ភ្នំ​ស្រង់​ស្ថិត​ក្នុង​គម្រោង​ការពារ​និង​អភិរក្ស

ថ្ងៃអង្គារ ទី ១២ កក្កដា ២០១៦​
465

ខេត្តកំពង់ស្ពឺ ៖ ភ្នំស្រង់ដែលមហាជនជឿថាមានបារមីសក្តិសិទ្ធិត្រូវអាជ្ញាធរខេត្ត និងជំនាញពាក់ព័ន្ធពិគ្រោះយោបល់គ្នាគ្រោងដាក់បញ្ចូលជាតំបន់ការពារធម្មជាតិ ។ ការដាក់ភ្នំស្រង់ជាតំបន់ការពារធម្មជាតិ និងអភិរក្សជីវៈចម្រុះនេះ មានការជំរុញ និងយកចិត្តទុកដាក់ពីលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ នេះបើតាមការឱ្យដឹងពីលោកគាត រង្សី ប្រធានមន្ទីរបរិស្ថានខេត្ត ។

លោកតាលៀង ឃាង អាចារ្យវត្តប្រាសាទមាសប្រាសាទប្រាក់នៅជាប់ជើងភ្នំស្រង់កាលពីពេល ថ្មីៗកន្លងមកបានអបអរសាទរចំពោះគម្រោងដាក់ភ្នំស្រង់ជាតំបន់ការពារធម្មជាតិនិងអភិរក្សជីវៈចម្រុះ ។ តំបន់ជួរភ្នំនេះសំបូរទៅដោយវត្តសម្រាប់ពុទ្ធបរិស័ទគោរពបូជា ម្យ៉ាងទៀតភ្នំស្រង់សំបូរទៅដោយអ្នកស្វែងរកធម៌ ព្រោះគេជឿថាមានបារមីពូកែស័ក្តិសិទ្ធិ ។

ព្រះតេជគុណសុខ សូជ័យរឹទ្ធី ព្រះសមុហ៍គណខេត្តកំពង់ស្ពឺ គង់នៅវត្តកូនព្រះពុទ្ធ ស្ថិតក្នុងឃុំស្រង់ ស្រុកគងពិសី មានសង្ឃដីកាថា បើសិនជាអាជ្ញាធរខេត្តសម្រេចអភិរក្សតំបន់ភ្នំស្រង់មែន ព្រះអង្គសប្បាយរីករាយណាស់ ព្រោះយល់ថាការអភិរក្សភ្នំស្រង់ គឺជារឿងដ៏ល្អប្រសើរមួយ ព្រោះភ្នំនេះសំបូរទៅដោយសត្វព្រៃគ្រប់ប្រភេទរស់នៅ ។

លោកតាអាចារ្យគណៈកម្មការវត្តកូនព្រះពុទ្ធជាច្រើននាក់លើកឡើងថា កាលពីបុរាណនៅខាងត្បូងវត្តនេះមានរូងភ្នំមួយ បច្ចុប្បន្នគេដាក់ម៉ាសុីនកិនថ្ម ។ រូងភ្នំនោះកាលពីបុរាណបើអ្នកស្រុកណាត្រូវការចានឆ្នាំងសម្រាប់យកទៅរៀបចំពិធីអ្វីមួយ ដូចជាបុណ្យ ឬការកូនចៅ អាចទៅអុជធូបនៅមុខរូងភ្នំ សុំខ្ចីប្រាកដជាបានដូចបំណងមិនខាន ។ ក្រោយចប់ពិធីអ្នកខ្ចីត្រូវយកចាន ឆ្នាំងទៅសងវិញ បើមិនដូច្នោះទេលើកក្រោយមិនអាចខ្ចីបានឡើយ ។

សម័យថ្ងៃមួយគ្រួសារមួយរស់នៅភូមិនោះរៀបចំពិធីមង្គលការកូន ដោយខ្វះចានឆ្នាំងក៏នាំគ្នាទៅអុជធូបសុំខ្ចីយកទៅប្រើប្រាស់ តែក្រោយចប់ពិធីមិនបានយកទៅសងវិញឡើយ។ ស្របពេលនោះមាននារី៤នាក់នាំគ្នាទៅផ្ទះអ្នកខ្ចីនោះ ហើយត្រូវបុរស៥ទៅ៦នាក់ ជាមនុស្សស្រវឹងខួបនាំគ្នាដេញចាប់ក្នុងគោលបំណងធ្វើបាប តែដេញចាប់មិនបានឡើយ ។ រហូតដេញទៅដល់មុខរូងភ្នំស្រាប់តែបាត់នារីទាំងនោះអស់រលីង មិនដឹង ទៅណា ។ ចាប់ពីពេលនោះមកអ្នកស្រុកផ្សេងទៀតដែលត្រូវការខ្ចីចានឆ្នាំងយកទៅប្រើក្នុងពិធី ផ្សេងៗគឺខ្ចីមិនឡើយ ព្រោះបារមីមិនឱ្យទៀតទេ ហើយក៏សាបរលាបរហូតបច្ចុប្បន្ន ។

មន្ត្រីមន្ទីរបរិស្ថានម្នាក់ឱ្យដឹងថា ការពិភាក្សាគម្រោងអភិរក្សភ្នំស្រង់នេះសម្រេចបានលទ្ធផលល្អច្រើនហើយ ។ ការពិភាក្សានេះរៀបចំដោយអគ្គនាយកដ្ឋានការពារនិងអភិរក្សធនធានធម្មជាតិនៃក្រសួងបរិស្ថានកាលពីថ្ងៃទី២៩ និងទី៣០ មិថុនា ២០១៦ នៅមន្ទីរបរិស្ថានខេត្ត ។ ប្រធានបទ គឺការរៀបចំ និងដាក់បញ្ចូលភ្នំស្រង់ជាតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តកំពង់ស្ពឺ ។

លោកគាត រង្សី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺឱ្យដឹងតាមទូរស័ព្ទថា ការសិក្សាពិគ្រោះយោបល់ចំពោះគម្រោងដាក់បញ្ចូលភ្នំស្រង់ជាតំបន់ការពារធម្មជាតិនេះធ្វើឡើងដោយមានការជំរុញ និងយកចិត្តទុកដាក់ពីលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។ លោករដ្ឋមន្ត្រីជំរុញឱ្យសិក្សាតំបន់មួយចំនួនដើម្បីបង្កើតជាតំបន់ការពារធម្មជាតិ ក្នុងនោះតំបន់ភ្នំស្រង់នឹងក្លាយជាតំបន់ការពារធម្មជាតិថ្នាក់ខេត្ត ។ មានការលើកទឹកចិត្តឱ្យមានការចូលរួមការពារអភិរក្សជីវៈចម្រុះឱ្យល្អប្រសើរនៅតំបន់ភ្នំស្រង់ពីអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីរួមចំណែកលើកកម្ពស់កម្រិតជីវភាពសហគមន៍មូលដ្ឋានឱ្យកាន់តែប្រសើរឡើង ។

ចំណែកលោកម៉ា សាវ៉ាត អភិបាលស្រុកគងពិសីបានអបអរសាទរគម្រោងការពារតំបន់ភ្នំស្រង់ឱ្យក្លាយជាតំបន់ការពារធម្មជាតិ និងអភិរក្សជីវៈចម្រុះឱ្យកាន់តែមានភាពល្អប្រសើរក្នុងសហគមន៍មួយនេះ ។

ភ្នំស្រង់លាតសន្ធឹង៣ស្រុកគឺស្រុកគងពិសី ស្រុកបសេដ្ឋ និងស្រុកសំរោងទង និងមានកម្ពស់ប្រមាណ៨០០ម៉ែត្រ ៕

f6b1089c-78c9-4aaa-b200-1b2e42d35904 c9345f5e-c6f0-4f63-a238-7d2f1de51bb7 bde37b41-7b65-4131-ab15-857e322f483c

ចែករំលែក

បញ្ចេញយោបល់