សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ ២០២១ ក្រោមមូលបទ «ថាមពល អាកាសធាតុ បរិស្ថាន» រាជធានីភ្នំពេញ តាមរយៈការថតវីដេអូទុកជាមុន, ថ្ងៃទី ០៣ កញ្ញា ២០២១

ថ្ងៃសុក្រ ទី ៣ កញ្ញា ២០២១​
8

សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ថ្លែងក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ ២០២១ ក្រោមមូលបទ «ថាមពល អាកាសធាតុ បរិស្ថាន»
រាជធានីភ្នំពេញ តាមរយៈការថតវីដេអូទុកជាមុន, ថ្ងៃទី ០៣ កញ្ញា ២០២១

  • ឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន;
  • ឯកឧត្តម, លោកជំទាវ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល;
  • ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី;

ជាបឋម, ខ្ញុំសូមសម្តែងនូវសេចក្តីរីករាយ និងត្រេកអរយ៉ាងក្រៃលែង ដោយបានចូលរួមថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ និងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសាធារណរដ្ឋប្រជា-មានិតចិន ដែលបានរៀបចំ វេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ ២០២១ ក្រោមមូលបទ «ថាមពល អាកាសធាតុ បរិស្ថាន» ដ៏មានសារៈសំខាន់នេះឡើង ។

ក្នុងបរិការណ៍ដែលពិភពលោកទាំងមូល បាននិងកំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩, ការរៀបចំវេទិកានេះ គឺជាការក្រើនរំលឹកកុំឱ្យយើងទាំងអស់គ្នា បំភ្លេចចោលនូវបញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន ដែលទាមទារឱ្យបន្តមានការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ តាមរយៈការគិតគូរជាប់ជានិច្ច ក្នុងការស្វែងរកដំណោះស្រាយសកលរួម ។ ក្នុងបរិការណ៍ដែលបណ្តាប្រទេសជាច្រើន បាននិងកំពុងគិតគូររៀបចំផែនការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ, ការរៀបចំវេទិកានេះ នឹងបង្កើតជាកាលានុវត្តភាពដ៏ល្អមួយ ក្នុងការជំរុញសម្ទុះនៃការអភិវឌ្ឍថាមពលកាបូនទាប សំដៅដោះស្រាយបញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន និងឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ ។

ជាការពិត, បញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន ជាពិសេសការប្រែប្រួលអាកាសធាតុ នៅតែជាបញ្ហាប្រឈមដ៏ចម្បង និងក្ដៅគគុក សម្រាប់មនុស្សជាតិទាំងមូល ដែលបន្តគំរាមកំហែងដល់សុខភាពមនុស្ស, សន្តិសុខស្បៀង, ហេដ្ឋារចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ី   ជារួម ជាពិសេសតាមរយៈការបង្កនូវគ្រោះធម្មជាតិ ដូចជាគ្រោះទឹកជំនន់ និងភ្លើងឆេះព្រៃ ជាដើម ។ ការណ៍នេះ ឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់នៃ «ការធ្វើបដិវត្តថាមពល ឱ្យបានលឿន និងប្រកប ដោយយុត្តិធម៌ និងសមធម៌ ដើម្បីផ្លាស់ប្តូរ​ពីការផលិត និងប្រើប្រាស់ថាមពលដែលបញ្ចេញកាបូនច្រើនទៅក្នុងបរិយាកាស ឆ្ពោះទៅការផលិត និងប្រើប្រាស់ថាមពលស្អាត, អាចកកើតឡើងវិញ និងមានប្រសិទ្ធភាពជាងមុន» ។ ជាមួយគ្នានេះ, ការអភិវឌ្ឍថាមពលកាបូនទាប ដូចជាបច្ចេកវិទ្យាធ្យូងថ្មស្អាត ការប្រើប្រាស់បច្ចេកវិទ្យាស្តុកទុកកាបូន ការប្រើបច្ចេកវិទ្យាផលិតអ៊ីដ្រូហ្សែនពីធ្យូងថ្ម ជាដើម នឹងក្លាយជាវិធីសាស្ត្រដ៏ចាំបាច់ក្នុងការប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុក្នុងទ្រង់ទ្រាយធំ ។

  • ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!

ថ្វីត្បិតតែកម្ពុជាជាប្រទេស ដែលមានកម្រិតនៃការអភិវឌ្ឍទាប, រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ និងកំណត់យកបញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន ជារបៀបវារៈគោលនយោបាយដ៏សំខាន់ និងសម្រាប់រយៈពេលវែង ក្រោមអភិក្រម “ជាបញ្ហារួម ប៉ុន្តែការអនុវត្តផ្សេងៗគ្នាទៅតាមការទទួលខុសត្រូវ និងសមត្ថភាពរៀងៗខ្លួន” ។ ជាក់ស្តែង, កាលពីថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០, កម្ពុជាបានដាក់ជូនលេខាធិការដ្ឋាននៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នូវរបាយការណ៍បច្ចុប្បន្នភាព​នៃការចូលរួមចំណែករបស់ជាតិ ដោយបានកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន​ប្រមាណ ៦៤,៦ លានតោន សមមូលឧស្ម័ន កាបូនិក ត្រឹមឆ្នាំ ២០៣០ នៅក្នុងវិស័យព្រៃឈើ, ថាមពល, ឧស្សាហកម្ម, កសិកម្ម និងការគ្រប់គ្រងសំណល់ ។  បន្ថែមលើនេះ, កម្ពុជាក៏បាននិងកំពុងខិតខំរៀបចំយុទ្ធសាស្ត្ររយៈពេលវែង ប្រកបដោយអព្យាក្រឹតភាពកាបូន ដោយរំពឹងថានឹងចប់សព្វគ្រប់នៅចុងឆ្នាំ ២០២១ នេះ ។

ការដោះស្រាយបញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន គឺជាកិច្ចការដ៏លំបាកមួយ ដែលទាមទារឱ្យមានការចូលរួម ប្រកបដោយស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ។ ក្នុងន័យនេះ, ខ្ញុំសូមអំពាវនាវឱ្យមានការពង្រឹងកិច្ចសន្ទនា និងកិច្ចសហ-ប្រតិបត្តិការអន្តរជាតិរវាងគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងបង្កើតឱ្យបាននូវអនាគតបៃតងរួមគ្នាមួយ ប្រកបដោយចីរភាព ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ ។ ខ្ញុំក៏សូមអំពាវនាវផងដែរ ឱ្យមានការប្តេជ្ញាចិត្តផ្នែកនយោបាយ ក្នុងការចូលរួមឱ្យអស់លទ្ធភាពពីគ្រប់ប្រទេសទាំងអស់ នៅតាមដំណាក់កាលនៃការអភិវឌ្ឍប្រទេសនីមួយៗរបស់ខ្លួន ក្នុងការជំរុញកំណើនបៃតង, ការកាត់បន្ថយការបញ្ចេញកាបូន និងការធានាឱ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបាននូវថាមពលនិរន្តរភាព ក្នុងតម្លៃសមរម្យ និងមានការបញ្ចេញកាបូនទាប ។ ជាមួយគ្នានេះ, ខ្ញុំក៏សូមលើកទឹកចិត្តឱ្យមានការជួយគ្នាទៅវិញទៅមក ប្រកបដោយស្មារតីសាមគ្គីភាព ជាពិសេសតាមរយៈការផ្ទេរបច្ចេកវិទ្យា និងការផ្តល់ហិរញ្ញប្បទាន ជាពិសេសទៅដល់បណ្តាប្រទេសដែលមានធនធានទាប ។

ទន្ទឹមនេះ, កម្ពុជាក៏បានកត់សម្គាល់ដោយយកចិត្តទុកដាក់ផងដែរ នូវគំនិតផ្តួចផ្តើមបង្កើតផែនការពាណិជ្ជកម្មទីផ្សារជួញដូរកាបូននៅក្នុងប្រទេសចិន ។ ប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការចូលរួមទីផ្សារកាបូនស្ម័គ្រចិត្ត ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ហើយកម្ពុជាកំពុងរៀបចំការងារមួយចំនួនបន្ថែមទៀត នៅក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ។ កម្ពុជាចាត់ទុកឥណទាន​កាបូនជាប្រភពធនធានហិរញ្ញប្បទាន ប្រកបដោយចីរភាពដ៏សំខាន់មួយ សម្រាប់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ហើយកម្ពុជាបើកចំហទទួលការចូលរួមនូវក្នុងភាពជាដៃគូជាមួយបណ្តាប្រទេស និងវិស័យឯកជននានា ដែលមានចំណាប់អារម្មណ៍ ។

ជាទីបញ្ចប់, ខ្ញុំសូមជូនពរឱ្យវេទិកានេះប្រព្រឹត្តទៅ ប្រកបដោយភាពជោគជ័យ និងសូមជូនពរឱ្យឯកឧត្តម, លោកជំទាវ, លោក, លោកស្រី មានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យចំពោះគ្រប់ភារកិច្ច ៕

សូមអរគុណ!

 

 

 

 

ចែករំលែក

បញ្ចេញយោបល់