ឆ្នាំ​២០១៧ ថៃ​មាន​មហិច្ឆតា​ចង់​សម្រេច​គោលដៅ​លើ​វិស័យ​ទេសចរណ៍

ថ្ងៃចន្ទ ទី ១៨ កក្កដា ២០១៦​
222

ប្រទេសថៃ ៖ អាជ្ញាធរទេសចរណ៍ថៃអាចនឹងសម្រេចបាននូវគោលដៅឆ្នាំ២០១៧របស់ខ្លួន ដើម្បីបង្កើនប្រាក់តាមរយៈចំណូលពីភ្ញៀវទេសចរក្នុងស្រុកឲ្យឈានឡើង១០% ដែលមានតម្លៃ៩៥០ប៊ីលានបាត និងបានពីភ្ញៀវទេសចរអន្តរជាតិចំនួន១០% ស្មើនឹង១,៨៩ទ្រីលានបាត ប្រសិនបើគ្មានភាពតានតឹងផ្នែកនយោបាយ និងការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ។

កាលពីពេលថ្មីៗនេះ លោក Ittirit Kinglake ប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃ (TCT) បានឱ្យដឹងថា ប្រទេសថៃនឹងអាចឈានដល់កំណត់ត្រាខ្ពស់បាន ប្រសិនបើគេអាចជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងលើទីផ្សារឲ្យបានត្រឹមត្រូវ ព្រមទាំងផ្តួចផ្តើមយុទ្ធសាស្ត្របន្ថែមទៀត ។

ឧស្សាហកម្មទេសចរណ៍បានងើបឡើងវិញយ៉ាងឆាប់រហ័សបន្ទាប់ពីភាពវឹកវរនៃការដាក់គ្រាប់បែកនៅទីសក្ការបូជា Erawan កាលពីខែសីហា និងអំពើហិង្សានៅក្រៅប្រទេស។ ទោះជាយ៉ាងណា ក៏នៅមានបញ្ហាប្រឈមជាច្រើនទៀតនឹងកើតមានឡើងនាឆ្នាំខាងមុខនេះ រួមទាំងអស្ថិរភាពសេដ្ឋកិច្ចសកលលោក និងបញ្ហាវិបត្តិនយោបាយផ្ទៃក្នុងដែលមិនអាចទាយទុកមុនបាន ។

លោកបានថ្លែងថា ៖ « ប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃមានអារម្មណ៍ថា បើទោះបីជាភ្នាក់ងារអាជ្ញាធរទេសចរណ៍ថៃមានបំណងខ្ពស់ហួសពេក ទាំងនោះគឺជាការព្យាករនាពេលកន្លងមក។ ប្រសិនបើគ្មានកត្តាអាក្រក់ចូលមកទេ ប្រទេសនេះនឹងមានឱកាសក្នុងការសម្រេចបាននូវក្តីសង្ឃឹមដ៏ខ្ពស់ជាច្រើន » ។

លោក Eric Brand នាយកប្រតិបត្ដិនៃសណ្ឋាគារ Arnoma Grand Bangkok មានប្រសាសន៍ថា ប្រទេសថៃនឹងនៅតែជាគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរអន្ដរជាតិ បើវិនិច្ឆ័យពីការកក់សំបុត្រទុកមុនសម្រាប់រដូវកាលខាងមុខ ។ សណ្ឋាគារជាច្រើននៅក្នុងទីក្រុងបាងកក នឹងរៀបចំអត្រាជួលជាមធ្យមរហូតដល់ទៅ៩០ភាគរយនៅក្នុងត្រីមាសចុងក្រោយ ឆ្នាំនេះ ហើយលោកបានព្យាករណ៍បន្ថែមទៀតថា ប្រហែលជាមាន៥ទៅ១០ភាគរយ ដែលច្រើនជាងកាលពីរដូវកាលមមាញឹកមុន ។

កាលពីពេលកន្លងមក អាជ្ញាធរទេសចរណ៍ថៃបានប្រកាសពីផែនការសកម្មភាពរបស់ខ្លួន សម្រាប់ឆ្នាំ២០១៧ ទៅលើវិស័យឯកជន បន្ទាប់ពីបានចំណាយពេលរិះរកគំនិត និងរៀបចំយុទ្ធសាស្ត្រ ថ្មីអស់មួយសប្តាហ៍មក ។

អាជ្ញាធរទេសចរណ៍ថៃមានជំនឿយ៉ាងមុតមាំថា វិស័យទេសចរណ៍ គឺជាវិស័យមួយនៃឧស្សាហកម្មធំៗទាំង៧ ដែលត្រូវបានគេចាត់ទុកថា ជាឆ្អឹងខ្នងនៃការរីកចម្រើនថ្មីរបស់ « សេដ្ឋកិច្ចឌីជីថល » ។ វិស័យនេះមានសក្តានុពលយ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតទៅលើវិស័យតូចៗជាច្រើនទៀតដូចជា ការថែទាំសុខភាព ការការពារវប្បធម៌និងបេតិកភណ្ឌ និងបរិស្ថានធម្មជាតិ ជាដើម ។

របកគំរូថ្មីនេះ នឹងជួយផ្លាស់ប្តូរឧត្តមភាពនៃការប្រៀបធៀបរបស់ថៃឲ្យក្លាយជាឧត្តមភាពប្រកួតប្រជែង ។ អាជ្ញាធរទេសចរណ៍ថៃនឹងអភិវឌ្ឍន៍ឧបករណ៍ទំនាក់ទំនងទីផ្សារឲ្យបានទូលំទូលាយ ស្របនឹងបំណងដើម្បីផ្តល់ភាពលេចធ្លោនៃ « បទពិសោធន៍ដ៏ជោគជ័យក្នុងស្រុក មានតែមួយគត់របស់ប្រទេសថៃ » នៅលើឆាកអន្តរជាតិ ។

« ភាពអស្ចារ្យរបស់ប្រទេសថៃ » នឹងនៅតែបន្តកើតមាន ហើយនឹងត្រូវបានគាំទ្រដោយសាច់រឿងសំខាន់ៗជាច្រើន ដែលត្រូវបានគេហៅថា « ការស្វែងយល់ពីរឿងរ៉ាវដ៏អស្ចារ្យជាច្រើនក្នុងព្រះរាជាណាចក្រអច្ឆរិយថៃ » ។

សម្រាប់ឆ្នាំក្រោយនេះ អាជ្ញាធរទេសចរណ៍ថៃបានជ្រើសរើសខេត្តឈៀងរ៉ៃ ជាខេត្តគំរូ សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ។

មូលដ្ឋានគ្រឹះនៃកំណើនបរិស្ថានបៃតង  សេដ្ឋកិច្ច តុល្យភាពនៃសង្គមនិងបរិស្ថាន នឹងត្រូវបានដាក់បញ្ចូលជាលើកដំបូងនៅក្នុងស្រុក Chiang Saen ហើយក្រោយមកនឹងពង្រីកជាបន្តបន្ទាប់នៅទូទាំងខេត្ត ។

ឆ្នាំនេះ ប្រទេសថៃនឹងធ្វើជាប្រទេសម្ចាស់ផ្ទះសម្រាប់ទិវាទេសចរណ៍ពិភពលោកប្រចាំឆ្នាំ ដែលគេតែងតែប្រារព្ធធ្វើជាទូទៅនៅថ្ងៃទី២៧ ខែកញ្ញា ក្រោមការគាំទ្រពីអង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិ ។

នៅឆ្នាំក្រោយ ប្រទេសថៃក៏នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលទេសចរណ៍ពិភពលោក និងក្រុមប្រឹក្សាទេសចរណ៍នៅខែមេសា និងសភានៃផែនការទិសដៅអាពាហ៍ពិពាហ៍នៅក្នុងខែឧសភា ៕

ចែករំលែក

បញ្ចេញយោបល់