អ្នកវិភាគ៖ ការសម្រេចជាឯកតោភាគីរបស់សហរដ្ឋអាមេរិក ផ្តាច់អាហារូបករណ៍ចំពោះនិស្សិតខ្មែរ៦នាក់ ជានយោបាយការទូតបែបកូនក្មេង

ថ្ងៃអាទិត្យ ទី ៤ កក្កដា ២០២១​
16

(ភ្នំពេញ)៖ ក្តីស្រម៉ៃរបស់និស្សិតខ្មែរក្នុងវិស័យយោធា៦នាក់ ដែលបំផ្លាញយ៉ាងអមនុស្សធម៌បំផុត ដោយសហរដ្ឋអាមេរិក តាមរយៈការសម្រេចជាឯកតោភាគីផ្តាច់អាហារូបករណ៍ ចំពោះនិស្សិតទាំងនេះដោយសារតែហេតុផលនយោបាយ ឥឡូវនេះត្រូវបានផ្តល់ក្តីសង្ឃឹមឡើងវិញ និងការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចបន្តបង់ថ្លៃសិក្សារបស់ពួកគេរហូតដល់ទីបញ្ចប់។

នេះបានបង្ហាញពីការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះមុខអនាគតនៃនិស្សិតកម្ពុជាទាំងនេះ និងជាការបង្ហាញពីទឹកចិត្តនៃប្រជាជាតិខ្មែរ និងតម្លៃដ៏ខ្ពង់ខ្ពស់របស់ជនជាតិខ្មែរនាសម័យតេជោសែន។ កម្ពុជាជាប្រទេសតូចនិងក្រីក្រ តែមានចិត្តទូលាយមានភាពថ្លៃថ្នូរ មោទកភាពជាតិរបស់ខ្លួន និងមានភាពចាស់ទុំផ្នែកនយោបាយនិងការទូត ហើយក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មិនអាចនរណាមកប្រមាថប្រជាជាតិខ្មែរបានឡើយ។ កម្ពុជា មិនបានយកប្រទេសណាមួយជាសត្រូវឡើយ និងបានដាក់ចេញនូវវិធានការកំណែទម្រង់ថ្មីៗទៀតក្រោមបាវចនា «កែទម្រង់ខាងក្នុង កសាងមិត្តខាងក្រៅដោយឈរលើមូលដ្ឋានឯករាជ្យ»។
បើពិនិត្យលើហេតុផលនៃការសម្រេចជាឯកតោភាគីរបស់សហរដ្ឋអាមេរិកផ្តាច់អាហារូបករណ៍ពីនិស្សិត ៦ នាក់នេះវាជារឿងនយោបាយសុទ្ធសាធ។ តាមរយៈអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ការផ្តាច់អាហារូបករណ៍នេះធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជាបានកាត់បន្ថយកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យជាច្រើន នៃការចូលរួមរវាងយោធានិង យោធាទ្វេភាគីតាមបែបប្រពៃណីប្រទេសកម្ពុជាបានបាត់បង់សិទ្ធិទទួលបានកម្មវិធីបណ្ឌិត្យ សភាផ្នែកយោធារបស់សហរដ្ឋអាមេរិក។
នេះគឺជាការ សម្រេចចិត្តមួយប្រកបដោយអមនុស្សធម៌បំផុត និងជាការយកអនាគតយុវជនដែលប្រកបដោយមនសិការទៅបំផ្លាញដោយ គ្មានស្តាយស្រណោះដើម្បីគ្រាន់តែបម្រើ របៀបវារៈភូមិសាស្ត្រនយោបាយរបស់ខ្លួន។ នេះក៏បានបង្ហាញយ៉ាងច្បាស់ថា កាលដែលអាមេរិកអះអាងថាមក ជួយកម្ពុជា ទំនងគ្មានបំណងដោយសុច្ចរិតឡើយពោលគឺជា «ជំនួយមានសំណង» និង«អន្ទាក់ជំនួយ» ដើម្បីបម្រើផលប្រយោជន៍នយោបាយខ្លួន។ បើសហរដ្ឋអាមេរិក ពិតជាចង់ជួយកម្ពុជាក្នុងចេតនាសុច្ចរិត ទំនងមន្ត្រីស្ថានទូតអាមេរិកប្រចាំកម្ពុជានឹងមិនផ្តល់យោបល់ បែបកូនក្មេង និងបែបអមនុស្សធម៌របៀបនេះដល់ថ្នាក់ ដឹកនាំរបស់ខ្លួននៅទីក្រុងវ៉ាស៊ីនតោនឡើយ ដែលនេះជាសេចក្តីសម្រេចបំផ្លាញក្តីសុបិន្តរបស់យុវជន និងជាសេចក្តីសម្រេចចិត្តបែបអមនុស្សធម៌ ប្រឆាំងនឹងគោលបំណងដ៏ពិសិដ្ឋរបស់យុវជនក្នុងការអប់រំបង្កើនចំណេះដឹង។
តាមពិតការសម្រេចចិត្តដោយឯកតោភាគីកាត់ផ្តាច់អាហារូបករណ៍ដល់និស្សិតនេះបានបង្ហាញ ពីការគ្មានភាពចាស់ទុំរបស់មហាអំណាចមួយដែលបង្អាក់លើការសិក្សា របស់យុវជនដែលស្រេកឃ្លានការសិក្សា ហើយពិភពលោកទាំងមូលក៏បានដឹងពីចរិតពិតនៃការធ្វើការទូត របស់មហាអំណាចមួយនេះដែលមាត់ហារឡើងស្រឡាញ់ និងជួយ តែប្រសិនបើគ្មានផលប្រយោជន៍ចំណេញដល់ខ្លួននោះទេ កុំសង្ឃឹមថា សហរដ្ឋអាមេរិកជួយដោយស្មោះឱ្យសោះដែលស្របនឹងទ្រឹស្តីថា នៅក្នុងវិស័យការទូត គេមិននិយាយពីមិត្តឬសត្រូវឡើយ តែគេនិយាយពីផលប្រយោជន៍។
តែពលរដ្ឋកម្ពុជាបានដឹងយ៉ាងច្បាស់ពីបញ្ហានេះ ព្រោះប្រវត្តិសាស្ត្របានផ្តល់មេរៀនគ្រប់គ្រាន់ដល់ខ្លួន ជាពិសេសនៅទសវត្សរ៍ឆ្នាំ១៩៧០ សហរដ្ឋអាមេរិកដែលគាំទ្រ សេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ពីតំណែង និងគាំទ្ររបបសាធារណរដ្ឋខ្មែរ និងឱ្យ លន់ នល់ ខ្ចីលុយដែលជាបំណុលកខ្វក់ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងខ្មែរ ហើយចុងក្រោយទាមទារឱ្យខ្មែរសងបំណុលកខ្វក់នេះថែមទៀត។ បន្ទូលរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ នៅថ្ងៃចុងក្រោយនៃរបបសាធារណរដ្ឋខ្មែរលើកឡើង ក្នុងលិខិតឆ្លើយតបទៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាថា «ខ្ញុំពិតជាសោកស្តាយដែលបង្កើត កំហុសមួយយ៉ាងធំគឺជឿលើអាម៉េរិក»។
អាមេរិកដែលបានទម្លាក់គ្រាប់បែកប្រមាណ ៣លានតោនលើកម្ពុជាសម្លាប់មនុស្សបំផ្លាញទ្រព្យសម្បត្តិរាប់មិនអស់ ហើយចុងក្រោយរួមដៃជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដាក់ទណ្ឌកម្មនយោបាយនិងសេដ្ឋកិច្ចប្រឆាំងនឹងការរស់រានមានជីវិតរបស់ជនរងគ្រោះខ្មែរ និងគាំទ្រខ្មែរក្រហមដែលបង្កវិនាសកម្មដល់ជាតិ និងប្រជាជននិងត្រូវបានផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បន្តគ្រប់គ្រងអាសនៈនៅអង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថានិស្សិតកម្ពុជាចំនួន៦នាក់ ដែលកំពុងសិក្សាតាមរយៈអាហារូករណ៍ នៅសាលាបណ្ឌិតសភាយោធាចំនួន៤ ក្នុងសហរដ្ឋអាមេរិក ត្រូវបានប្រាប់ឲ្យផ្អាកការសិក្សាមុនពេលកំណត់។ និស្សិតទាំង៦រូបនេះ កំពុងសិក្សានៅបណ្ឌិតសភាយោធាជើងគោក West Point ចំនួន២រូប បណ្ឌិតសភាទ័ពអាកាសចំនួន២រូប កងទ័ពជើងទឹកចំនួន១រូប និងឆ្មាំសមុទ្រចំនួន១រូប។
ការសម្រេចផ្អាកអាហារូករណ៍នេះ បណ្តាលឱ្យមានការរិះគន់យ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក ដែលធ្វើការសម្រេចចិត្តដោយអសីលធម៌ ក្រោមហេតុផលនយោបាយ ខណៈដែលប្រទេសទាំងពីរមានភាពចម្រូងចម្រាសក្នុងទំនាក់ទំនងកន្លងមក ជាពិសេសការចោទប្រកាន់ដោយគ្មានមូលដ្ឋាន លើវត្តមានកងទ័ពចិន និងការចោទថាចិនប្រើប្រាស់កំពង់ផែយោធារាមនិងតំបន់អភិវឌ្ឍទេសចរណ៍តារាសាគរជាមូលដ្ឋានទ័ពរបស់ខ្លួន។
ការចោទប្រកាន់ដោយគ្មានភស្តុតាង និងរបៀបវារៈនយោបាយដែលអាមេរិកព្យាយាមចិញ្ចឹមទំនាស់ទុកក្នុងយុទ្ធសាស្ត្រ បម្រើឱ្យផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ខ្លួន។ ការចោទប្រកាន់របៀបនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានធ្វើដោយជោគជ័យប្រឆាំង នឹងអ៉ីរ៉ាក់ ហើយបច្ចុប្បន្នអ៉ីរ៉ាក់ត្រូវស្ថិតក្នុងសង្គ្រាម និងការបំផ្លិចបំផ្លាញ។ កម្ពុជាមិនត្រូវការសង្គ្រាមទៀតឡើយតែកំពុងសប្បាយក្នុងសុខសន្តិភាព និងការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព និងក្នុងនាមជារដ្ឋអធិបតេយ្យ និងឯករាជ្យ។
ប្រជាពលរដ្ឋខ្មែរនិងពិភពលោកទាំងមូលកំពុងមើល ឃើញថានយោបាយការទូតរបស់អាម៉េរិកដោយសារតែចង់គ្រប់គ្រងឥទ្ធិពល និងផលប្រយោជន៍របស់ខ្លួន នៅឥណ្ឌូប៉ាស៊ីហ្វិក ជ្រុលហួសហេតុពេកបានធ្វើឱ្យសហរដ្ឋ អាមេរិកដើរខុសគន្លងគោលការណ៍មនុស្សធម៌ និងសីលធម៌។ សហរដ្ឋអាមេរិកតាមរយៈមន្ត្រីស្ថានទូតរបស់ខ្លួននៅកម្ពុជា បានស្នើឱ្យកម្ពុជាធ្វើកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកឱ្យបានច្រើនលើវិស័យផ្សេងៗ តែចំណែកខ្លួនវិញបានកាត់ផ្តាច់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទៅវិញជាបន្តបន្ទាប់។ នេះគឺជារបៀបនៃការធ្វើការទូតបែបដើរបញ្ច្រាសទិស ឬហៅម្យ៉ាងថា ការទូតបែបកូនក្មេងដែលមហាអំណាចមួយដែលអះអាងជាគ្រូប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតែងតែចង់ឱ្យបណ្តាប្រទេសនានាយកគម្រូតាមខ្លួន។
តែសិទ្ធិមនុស្សបែបប្រកាន់ពូជសាសន៍ដែលប៉ូលិសស្បែកសបាញ់សម្លាប់ជនជាតិស្បែកខ្មៅ ការរើសអើងប្រកាន់ពូជសាសន៍ស្អប់ជនជាតិអាស៊ីដែលអាម៉េរិកកំពុងតែជួបប្រទះ លទ្ធិប្រជាធិបតេយ្យបែបក្រុមអនាធិបតេយ្យចូលកាន់កាប់រដ្ឋសភាដោយឡាំប៉ាមិនទទួលស្គាល់លទ្ធផលបោះឆ្នោត មិនគួរសហរដ្ឋអាមេរិកមកផ្តល់មេរៀន ដល់ប្រទេសផ្សេងនោះទេ។ ធ្វើម៉េចកុំតែលេងខូចទៅបានហើយ បើជ្រុលតែនិយាយថាជួយកម្ពុជា ជួយនិស្សិតខ្មែរបង្កើនសមត្ថភាព សូមឱ្យជំនួយនោះស្មោះ កុំលួចភ្ជាប់លក្ខខណ្ឌ ហើយលក្ខខណ្ឌដែលពោរពេញដោយភាពពិសពុល។
សហរដ្ឋអាមេរិកគួររៀនសូត្រពីមិត្តភ័ក្តិបរទេសផ្សេងទៀត ហើយត្រូវចាំថាមិនមែនអាងតែខ្លួនជាមហាអំណាច និយាយអ្វីសុទ្ធតែត្រឹមត្រូវ ធ្វើអ្វីក៏បាននោះទេ ហើយជាពិសេសមន្ត្រីស្ថានទូតអាមេរិកនៅកម្ពុជា គួរមានភាពចាស់ទុំក្នុងវិស័យការទូត កម្ពុជាក្នុងសម័យតេជោសន្តិភាព មានភាពចាស់ទុំគ្រប់គ្រាន់ក្នុងការយល់ ពីល្បិចកលទាំងនេះ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុនដើម្បីរំដោះជាតិ និងប្រជាជនពីរបបខ្មែរក្រហម តែងតែលើកឡើងអំពីអធិបតេយ្យជាតិរបស់កម្ពុជា មិនត្រូវយកអធិបតេយ្យជាតិទៅដូរជាមួយជំនួយ ហើយកុំយកសន្តិភាពរបស់ប្រទេសទៅដូរជាមួយជំនួយ៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១
ចែករំលែក

បញ្ចេញយោបល់