ផ្កា​ចាហួយ​ឬ​ផ្កាក្រចក​អណ្តើក​រីក​ម្តង​ក្នុង​1​ឆ្នាំ​ទាក់ទាញ​អ្នក​ទេសចរណ៍

ថ្ងៃអង្គារ ទី ២៦ កក្កដា ២០១៦​
1378

ខេត្តសៀមរាប  ៖ ផ្កាចាហួយ ឬផ្កាក្រចកអណ្តើក និងផ្កាចន្ទោលដ៏ស្រស់បំព្រងដែលរីកម្ដងក្នុង១ឆ្នាំនោះ កំពុងទាក់ទាញអ្នកទេសចរ ដោយស្ថិតនៅតំបន់ភ្នំអំពិលក្នុងភូមិលៀប ឃុំពាក់ស្នែង ស្រុកអង្គរធំ ។ នោះគឺជារមណីយដ្ឋានក្រសោបទៅដោយធម្មជាតិស្រស់បំព្រង ព័ទ្ធដោយភ្នំ និងថ្មបន្តុបលើគ្នា រួមទាំងមានផ្កាមួយប្រភេទកម្រប្រទះភ្នែកឃើញណាស់ គឺផ្កាចាហួយ ។

សម្រស់ធម្មជាតិផ្កាចាហួយ ឬផ្កាក្រចកអណ្តើក និងផ្កាចន្ទោល គួរគាប់ភ្នែកណាស់។ អ្នកភូមិនៅតំបន់នោះតែងឡើងទៅបេះផ្កាចាហួយយកស្រុសធ្វើអន្លក់ជាមួយប្រហុក ។ ផ្កាចាហួយដែលដុះនៅភ្នំអំពិលដ៏ស្រស់បំព្រងនោះរីកម្ដងក្នុង១ឆ្នាំ ។ ពីមុនផ្កាចាហួយស្ថិតក្នុងអាថ៌កំបាំង ពុំមានអ្នកស្គាល់ ឬចាប់អារម្មណ៍ឡើយ ដោយសារផ្កាដ៏ស្រស់មួយប្រភេទនេះនៅដាច់ស្រយាលពីទីរួមខេត្តសៀមរាបប្រមាណជាង៥០គីឡូម៉ែត្រ ។ អ្នកចង់ទស្សនាអាចផ្ញើរថយន្តនៅប៉ុស្តិ៍នគរបាលខុំពាក់ស្នែង រួចជិះម៉ូតូឆ្លងកាត់ប្រឡាយ បឹងបួរដ៏សែនពិបាក ។ ការធ្វើដំណើរបើគិតពីទីរួមខេត្ត ទៅដល់ទីនោះរយៈពេលប្រហែលជាង២ម៉ោង ដោយសារនៅរដូវវស្សា ព្រះពិរុណបង្អុរស្ទើរតែរៀងរាល់ថ្ងៃ ។

លោកឡូយ សុវណ្ណ ជាជនដំបូងដែលព្យាយាមធ្វើឱ្យគេបានស្គាល់តំបន់ធម្មជាតិនោះដោយគាត់មានស្រុកកំណើតក្នុងឃុំពាក់ស្នែង និងសព្វថ្ងៃកំពុងតែប្រកបការងារនៅខេត្តសៀមរាប ។ លោកឡូយ សុវណ្ណ និយាយថា៖ «ផ្កាចាហួយរីកនាដើមខែសីហា និងស្រពោនទៅវិញក្នុងខែតុលា ។ ដូច្នេះផ្កានេះបង្ហាញខ្លួនតែម្តងទេក្នុងមួយឆ្នាំ ។ ថ្វីបើគន្ធពិដោរមិនសូវក្រអូបដូចផ្កាឯទៀតក៏ដោយ វាមានត្របកពណ៌ផ្កាឈូកជាច្រើនស្រទាប់ដែលអាចផ្ទុកទឹកបានយ៉ាងច្រើន ហើយបានរាយមន្តស្នេហ៍ទាក់ទាញអារម្មណ៍មនុស្ស ។ អ្នកប្រាថ្នាឃើញត្រូវជិះម៉ូតូកាត់ព្រៃភ្នំ ឆ្លងអូរ ព្រមទាំងមានផ្លូវ តូចៗស្មុគស្មាញជាច្រើនទម្រាំចូលទៅដល់ទឹកដីភ្នំអំពិលដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ។ អ្នកតស៊ូទៅ គឺក្នុងគោលបំណងចង់ឃើញសម្រស់ផ្កាចាហួយ ដែលស្អាតប្លែកពីគេ ។

លោកឡូយ សុវណ្ណ នឹងរៀបចំដំណើរកម្សាន្តជាក្រុមទៅកាន់តំបន់ភ្នំអំពិលនៅពេលរដូវផ្កាចាហួយរីកមកដល់ គឺដើមខែសីហា ក្នុងគោលបំណងបំផុសឱ្យមនុស្សស្រឡាញ់ និងថែរក្សាធម្មជាតិឱ្យបានយូរអង្វែង កុំឱ្យបាត់បង់ឱ្យសោះ និងទុកសម្រាប់ប្រជាពលរដ្ឋនៅទីនោះមានចំណូលពីអ្នកទេសចរជាតិ និងអន្តរជាតិទៅទស្សនា ។

លោកឡូយ សុវណ្ណ រំពឹងថា គម្រោងដំណើរកម្សាន្តទៅកាន់ភ្នំអំពិល នឹងមានអ្នកចូលរួមជាច្រើន ។

លោកឡូយ សុវណ្ណ និយាយថា គោលដៅចម្បងមួយទៀតនៃដំណើរកម្សាន្តគយគន់ផ្កាចាហួយ គឺចង់ឱ្យមនុស្សទាំងឡាយស្គាល់ពីទីកន្លែងធម្មជាតិនានាក្នុងភូមិ-ឃុំ របស់លោក ដូច្នេះអ្នកភូមិនឹងទទួលបាន ការងារ និងប្រយោជន៍ ខ្លះៗពីអ្នកទេសចរ ។ លោកសុវណ្ណ ចង់ឱ្យអ្នកភូមិក្រីក្រឈ្វេងយល់ពីការការពារបរិស្ថាន និងការទទួលប្រយោជន៍ពីកន្លែងដ៏ស្រស់ស្អាតនៅកៀកបង្កើយនោះ ។ ចំពោះប្រាក់ដែលទទួលបានពីដំណើរកម្សាន្តនឹងបរិច្ចាគទៅឱ្យសាលារៀនភាសាអង់គ្លេសរបស់លោកសុវណ្ណដែលបង្រៀនសិស្សក្រីក្រជាច្រើននាក់ឥតគិតថ្លៃក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ។

លោកអនុសេនីយ៍ឯកហួត គឹមឆន នាយប៉ុស្តិ៍នគរបាលឃុំបាក់ស្នែង ប្រាប់កោះ សន្តិភាពនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ក្នុងពេលជូនដំណើរទៅភ្នំអំពិលថា ការធ្វើដំណើរទៅមើលផ្កាចាហួយ ឬផ្កាក្រចកអណ្តើក និងផ្កាចន្ទោលនោះ មានការលំបាកបន្តិច ដោយសារខែនេះគឺជាខែវស្សា ហើយឆ្លងកាត់ជាច្រើនដំណាក់ គឺជិះម៉ូតូឆ្លងកាត់អូរ បឹង ដែលមានទឹកពាក់កណ្តាលម៉ូតូ ត្រូវរុញម៉ូតូយ៉ាងត្រដាបត្រដុសជាច្រើនកន្លែង ។ ទម្រាំទៅដល់គោលដៅ បើដើរមិនស្គាល់ផ្លូវអាចមានបញ្ហាដល់អាយុជីវិត ព្រោះតំបន់នោះពីមុនគឺជាកន្លែងសង្គ្រាម ។   នៅលើកំពូលភ្នំអំពិលមានអាងទឹកថ្មមួយមិនចេះរីងទេ និងមួយកន្លែងទៀតមានពើងថ្ម ។ កាលពីឆ្នាំមុន ភ្នំអំពិលបានប្រែក្លាយជាទីកម្សាន្តធម្មជាតិ ដ៏ស្រស់បំព្រងសម្រាប់អ្នកនិយមដើរលេងតាមព្រៃភ្នំ មិនថាជាលក្ខណៈគ្រួសារ និងជួបជុំមិត្តភក្ដិបងប្អូនទេ ថ្ងៃខ្លះមានទាំងសិស្ស និងនិស្សិត ។ អ្នកទេសចរខ្លះបានបោះតង់កម្សាន្តនៅទីនោះទៀតផង ៕

?????????????

c80bfbca-446d-4fd0-8ee0-4b20d4231a77

?????????????

?????????????

ចែករំលែក

បញ្ចេញយោបល់