វិភាគអន្តរជាតិ៖ តើយុគសម័យអាមេរិកដឹកនាំពិភពលោក ត្រូវបញ្ចប់ដោយសារអាហ្វហ្កានីស្ថាន ឬ?

ថ្ងៃពុធ ទី ៨ កញ្ញា ២០២១​
3
(វ៉ាស៊ីនតោន)៖ «សហរដ្ឋអាមេរិកត្រឡប់មកវិញហើយ ឬ America is back» គឺជាពាក្យស្លោកមួយដែលលោកប្រធានាធិបតី ចូ បៃដិន តែងតែអះអាងប្រាប់សម្ព័ន្ធមិត្ត ចាប់តាំងពីលោកឡើងកាន់អំណាច កាលពីខែមករាមក។ លោក បៃដិន និងគណបក្សប្រជាធិបតេយ្យបានលើកឡើងជារឿយៗថាលោក ដូណាល់ ត្រាំ គឺជាអ្នកបំផ្លាញ យុគសម័យនៃភាពជាមេដឹកនាំពិភពលោក និងទំនុកចិត្តរបស់សម្ព័ន្ធមិត្តមកលើសហរដ្ឋអាមេរិក ហើយដែលនេះគឺជាកិច្ចការដែលលោកបានសន្យាថានឹងជួសជុលកែលម្អ ឡើងវិញ។ក៏ប៉ុន្តែ ការដួលរលំនៃរដ្ឋាភិបាលអាហ្វហ្កានីស្ថា នលើកបន្ដុបដោយសហរដ្ឋអាមេរិក ក្រោមថ្វីដៃក្រុមតាលីបង់ បានធ្វើឱ្យពាក្យស្លោក «America is back» របស់លោក បៃដិន កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល និងបង្កឱ្យមានការចោទសួរជាសំណួរថាតើយុគសម័យ ដែលសហរដ្ឋអាមេរិកដឹកនាំពិភពលោកបានបិទបញ្ចប់នៅក្នុងប្រទេស អាហ្វហ្កានីស្ថានមែន ឬក៏គ្រាន់តែជាការថយចុះឥទ្ធិពលមួយរយៈពេលខ្លី? មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍នៅអាហ្វហ្កានីស្ថាន វាក៏ធ្វើឱ្យគេនឹកឃើញផងដែរនូវសម្ដីរបស់ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger ដែលធ្លាប់បាននិយាយថា «វាអាចជារឿងគ្រោះថ្នាក់ដែលចង់ធ្វើជាសត្រូវរបស់សហរដ្ឋអាមរិក ប៉ុន្តែធ្វើជាមិត្ត របស់អាមេរិក ក៏អាចស្លាប់ដូចគ្នាដែរ»។

ការដកកងទ័ពចេញពីអាហ្វហ្កានីស្ថានជារឿងដែលប្រជាជនអាមេរិកភាគច្រើនគាំទ្រ ហើយសូម្បីតែសម្ព័ន្ធមិត្ត NATO ក៏បានឯកភាពដែរ។ ប៉ុន្តែ អ្វីដែលជាបញ្ហា នោះគឺថា ពួកគេយល់ថាលោក បៃដិន ដោះស្រាយបញ្ហាមិនបានល្អដោយបង្កឱ្យមានវឹកវរ នៅឯអាកាសយានដ្ឋានកាប៊ុល រហូតដល់ទាហានអាមេរិក ១៣នាក់ត្រូវបានសម្លាប់នៅ ក្នុងការវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ពួក ISIS។

រុស្ស៊ី ជាពិសេសគឺចិនបានឆ្លៀតឱកាសយកវិបត្តិអាហ្វហ្កានីស្ថាន មកវាយបំបាក់រូបភាពជាមេដឹកនាំពិភពលោករបស់អាមេរិក ដែលពួកគេចោទប្រកាន់ថាតែងតែបោះបង់ ចោលសម្ព័ន្ធមិត្តខ្លួនឯងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ប៉ុន្មានម៉ោងក្រោយអាហ្វហ្កានីស្ថានដួលរលំភ្លាមៗ កាសែតរដ្ឋចិន Global Times បានព្រមានកោះតៃវ៉ាន់ថាមិនអាច បន្តពឹងផ្អែកលើសហរដ្ឋអាមេរិកបានទៀតឡើយ ហើយមានជម្រើសល្អតែមួយគត់ គឺយល់ព្រមបង្រួបបង្រួមជាតិជាមួយចិនដោយសន្តិវិធី។ ពីព្រោះថាប្រសិនបើសង្រ្គាម នៅច្រកសមុទ្រតៃវ៉ាន់ផ្ទុះឡើង នោះប្រព័ន្ធការពាររបស់កោះតៃវ៉ាន់នឹងត្រូវបានបំផ្លាញក្នុងរយៈពេលត្រឹមតែប៉ុន្មានប៉ុណ្ណោះ ហើយយោធាអាមេរិកក៏នឹងមិនមកជួយនោះ ដែរ។

អាហ្វហ្កានីស្ថានជាទីដែលអាមេរិកចំណាយពេលធ្វើសង្រ្គាមអស់ជាង២០ឆ្នាំ តែបែរជាមកត្រូវដួលរលំក្នុងពេលមិនដល់១០ថ្ងៃ ក្រោយកងទ័ពអាមេរិក និង NATO ដកចេញ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជំនឿចិត្ត និងទំនុកចិត្តរបស់សម្ព័ន្ធមិត្តចំពោះទីក្រុងវ៉ាស៊ីនតោន។ ក្រុមអ្នកវិភាគមើលឃើញថាវិបត្តិអាហ្វហ្កានីស្ថាន ច្បាស់ណាស់នឹង «បិទបញ្ចប់ឥទ្ធិពលរបស់សហរដ្ឋអាមេរិក» នៅអាហ្វហ្កានីស្ថាន ប្រហែលជាក្នុងរយៈពេលរាប់ទសវត្សរ ដូចគ្នាទៅនឹងការដួលរលំនៃរបបរាជានិយម អ៉ឺរ៉ង់ឆ្នាំ១៩៧៩, វៀតណាមខាងត្បូង ឆ្នាំ១៩៧៥ ឬរបបដឹកនាំគុយបាឆ្នាំ១៩៥៩ ដែលសុទ្ធសឹងតែធ្លាប់ជាសម្ព័ន្ធមិត្តអាមេរិក។

តែទោះជាបែបនេះក្ដី ការនិយាយថា «យុគសម័យអាមេរិកដឹកនាំពិភពលោក» ដល់ទីបញ្ចប់ដោយសារតែអាហ្វហ្កានីស្ថាន វាហាក់ដូចជាលឿនរហ័សពេកហើយ។ នៅក្នុង ប្រវត្តិសាស្ត្រ ក៏មានព្រឹត្តិការណ៍ស្រដៀងគ្នាទៅនឹងអាហ្វហ្កានីស្ថានធ្លាប់បានកើតឡើងផងដែរ ដែលព្រឹត្តិការណ៍ទំាងនេះបានបង្ហាញពីភាពទន់ខ្សោយរបស់អាមេរិក។ នៅឆ្នាំ១៩៤១ ជប៉ុនបានវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក Pearl Harbour ហើយអាមេរិកបានបរាជ័យក្នុងការការពារហ្វីលីពីនកុំឱ្យធ្លាក់ចូលទៅក្រោមការគ្រប់គ្រង របស់ជប៉ុន។ តែក្រោយមក អាមេរិកបានកសាងកងទ័ពជើងទឹករបស់ខ្លួនឡើងវិញ ហើយក្នុងរយៈពេល៣ឆ្នាំ អាមេរិកធ្វើឱ្យជប៉ុនចុះចាញ់សង្រ្គាម។

ដោយឡែក នៅឆ្នាំ១៩៧៣ កងទ័ពអេហ្ស៊ីប និងស៊ីរី ក្រោមការគាំទ្រពីអតីតសហភាពសូវៀតបានបើកការវាយប្រហារលើទឹកដែលអ៉ីស្រាអែលកាន់កាប់ ហើយនៅពេល ដែលអាមេរិកធ្វើអន្តរាគមន៍ជួយអ៉ីស្រាអែល បណ្ដាប្រទេសអារ៉ាប់បាននាំគ្នាដាក់ទណ្ឌកម្មឈប់លក់ប្រេងឱ្យអាមេរិក។ ១០ឆ្នាំក្រោយមក ឥទ្ធិពលសូវៀតនៅក្នុងតំបន់ ត្រូវបានអាមេរិកបន្សាប រីឯអេហ្ស៊ីបត្រូវបានបំបែកចេញពីចលនាជាតិនិយមអារ៉ាប់។

សហរដ្ឋអាមេរិកចាប់ផ្ដើមលេចមុខមាត់ជាមហាអំណាចនៅលើឆាកអន្តរជាតិដ៏គួរឱ្យភ្ញាក់ផ្អើល។ នៅឆ្នាំ១៩១៣ អាមេរិកបានក្លាយជាមហាអំណាចសេដ្ឋកិច្ចដ៏ធំមួយ ហើយ ក្រោយលូកដៃចូលក្នុងសង្រ្គាមលោកលើកទី១ ជួយសម្ព័ន្ធមិត្តរបស់ខ្លួនឈ្នះសង្រ្គាម និងក្រោយការបញ្ចប់សង្រ្គាមលោកលើកទី២ សហរដ្ឋអាមេរិកបានដណ្ដើមកៅអីជា មហាអំណាចលេខ១ នៅលើពិភពលោកពីចក្រភពអង់គ្លេស។ មិនដល់ ៥០ឆ្នាំក្រោយផង អាមេរិកបានផ្ដួលអតីតសហភាពសូវៀត ហើយបង្កើតសណ្ដាប់ធ្នាប់ពិភពលោក ស្ដង់ដារលោកខាងលិច, ប្រែក្លាយឱ្យលុយដុល្លារអាមេរិកទៅជាស្នូលនៃសេដ្ឋកិច្ចពិភពលោក និងបង្កើតប្រព័ន្ធសម្ព័ន្ធមិត្តមួយដែលប្រយោជន៍ «សន្តិសុខជាតិ» របស់ពួកគេ ត្រូវពឹងផ្អែកលើសហរដ្ឋអាមេរិក។

ជាការពិតណាស់ ការនិយាយថា «យុគសម័យអាមេរិកដឹកនាំពិភពលោក» ដល់ទីបញ្ចប់ វាពិតលឿនរហ័សពេកមែន។ ប៉ុន្តែអ្វីដែលគេមិនអាចប្រកែកបាន នោះគឺឥទ្ធិពល អាមេរិកពិតថយចុះមែន ដ្បិតបច្ចុប្បន្ន ពិភពលោកមិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់សហរដ្ឋអាមេរិកដូចកាលពីស.វទី២០ ជាពេលដែលអាមេរិកជាមហាអំណាចផ្ដាច់មុខ ទាំងខាងយោធា និងសេដ្ឋកិច្ចទៀតនោះទេ។ ពោលគឺសព្វថ្ងៃ វាជាសម័យប្រជែងឥទ្ធិពលខាងភូមិសាស្រ្តនយោបាយរវាងអាមេរិក និងមហាអំណាចលេចមុខថ្មីគឺចិនដែល រដ្ឋបាលលោក ចូ បៃដិន ចាត់ទុកជាសត្រូវភូមិសាស្ត្រនយោបាយដ៏ធំរបស់សហរដ្ឋអាមេរិកនៅក្នុងស.វទី១នេះ ដែលអាចប្រមូលកម្លាំងចាប់ពីសេដ្ឋកិច្ច, បច្ចេកវិទ្យា រហូតដល់យោធាដើម្បីប្រជែងជាមួយអាមេរិក។

សហរដ្ឋអាមេរិកនៅតែជាមហាអំណាចយោធា និងសេដ្ឋកិច្ចលេខ១ នៅលើពិភពលោក ខណៈចិនត្រូវបានគេមើលឃើញថានៅត្រូវការពេលជាច្រើនឆ្នាំទៀតដើម្បីតាម ឱ្យទាន់ ឬផ្ដួលអាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោក។ ដូច្នេះ ការដួលរលំរបស់អាហ្វហ្កានីស្ថាន មិនមែនជាការបិទបញ្ចប់យុគសម័យដឹកនាំពិភពលោករបស់ អាមេរិកនោះទេ តែចង់ ឬមិនចង់វានឹងធ្វើឱ្យសម្ព័ន្ធមិត្តដែលពឹងផ្អែកខ្លាំងលើអាមេរិក នឹងចាប់ផ្ដើមប្រុងប្រយ័ត្នជាងមុន ជាពិសេសនៅពេលធ្វើការសម្រេចចិត្តណាមួយ ដែលត្រូវពឹងលើអាមេរិក ហើយអំណេះតទៅគេត្រូវចាំមើលថាតើអាមេរិក អាចបញ្ចៀសកុំឱ្យព្រឹត្តិការណ៍នៅអាហ្វហ្កានីស្ថានកើតឡើងម្ដងទៀត ឬក៏អាចសា្ដរទំនុកចិត្ត ឡើងវិញពីសម្ព័ន្ធមិត្តរបស់ខ្លួនបានដែរឬយ៉ាងណា៕

ប្រភព៖ Asiatimes (ថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១)

ដោយៈ Fresh news

ចែករំលែក

បញ្ចេញយោបល់