សាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយទាប ផ្តល់មនុស្សធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ២គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់

ថ្ងៃព្រហស្បតិ៍ ទី ២២ កក្កដា ២០២១​
3

ស្វាយរៀង ៖ នៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២១ លោក ហាយ ចន្នាត់ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយទាប បានយកអំណោយមនុស្សធម៌ ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ២ គ្រួសារ នៅឃុំសំបួរ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ១ គ្រួសារ និងគ្រួសាររងគ្រោះដោយសារឆក់ខ្សែភ្លើង ១គ្រួសារ នៅឃុំប្រសូត្រ ស្រុកស្វាយទាប សរុប ៤គ្រួសារ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក ប្រធានគណៈកម្មាធិការអនុសាខាស្រុក បាននាំយកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តចំពោះក្រុមគ្រួសារដែលរងគ្រោះទាំងអស់ ដោយក្តីនឹករលឹក ហើយជានិច្ចជាកាល លោក តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកបានសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។

ហើយលោក បន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានលោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

អំណោយដែលបានផ្តល់ជូនរួមមាន៖ គ្រួសារក្រីក្រ ២ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០ គីឡូ ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ ដបធុងជរ័ ១ ចានស្រាក់ ១ កំសៀវតែ ១ បំពង់ទឹកក្តៅ ១ ការធន់ញ៉ូម ១ ឃីត ១កញ្ចប់មាន កន្ទេល ១ មុង១ ភួយ ១ និងថវិកាចំនួន ៥០.០០០ រៀល។ គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ១ គ្រួសារ ក្នុងមួយទទួលបាន អង្ករ ៣០ គីឡូ ទឹកត្រី ៦ ដប ទឹកស៊ីអ៊ីវ ៦ ដបឆ្នាំងបាយសម្លរ ១ គូធុងជរ័ ១ ការធន់ញ៉ូម ១ និងថវិកាចំនួន ១០០.០០០ រៀល ។ គ្រួសាររងគ្រោះដោយឆក់ខ្សែភ្លើង ១ គ្រួសារ ទទួលបានឧបត្ថម្ភថវិកាចំនួន ១០០.០០០ រៀល ៕

 

ចែករំលែក

បញ្ចេញយោបល់