ទស្សនៈ​មិត្ត​អ្នក​អាន​៖ ការចោទ​ប្រកាន់អំពី​​ការរឹត​ត្បិត​សិទ្ធិ​សេរីភាព​និងសិទ្ធិបញ្ចេញមតិត្រូវ​បាន​លាតត្រដាង!

ថ្ងៃព្រហស្បតិ៍ ទី ២៤ មិថុនា ២០២១​
36

ក្នុង​​គោល​បំណង​ដើម្បី​បំផ្លាញ​ភាព​សុខ​សាន្ត​របស់​ប្រជាជន​កម្ពុជា​ ជន​បរទេស​មួយក្តាប់​តូច​ដែល​​ជ្រក​​ក្រោម​ស្លាក​អង្គការ​សិទ្ធិ​មនុស្ស​​នៅ​តែ​ចិញ្ចឹម​ចិត្តបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ ​​មួល​បង្កាច់​​ស្ថាន​ភាព​ពិត​នៅ​កម្ពុជា ថាមានការរឹត​ត្បិត​សិទ្ធិ​សេរីភាព​ និងសិទ្ធិបញ្ចេញមតិ​។ រឿង​ពិត​នៃ​ការ​ចាប់​​ខ្លួន​ជនសង្ស័យជា​សមាជិកចលនាមាតាធម្មជាតិខុសច្បាប់ចំនួន​០៣​នាក់ ​នាពេល​ថ្មីៗនេះ​ គឺ​ពាក់ព័ន្ធ​​នឹង​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ និងបទ​រួម​គំនិត​ក្បត់ជាតិ ឃុប​ឃិត​ជាមួយជន​បរទេសទទួល​ផែន​ការ​ និង​ថវិកា​ដើម្បី​​ញុះញង់​ឲ្យយុវជន​មានការងើបបះបោរ​ប្រឆាំង ​ហើយ​ឈាន​ទៅ​ផ្ដួលរំលំ​រាជ​រដ្ឋា​ភិ​បាល​ស្រប​​ច្បាប់​ប៉ុណ្ណោះ​​​​។​

ភស្តុតាង​ដែល​រឹប​អូស​បាន​ដោយ​សមត្ថកិច្ច​ និង​ព័ត៌​មាន​ដែល​លេចធ្លាយ​ជា​​បន្ត​បន្ទាប់​​រួម​ទាំ​ង​ឯកសារ​ និងវីដេអូ បាន​បង្ហាញ​ថា​ក្រុមជនសង្ស័យ​ទាំង​នេះ​ មិនមែន​ជាអ្នក​ស្រឡាញ់​​បរិ​ស្ថាន​ និង​ធនធាន​ធម្មជាតិ​ពិត​ប្រាកដ​នោះ​ទេ​ តែ​ពួកគេ ​​បាន​​យក​​លេសរឿង​​​បរិស្ថាន ​និង​ធ​នធាន​​ធម្មជាតិ​មក​​ធ្វើ​ជាប្រធានបទ​​ដើម្បី​​ធ្វើ​សកម្មភាព​​ឈាន​ទៅ​​សម្រេច​​​​គោលដៅ​​នយោ​បា​យ​ដែល​ជន​បរទេស​​មួយក្តាប់​តូច​នោះ​​​​បាន​​កំណត់​គឺ​ការ​ធ្វើ​បដិវត្តន៍​ពណ៌ ​ដើម្បី​ឱ្យ​មាន​កា​រ​​ផ្លាស់​ប្តូរ​នៅ​កម្ពុជា​​ដោយ​មិន​ប្រើ​ផ្លូវ​ប្រជា​ធិ​ប​តេយ្យ​​។

ភស្តុតាង​ជាវីដេអូ​ ដែលរឹង​មាំ​បំផុត​គឺ​ជន​បរទេស​ឈ្មោះ អាឡិច​សិន​ដ្រូ​ ហ្គុង​ហ្សា​លេស​ ដេវីដ​សុន​​ ​ (Alexandro Gonzalez Davidson) សញ្ញាតិ​អេស្ប៉ាញ​ ដែល​ជាអ្នក​រៀប​ចំផែន​ការ​ និ​ង​លួច​ផ្តល់​ថវិកា​ឱ្យ​ធ្វើ​សកម្មភាព​ជាសំ​ងាត់​បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ជាមួយ​សកម្មជន​របស់​ខ្លួន​៣​នាក់​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២១ ដោយ​ក្នុង​កិច្ច​ប្រជុំ​នោះ​ពួក​គេ​បាន​ប្រើ​ពាក្យ​ពេជន៍​​ប្រមាថ​​យ៉ាង​ធ្ងន់​ធ្ងរ​មកលើ​អង្គ​ព្រះ​​មហា​​ក្ស​ត្រ​​ និង​ប្រមុខ​រាជ​រដ្ឋាភិបាល​។​

ក្រោយ​​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង​០​៣នាក់​ ក្រសួងមហាផ្ទៃ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌​មាន​​ស្តី​ពី​ការ​អនុវត្ត​ច្បាប់​ ចំពោះ​បណ្តាញ​សកម្មជន​ខុសច្បាប់​ជ្រក​ក្រោម​ស្លាក​នៃ​អង្គការ​មា​តាធម្មជាតិ​ ហើយ​​សកម្មជន​ទាំង​នោះ​ក៏បាន​សារភាពថាពួកគេ​ពិតជាបានធ្វើសកម្មភាព ជ្រកក្រោម​ស្លាកអង្គការ​មាតា​ធម្មជាតិ​ ចង់ឱ្យមានការបះបោរផ្តួលរំលំរាជរដ្ឋាភិបាលប្រាកដ​មែន​។ ក្រសួង​មហាផ្ទៃ​ក៏​បាន​បញ្ជាក់​ផង​​ដែរ​ថា​តាម​ពិត​អង្គការ​មាតាធម្មជាតិ​នេះ​ ត្រូវបានរំលាយ​អង្គការ​​របស់​ខ្លួន​ចេញ​ពី​អង្គការ​មិន​មែន​​រដ្ឋា​ភិ​បាល​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​ ឆ្នាំ​២០១៧ មកម្ល៉េះ ដោយ​ប្រធាន​អង្គការ​នេះ​ផ្ទាល់​រួច​ទៅហើយ​ ដូច្នេះ​ អង្គការ​មាតា​ធម្មជាតិ​ពុំ​មាន​អត្ថិភាព​ និង​លែង​មាន​នីតិសម្បទា​ផ្លូវ​ច្បាប់​​​ក្នុង​ការ​បំពេញ​ការ​​ងារ​​របស់​​ខ្លួន​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ទៀត​ឡើយ​។

ភស្តុតាង​ខាងលើ​​បញ្ជាក់​ច្បាស់​ថា​​ ការ​ចាប់​ខ្លួន​យុវជន​ទាំង​០៣នាក់​នោះ​មិន​ពាក់​ព័ន្ធ​ទាល់​តែ​​សោះ​ទៅ​​នឹង «​ការរឹត​ត្បិត​សិទ្ធិ​សេរីភាព​ និងសិទ្ធិបញ្ចេញមតិ» ដូច​អ្វី​ដែល​ក្រុម​សង្គម​ស៊ីវិល​ដែល​មាន​និន្នាការ​ប្រឆាំង​ និង​ជន​បរទេស​មួយ​ក្តាប់​តូច​​បាន​ និង​កំពុងចោទប្រកាន់​ និង​​ព្យាយាម​​គាំទ្រ​​ក្រុម​ជន​សង្ស័យ​ក្បត់ជាតិ​ទាំង​នេះ​​ក្នុងន័យ​ដើម្បី​​​​បំភ្លៃ​​​ការ​​​ពិ​ត​​អំពី​​​កម្ពុជា​នោះឡើយ​។​​​

នរណា ​ក៏បាន​ដឹង​ដែរ​ថា​នៅកម្ពុជា​មាន​ការអនុវត្ត​​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​សិទ្ធិសេរី​ភាព​ និង​សិទ្ធិ​​នៃ​ការ​បញ្ចេញ​មតិ​សម្រាប់​ពលរដ្ឋ​គ្រប់​រូប​ រហូត​ពេល​ខ្លះ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​នេះ​បាន​ហៀរ​ដល់​កែង​​ជើងដែល​ធ្វើ​ឱ្យ​ពួក​គេ​​​ហ៊ានបញ្ចេញមតិដោយមិនខ្លាចញញើតច្បាប់​សោះឡើ​​យ។​ បើ​កម្ពុជា​ពិត​ជា​មាន​ការ​​រឹត​​ត្បិត​​​សិទ្ធិ​​សេរី​ភាព​ និងសិទ្ធិបញ្ចេញមតិមែន​នោះ​ ហេតុអ្វី​ក៏​រាជ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​មាន​ការ​បង្កើត​សមាគម​ ​អង្គការ​សង្គម​ស៊ីវិល និង​បណ្តាញ​សារព័ត៌មាន​​យ៉ាង​ច្រើន​ស្អេក​​ស្កះដូច​សព្វ​ថ្ងៃ​បែប​នេះ​?​

ជាក់​ស្តែង​ នៅ​កម្ពុជា​មាន​សមាគម​ និង​អង្គការ​សង្គម​ស៊ីវិល​​​ជាង​៥ពាន់​។ បណ្តាញ​សារព័ត៌មាន​ទាំង​វិទ្យុ​ និង​ទូរទស្សន៍​រាប់​រយ​រួមទាំង​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គមផង ​(អ៊ិន​ធើ​ណេត​ ហ្វេសប៊ុក យូធូប​ ទ្វីធើ …..។ល។) រាប់​មិន​អស់​។ ដូច្នេះ​ អ្វី​ដែល​ជន​បរទេស​មួយ​ក្តាប់​ប់​តូច​ «បាន​ចោទ​ប្រកាន់កម្ពុជា​ថា​មាន​​​ការរឹត​ត្បិត​សិទ្ធិ​សេរីភាព​ និងសិទ្ធិបញ្ចេញមតិនោះ​ គឺ​គ្រាន់​តែ​ជា​​លេស​ ដើម្បី​ចង់​ប្រែក្លាយ​កម្ពុជា​ឱ្យ​មាន​សង្គ្រាម​ស៊ីវិល​វិនាស​ហិន​ហោច​ ដើម្បី​​ពួក​គេ​ងាយ​ស្រួល​គ្រប់​គ្រង​ត្រួត​ត្រា​ដូច​បទ​ពិសោធន៍ ដែល​បាន​កើត​មាន​នៅ​​ប្រទេស​មួយចំនួន​នៅ​មជ្ឈឹម​បូព៌ា​ដូច្នោះ​ដែរ​» ។​

ជារួម​ សច្ចៈធម៌​នៃ​ការ​អនុវត្តន៍​ច្បាប់​នៅ​កម្ពុជា ​មិន​ត្រូវ​បាន​ក្រុម​ជន​អគតិ​យក​ទៅ​បំភ្លៃ​ក្នុង​ការ​ចង​ក្រង​​គ្នា​ជា​បណ្តាញ​ដើម្បី​រួម​កម្លាំង​គ្នា​វាយ​ប្រហារ​មក​លើ​រាជ​រដ្ឋាភិបាល​បាន​ឡើយ​។​ ជាក្រឹត្យ​ក្រម​នៅក្នុង​សង្គម​ ប្រទេសគឺ​ត្រូវ​តែ​​មាន​ច្បាប់​ គ្រួសារ​​ក៏ត្រូវ​តែ​មាន​វិន័យ​ យ៉ាង​ណាមិញ​ ជន​ដែល​បាន​ប្រព្រឹត្តិ​ខុស​ច្បាប់​គឺ​ត្រូវ​ទទួល​ការ​កាត់​ទោស​ពី​ច្បាប់​ជាដាច់​ខាត​ ហើយ «​ការ​អនុវត្ត​ច្បាប់​មិន​មែន​ជា​ការ​រឹត​ត្បិត​​សិទ្ធិ​សេរីភាព​ និងសិទ្ធិបញ្ចេញមតិ»នោះឡើយ​៕

ដោយ​៖ ពង្ស​ សុក្រឹត្យ​

 

ចែករំលែក

បញ្ចេញយោបល់