនោះទេ ថាតើ យុទ្ធសាស្ត្របែបណា មាន ឬគ្មានប្រសិទ្ធភាព។ កាលពីឆ្នាំ២០០១ និងឆ្នាំបន្ទាប់ៗមក ការឆ្លើយតបរបស់សហរដ្ឋអាមេរិកទៅនឹងការវាយប្រហារភេរវកម្ម គឺធ្វើឡើង
ក្រោមក្របខណ្ឌនៃការធ្វើសង្រ្គាមទ្រង់ទ្រាយធំចូលឈ្លានពានអាហ្កានីស្ថានដែលវ៉ាស៊ីនតោនចោទថាជាទីជម្រករបស់អាល់កៃដា ហើយ «សង្រ្គាមប្រឆាំងភេរវកម្មនេះ» ត្រូវបានអាមេរិកប្រើប្រាស់ជា «វិធីបិទបាំងចេតនាពិតប្រាកដរបស់ខ្លួន» ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវស្របច្បាប់នៃវត្តមានយោធា និងសង្រ្គាមឈ្លានពានអ៉ីរ៉ាក់ ទោះជា អ៉ីរ៉ាក់មិនមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញា ក៏ដោយ។

តែទោះជាយ៉ាងក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនអាមេរិកខ្លួនឯងបានចាប់ផ្ដើមធុនទ្រាន់នឹងសង្រ្គាមនៅក្រៅប្រទេស ហើយសូម្បីតែ ប្រធានាធិបតីអាមេរិកសព្វថ្ងៃលោក ចូ បៃដិន ក៏បានបញ្ជាក់ដែរថាយុគសម័យអាមេរិកធ្វើសង្រ្គាម ដើម្បីជួយបង្កើតប្រទេសដទៃបានដល់ទីបញ្ចប់ហើយ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២១នេះ នៅសហរដ្ឋអាមេរិក ការព្រួយបារម្ភពីការគំរាមកំហែងនៃការវាយប្រហារពីខាងក្រៅមិនសូវធ្ងន់ធ្ងរ ដូចជាការព្រួយបារម្ភ ពីការវាយប្រហារនៅក្នុងស្រុកនោះទេ។ ការគំរាមកំហែងនៅក្នុងស្រុកបានរីកធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងសហរដ្ឋអាមេរិកនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការព្រួយបារម្ភពីការកើនឡើងនៃមនោគមន៍វិជ្ជារបស់ក្រុមអ្នកស្ដាំនិយមជ្រុល កំឡុងការកាន់អំណាចរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយបច្ចុប្បន្នការគំរាមកំហែងបែបនេះនៅតែបន្តកើនឡើង។

របាយការណ៍មួយនៃការិយាល័យនាយកស៊ើបការណ៍សម្ងាត់អាមេរិក ចេញផ្សាយកាលពីខែមីនា ឆ្នាំ២០២១នេះ បានព្រមានថាអំពើហិង្សាជ្រុលនិយមនៅក្នុងស្រុក នៅសហរដ្ឋអាមេរិកកំពុងបង្កការគំរាមកំហែងយ៉ាងធំ។ ដូច្នេះការកើនឡើងការគំរាមកំហែងនៅក្នុងស្រុក គួបផ្សំជាមួយការរីកដុះដាលនៃក្រុមដែលមានសម្ព័ន្ធភាព ឬជា សាខារបស់អាល់កៃដា និង ISIS ហើយក្នុងករណីដែលអាហ្វហ្កានីស្ថាននៅតែមានអស្ថិរភាព វាបានបង្ហាញថាទោះជាមានកិច្ចខិតខំប្រឹងប្រែងយ៉ាងមុតមាំក្នុងការប្រយុទ្ធ ប្រឆាំងនឹងភេរវកម្មចាប់តាំងពីព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញាក៏ដោយ ក៏លទ្ធភាពនៃការវាយប្រហារលើ ឬនៅក្នុងសហរដ្ឋអាមេរិកគ្រប់រូបភាព, គ្រប់ទម្រង់នៅតែបន្តជា ក្ដីកង្វល់ដដែល។

«វាពិតជាពិបាកស្រមៃណាស់ថាពិភពលោកសព្វថៃ្ង មើលចេញពីសហរដ្ឋអាមេរិក ហើយធ្វើឱ្យយើងមានអារម្មណ៍ថាមានសុវត្ថិភាព សន្តិសុខ ឬដោយការពេញចិត្ត»។ នេះជាការកត់សម្គាល់របស់លោក Bruce Hoffman។ លោក Hoffman បន្ថែមទៀតថា «ជាអកុសល, ខ្ញុំគិតថាវាជាការពិតមួយដ៏សោកសៅ នោះគឺយើងមិនសូវមាន សុវត្ថិភាពទេ ដោយសារតែមានការគំរាមកំហែងជាច្រើនមកលើសហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន»៕

ប្រភព៖ Al Jazeera (ថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១)

ដោយៈ Fresh News

ចែករំលែក

បញ្ចេញយោបល់