ហុងកុង​ជាទី​ក្រុង​ចំណាយ​ខ្ពស់​សម្រាប់​ជនបរទេស​ប្រចាំឆ្នាំ​២០១៦

ថ្ងៃពុធ ទី ២០ កក្កដា ២០១៦​
112

AFP ផ្សាយថា ហុងកុងជាក្រុងចំណាយខ្ពស់បំផុតនៅលើពិភពលោកសម្រាប់ជនបរទេសដែលស្នាក់នៅ នាំមុខក្រុងរបស់ប្រទេសអង់ហ្គោឡា តាមការរៀបចំចំណាត់ថ្នាក់ ដោយក្រុមហ៊ុនទីប្រឹក្សា  Mercer Group ដែលផ្សាយឱ្យដឹងកាលពីថ្ងៃទី២២ មិថុនា ២០១៦ ។

ក្រុង  Luanda ផ្សាយបាត់បង់តំណែងជាក្រុងចំណាយខ្ពស់សម្រាប់ជនបរទេសក្នុងរយៈពេល៣ឆ្នាំជាប់គ្នា ហើយបច្ចុប្បន្នបានធ្លាក់ទៅលើហុងកុងប្រចាំឆ្នាំ២០១៦ ព្រោះប្រាក់ដុល្លារហុងកុងមានតម្លៃខ្ពស់ ។

របាយការណ៍បញ្ជាក់ថា ដុល្លារហុងកុងដើរស្របជាមួយដុល្លារអាមេរិកដោយមានតម្លៃខ្ពស់ក្នុងរយៈពេល១ឆ្នាំកន្លងមក ។ ជាទូទៅថ្លៃទំនិញ និងសេវាកម្មទូទៅហាក់ដូចជាមានស្ថិរភាព  ខណៈពេលលោក  Bruno Rocquement ពីក្រុមហ៊ុន  Mercer Franee បញ្ជាក់ប្រាប់  AFP ថា បម្រែបម្រួលនៃអត្រាប្តូរប្រាក់ គឺជាកត្តាសំខាន់តម្រូវឱ្យចំណាត់ថ្នាក់នៃទីក្រុងនានាកើនឡើង ឬថយចុះខ្លាំង ។

តម្លៃថេរនៃប្រាក់យ៉េន ធ្វើឱ្យក្រុងតូក្យូរំកិលឡើង៦លំដាប់ថ្នាក់ពីឆ្នាំមុន ក្លាយជាក្រុងចំណាយខ្ពស់ស្ថិតនៅលំដាប់ទី៥ សម្រាប់ជនបរទេស បន្ទាប់ពីក្រុងស៊ុយរិក និងសិង្ហបុរី ស្ថិតនៅចំណាត់ថ្នាក់ទី៣ និងទី៤ ។ ថ្លៃចំណាយនៅបណ្តាក្រុង ធំៗទូទាំងសហរដ្ឋអាមេរិក បានរំកិលខ្ពស់តាមកម្រិតនៃថ្លៃថេររបស់ប្រាក់  ដុល្លារ ។ ផ្ទុយទៅវិញក្នុងស្ថានភាពតម្លៃប្រាក់ចុះថោកជួយឱ្យថ្លៃចំណាយរបស់ជនបរទេសធ្លាក់ចុះ ជាក់ស្តែងនៅតាមប្រទេសមួយចំនួនដូចជាក្រុងមូស្គូ ដែលមានវិបត្តិប្រាក់រូប៊ើលធ្លាក់ថ្លៃតម្រូវឱ្យថ្លៃចំណាយធ្លាក់ពីចំណាត់ថ្នាក់ទី១៧ ទៅលំដាប់ទី៦៧ ក្នុងឆ្នាំ២០១៦ ។

ក្រុង Windhoek ប្រទេសណាមីប៊ី ស្ថិតនៅលំដាប់បាតតារាងពីចំនួន២០៩ ទីក្រុងនៅលើពិភពលោកដែលបានអង្កេត ៕

ចែករំលែក

បញ្ចេញយោបល់